អត្ថបទពាណិជ្ជកម្ម
អ្នកជំងឺ​ទឹកនោមផ្អែម​ជិត ៣០០ នាក់ ចូលរួម​អបអរ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ក្រោម​ប្រធានបទ​«​ការពារ​គ្រួសារ​របស់​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​»
20, Nov 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ការពារ​គ្រួសារ​របស់​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​» ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង ពី​ផលប៉ះពាល់​នៃ​ជំងឺ​ទឹកនោមផ្អែម ទៅលើ​ក្រុមគ្រួសារ និង​ការគាំទ្រ​អ្នកជំងឺ​ទឹកនោមផ្អែម តាមរយៈបណ្តា​ញ​ត្រឹមត្រូវ ការយល់ដឹង​ពី​ការគ្រប់គ្រង ថែទាំ បង្ការ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ពី​សំណាក់​អ្នកជំនាញ ជូន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម ប្រមាណ​ជិត​៣០០​នាក់​។ ទិវា​នេះ ត្រូវបាន​រៀបចំឡើង​ថ្ងៃទី​១៧ វិ​ច្ឆ​កា ២០១៩ នៅ​អា​ប៉ូ​ឡូ​ផ្លា​ស្សា ខេត្តសៀមរាប​។​
 
​ក្នុង​ទិវា​នេះ​ក៏មាន​ការ​ដង្ហែ​ក្បួន កាន់​បដា​រំលេច​ខ្លឹមសារ​អប់រំ ពី​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ ទិវា​នេះ រៀបចំឡើង​ដោយ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា សាខា​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​គាំទ្រ ដោយ​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កា​បូដ ឡា​បូ​សាណូ​ហ្វី រួមជាមួយ​ដៃគូ​សហការ​ជាច្រើន​ទៀត​។ 
 
​លោក​សាស្ត្រាចារ្យ កើ​ក​គី លឹម ប្រធាន​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​សាខា​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា គ្រួសារ​ពិតជា​ដើរតួនាទី​យ៉ាងសំខាន់ និង​ចាំបាច់ ជួយ​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម ធ្វើយ៉ាងណា​ការពារ​ក្នុង​ក្របខណ្ឌ​គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​


 
​លោក​សាស្ត្រាចារ្យ​បាន​ពន្យល់ថា ជំងឺ​ទឹកនោមផ្អែម​មាន ៣​ប្រភេទ ដោយ​ប្រភេទ​ទី​១ ច្រើន​កើត​លើ​ក្មេង និង​វ័យ​ជំ​ទង ដោយ​អ្នកជំងឺ​ផលិត​អាំ​ស៊ុយ​លីន​បាន​តិច​បំផុត ឬក៏​គ្មាន​តែម្តង​។ សម្រាប់​ប្រភេទ​ទី​២ ច្រើន​កើតមាន​លើ​មនុស្សពេញវ័យ ហើយ​អ្នកជំងឺ​ប្រមាណ​៩០% ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ​។ អ្នកជំងឺ​ប្រភេទ​ទី​២​នេះ មិនអាច​ប្រើប្រាស់​បានល្អ នូវ​អាំង​ស៊ុយ​លីន​ដែល​បញ្ចេញ​នោះទេ​។ ការគ្រប់គ្រង​ព្យាបាល​ជំងឺ​ប្រភេទ​នេះ ត្រូវមាន​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ បង្កើន​សកម្មភាព​ខ្លួនប្រាណ និង​របប​អាហារ​ប្រកបដោយ​សុខភាព​ល្អ​។ ដោយឡែក​ជំងឺ​ទឹកនោមផ្អែម​នៅពេល​មាន​គ៌​ត គឺ​កម្រិត​ស្ករ​ក្នុង​ឈាម​កើនឡើង ក្នុងអំឡុងពេល​មាន​គ៌​ក និង​អាច​បង្ក​ផលវិបាក​ដល់​ម្តាយ និង​កូន​។ ជំងឺ​ប្រភេទ​នេះ ក៏​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាល ក៏ប៉ុន្តែ​ម្តាយ ឬ​កូន អាច​ប្រឈម​ហានិភ័យ​នៃ​ការកើតមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ នៅពេល​ក្រោយ​។​
 
​លោក​សាស្ត្រាចារ្យ សេង សិរី ចូលរួម​ជា​វាគ្មិន​នៃ​កម្មវិធី​នេះ ក៏បាន​លើកឡើង​ពី​ផលវិបាក​នានា​ដែល​អាច​កើតមានឡើង ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ លោក​សាស្ត្រាចារ្យ សេង សិរី លើកឡើង​ដូច្នេះ​៖«​អ្នកជំងឺ អាច​ប្រឈម​ការ​ដាច់​សរសៃឈាម ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​ដែល​អាចធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ពិការភាព ដោយសារ​ការស្លាប់​មួយ​ចំហៀង​ខ្លួន ស្ទះ​សរសៃឈាម​បេះដូង ដែល​បង្ក​ឲ្យ​គាំងបេះដូង ខូច​តម្រងនោម បាត់បង់​អវៈយវៈ និង​ឆាប់​ស្លាប់​ជាដើម​»​។ 


