ពីនេះ ពីនោះ
ដើម្បី​ចិញ្ចឹម​ជ្រូក​បាន​ផល​ខ្ពស់ កសិករ​គួរ​យល់ដឹង​ពី​បច្ចេកទេស ៥​យ៉ាង​
21, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​ការចិញ្ចឹម​ជ្រូក​ទទួលបាន​ទិន្នផល​ល្អ កសិករ​គួរ​ដឹង​ពី​វិធីសាស្ត្រ ៥​យ៉ាង ដូចជា ការរៀបចំ​ទីតាំង ឬ​ការសាងសង់​ទ្រុង​នៅលើ​ដី​ទួល​, ការជ្រើសរើស​ពូជ​ល្អ​មក​ចិញ្ចឹម​, ការផ្ដល់​ចំណី​ចម្រុះ​មាន​លាយ​បន្លែ​បៃតង​, ការថែទាំ​ដោយ​បំបែក​កូន​ចេញពី​មេ ចាក់​វ៉ាក់សាំង​កូនជ្រូក រួមទាំង​ការលាង​សម្អាត​ជ្រូក និង​ទ្រុង​១​ថ្ងៃ ៣-៤​ដង​។​

 
​ដើម្បី​ចិញ្ចឹម​ជ្រូក​ឲ្យ​ទទួលបាន​ទិន្នផល​ល្អ​នោះ ជាដំបូង កសិករ​គួរ​ជ្រើសរើស​ទីតាំង​សម្រាប់​សង់​ទ្រុង​ជ្រូក​ជាមុនសិន ដោយ​ទ្រុង​របស់​វា ត្រូវ​សង់​នៅលើ​ដី​ទួល​មិន​លិច​ទឹក​នៅ​រដូវវស្សា​។ ទីតាំង​ទ្រុង​ជ្រូក ក៏ត្រូវ​មាន​ខ្យល់​អាច​ចេញចូល និង​មាន​ពន្លឺ​គ្រប់គ្រាន់​ដែរ​។ ម្យ៉ាងទៀត កសិករ​គួរ​សង់​ទ្រុង​ជ្រូក ដែល​ដំបូល​មាន​ប្រក់​ស័ង្កសី និង​រៀប​ឥដ្ឋ​ចាក់សាប​រាង​ទេរ​នៅ​បាត​ទ្រុង សម្រាប់​បាញ់​ទឹក​បង្ហូរ​លាមក​របស់​វា​។ 
 
​កសិករ​ក៏ត្រូវ​ជ្រើសរើស​ពូជ​ជ្រូក​សាច់ មិនសូវមាន​រោម ត្រគាក​សាយ​ល្អ ឆ្អឹង​ធំៗ និង​ជើងល្អ​។ ក្នុងការ​ជ្រើសរើស​នេះ ជ្រូក​ត្រូវមាន​ដោះ​ត្រង់​ជួរ ១២ ទៅ​១៤ គូរ ហើយ​ចុង​ដោះ​វែង និង​ធំ ខ្នង​រាង​កោង ស្មា​ទូលាយ ដែល​ពូកែ​បំបៅកូន និង​ថែរក្សា​កូន​បានល្អ​។​


 
​ការផ្ដល់​ចំណី ក៏​ជា​ចំណុច​ចាំបាច់ ដែល​កសិករ​គួរតែ​យល់ដឹង​ដែរ ដើម្បី​ជំរុញ​ល្បឿន​ធំធាត់​របស់​ជ្រូក​។ សម្រាប់​ជ្រូក​ចិញ្ចឹម​យក​សាច់ កសិករ​គួរ​ទិញ​ចំណី​ផ្សារ មក​លាយ​ជាមួយ​កន្ទក់ និង​បន្លែ​បៃតង ឲ្យ​ជ្រូក​ស៊ី​មួយថ្ងៃ ៣​ដង​។ ចំពោះ​ជ្រូក​មេ​វិញ គួរ​ដាក់​ចំណី​ពី​ផ្សារ លាយ​ជាមួយ​បាយ កន្ទក់ ដើម​ចេក និង​បន្លែ​បៃតង ឲ្យ​ស៊ី​មួយថ្ងៃ​៣​ដង​។​
 
​កសិករ ក៏ត្រូវ​យកចិត្តទុកដាក់ ចំពោះ​ការថែទាំ​ជ្រូក​ផងដែរ​។ កូនជ្រូក​, ជ្រូក​សាច់ និង​ជ្រូក មាន​របៀប​ថែទាំ​ខុសៗ​គ្នា​។ ចំពោះ​កូនជ្រូក ក្រោយ​វា​កើត​បាន​ត្រឹម​៣​ថ្ងៃ ត្រូវយក​វា​ចាក់​ថ្នាំ​ជាតិ​ដែក និង​កាត់​កន្ទុយ​ដើម្បី​ឲ្យ​មាន​ត្រគាក​ល្អ មាន​សាច់​ច្រើន ព្រមទាំង​កាត់​ធ្មេញ​កុំ​ឲ្យ​ខាំ​ដោះ​មេ​។ បន្ទាប់ពី​កូនជ្រូក​មាន​អាយុ​មួយ​សប្ដាហ៍ ត្រូវដាក់​ថ្នាំ​ជាតិ​ដែក និង​២០​ថ្ងៃក្រោយ​ត្រូវ​ចាក់​វ៉ាក់សាំង​បំបាត់រោគ​។ ពេល​ជ្រូក​បាន​១​ខែ ៥​ថ្ងៃ កសិករ ត្រូវ​ចាក់​វ៉ាក់សាំង​ប៉េ​ស សារ​ទឹកអូ​ស៊ី​ស្គី ហើយក៏​ត្រូវដាក់​ថ្នាំ​ទម្លាក់​ព្រូន ថ្នាំ​អង្គែ និង​គ្រៀវ ដើម្បី​ឲ្យ​ជ្រូក​ធំ​លឿន​។ កសិករ ក៏ត្រូវ​លាង​សម្អាត​ជ្រូក​១​ថ្ងៃ ១​ដង និង​សម្អាត​ទ្រុង​១​ថ្ងៃ ២​ដង​ផងដែរ នៅពេល​អាកាសធាតុ​ក្ដៅ​។ 
 
​ក្នុងការ​ថែទាំ​ជ្រូក​សាច់​វិញ កសិករ​ត្រូវ​លាង​សម្អាត​ទ្រុង ៣​ដង ក្នុង​មួយថ្ងៃ​។ ចំពោះ​ជ្រូក​មេ ក្រោយពី​កើតកូន​រួច ត្រូវ​បំបែក​ចេញពី​កូន ហើយ​ក្រោយពេល​បំបែក​ចេញពី​កូន​ម្ដងៗ ត្រូវ​ចាក់​ថ្នាំ​អង្គែ និង​ព្រូន​។ កសិករ​ត្រូវការពារ ជ្រូក​ឲ្យ​បានល្អ និង​សម្រាប់​ការព្យាបាល​តាមដាន​ស្ថានភាព​ជំងឺ ហើយ​ត្រូវ​ចាក់​ថ្នាំ​គឺ​នៅពេល​ព្រឹក ឬ​ល្ងាច​ប៉ុណ្ណោះ​៕


(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 កសិកម្ម​
  ចិញ្ចឹមសត្វ​
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com