ភ្នំពេញ៖ កម្ពុជា នឹងជួយបញ្ចូលប្រទេសបង់ក្លាដែស ទៅក្នុងក្របខណ្ឌមេគង្គ-គង្គារ ដើម្បីផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស នាវិមានសន្តិភាព នៅថ្ងៃទី២០ វិច្ឆិកានេះ ។
ក្នុងជំនួបពិភាក្សាគ្នានេះ សម្ដេច ហ៊ុន សែន បានរម្លឹកពីកិច្ចការងារ និងកិច្ចព្រមព្រៀងមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខារួមគ្នា កាលពីអំឡុងឆ្នាំ២០១៤ និងឆ្នាំ២០១៧។
កិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានចុះហត្ថលេខាចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្នងដំណើរទស្សនកិច្ចរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មកកម្ពុជា នោះមានកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពរហូតដល់ឆ្នាំ២០៣០, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យទេសចរណ៍, វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, វិស័យវារីប្បកម្ម និងនេសាទ, វិស័យស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្របង់ក្លាដែសជាដើម។
រម្លឹកពីកិច្ចព្រមព្រៀងនេះហើយ សម្ដេច ហ៊ុន សែន ក៏សន្យាជួយបញ្ចូលបង់ក្លាដែស ទៅក្នុងក្របខណ្ឌមេគង្គ-គង្គារផងដែរ ដើម្បីផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។
«ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ សម្ដេចកំពុងធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គារនេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស។ ដូច្នេះ(បង់ក្លាដែស)ត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេសដែលជាសមាជិកនៃគណកម្មការនេះសិន។ ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
កិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ (Mekong-Ganga Cooperation) នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដោយមានប្រទេសក្នុងតំបន់ចំនួន៦ ជាសមាជិក ក្នុងនោះរួមមានកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌា។ គោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារនេះឡើង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ការដឹកជញ្ជូន និងការទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាងប្រជាជន និងប្រជាជន ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ និងទន្លេគង្គារ។
បច្ចុប្បន្ននេះ មានយន្តការកិច្ចសហប្រតិបត្តិការផ្សេងគ្នាជាច្រើនក្នុងតំបន់មេគង្គត្រូវបានបង្កើតឡើង ក្នុងគោលដៅកសាងទំនាក់ទំនងគ្នា ក្នុងនោះមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, គំនិតផ្តួចផ្តើមមេគង្គក្រោមរបស់អាមេរិក (LMI), មេគង្គ-គង្គាររបស់ឥណ្ឌា (MGC), មេគង្គ ឡានឆាងផ្តួចផ្តើមដោយចិន (LMC), គណៈកម្មការទន្លេមេគង្គ (MRC) និងគំនិតផ្តួចផ្តើមដ៏ទៃទៀតដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉ាវ៉ាឌី ចៅប្រាយ៉ា ទន្លេមេគង្គ (ACMECS) ជាដើម៕