 
​ទោះបីជា​យ៉ាងណា លោក​សាស្ត្រាចារ្យ​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ថា​៖«​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម មិនគួរ​អស់សង្ឃឹម​នោះឡើយ​។ ទោះបី​យើង​ដឹងថា ជំងឺ​ទឹកនោមផ្អែម​ព្យាបាល​មិនជា​មែនពិត ប៉ុន្តែ​តាមរយៈ​ការព្យាបាល តាមដាន តាម​ក្បួនខ្នាត​របស់​គ្រូពេទ្យ អ្នកជំងឺ​អាច​រស់នៅ និង​ធ្វើ​ការងារ ដោយ​មិនមាន​ពិការភាព ឬ​គ្រោះថ្នាក់​អ្វី​ឡើយ​។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​មិនគួរ​មានការ​ភ័យខ្លាច​ពេក​នោះទេ ដោយ​យើង​ឃើញថា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ទាំង​នៅលើ​ពិភពលោក និង​នៅ​ប្រទេស​កម្ពុជា អ្នកខ្លះ​អាច​រស់​នៅបាន​លើស​អាយុ ៧០​ឆ្នាំ ៦០​ឆ្នាំ និង​អាច​ប្រកបការងារ​បាន​ធម្មតា សំខាន់​គឺ​ការតាមដាន និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​»​។ 
 
​តាម​ការគូសបញ្ជាក់​ពី​អ្នកជំនាញ រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម មានដូចជា ឆាប់​ឃ្លាន ឆាប់​ស្រេកទឹក ស្រក​ទម្ងន់ នោម​ញឹក អស់កម្លាំង​ខ្លាំង​ជាដើម​។ រោគសញ្ញា​ដែល​អាច​ជួប​ចំពោះ​មនុស្ស​ប្រុស គឺ​ការថយចុះ​ចំណង់​ផ្លូវភេទ ខ្សោយ​ផ្លូវភេទ និង​សាច់ដុំ​ចុះខ្សោយ​។ ដោយឡែក​រោគសញ្ញា​ចំពោះ​ស្ត្រី​វិញ គឺ​ការ​ចម្លងរោគ​ផ្លូវ​តម្រងនោម ការចម្លង​រោគ​ដោយ​មេរោគ​ផ្សិត និង​ស្បែក​ស្ងួត និង​រមាស់​។​


 
​តាម​ការសិក្សា​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧ មនុស្សពេញវ័យ​ប្រមាណ ៤២៥ លាន​នាក់ (​អាយុ​២០​ដល់​៧៩​ឆ្នាំ​) កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម ខណៈ​តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើត​ឡើងដល់ ៦២៩ លាន​នាក់ នៅត្រឹម​ឆ្នាំ​២០៤៥​។ មានតែ​ពាក់កណ្តាល​ប៉ុ​ណ្នោះ នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ដឹងថា​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម​។ 
 
​លោក Jim Mendoza តំណាង​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ ដែលជា​ដៃគូ​សហការ របស់​សាណូ​ហ្វី ជាង​២០​ឆ្នាំ​មកហើយ បាន​មានប្រសាសន៍ថា ការចូលរួមចំណែក​ជាមួយ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា សាខា​ខេត្តសៀមរាប ក្នុង​ទិវា​នេះ ជា​ទំ​នួ​ស​ខុសត្រូវ​សង្គម​មួយ ដើម្បី​លើកកម្ពស់​ការយល់ដឹង ជូន​ដល់​ប្រជាជន​កម្ពុជា​។ 
 
​លោកស្រី ញាណ ហេ​មា អនុប្រធាន​ការិយាល័យ​បច្ចេកទេស និង​ជា​តំណាង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​សាទរ​ចំពោះ​ទិវា​នេះ និង​បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​សាខា​ខេត្តសៀមរាប និង​ដៃគូ​សហការ ដែល​តែងតែ​យកចិត្តទុកដាក់​ចូលរួម​ចំណែក​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ពី​ជំងឺ​ទឹកនោមផ្អែម​ជូន​ដល់​អ្នកជំងឺ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​។ ហើយ​នេះ​ក៏​ជាការ​បង្ហាញថា ខេត្តសៀមរាប ក៏មាន​ប្រារព្ធ​ទិវា​នេះ​ឡើង​ផងដែរ​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com