ជាតិ
អាជ្ញាធរ ផ្អាកការសាងសង់អាគារ៤២ជាន់ ក្រោយដែកធ្លាក់លើរថយន្តតាមផ្លូវ
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកការដ្ឋានសាងសង់អគារ៤២ជាន់ (Gold Tower42) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១៩នេះ តទៅ។ នេះបើតាម លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ចំណាត់ការនេះ គឺធ្វើឡើងបន្ទាប់ពីមានដែកធា្លក់ពីសំណង់អាគារ៤២ជាន់ មកលើរថយន្តមួយគ្រឿង តាមបណ្តោយផ្លូវព្រះមុនីវង្ស នារសៀសថ្ងៃទី២០ វិច្ឆិកានេះ។
ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោក ម៉េត មាស ភក្តី បាននិយាយថា ការសម្រេចផ្អាកការសាងសង់អាគារ៤២ជាន់ភ្លាមៗនេះ គឺដោយសារតែសំណង់នេះ តែងតែបង្កភាពព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ នៅរាជធានីភ្នំពេញ។ បើតាមអ្នកនាំពាក្យរូបនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែណែនាំដល់ការដ្ឋានសាងសង់អាគារមួយនេះ ដើម្បីបង្ការគ្រោះថ្នាក់ ឬហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។
កាលពីចុងខែកក្កដា ឆ្នាំ២០១៩ ក៏មានសរសៃដែកមួយបានធា្លក់ពីលើអាគារ៤២ជាន់នេះ លើរថយន្ត ដែលកំពុងធ្វើដំណើរលើផ្លូវព្រះសីហនុ ដែលបានបង្កភាពព្រួយបារម្ភជាខ្លាំងដល់ពលរដ្ឋធ្វើដំណើរតាមដងវិថីនេះ។
សូមរម្លឹកផងដែរថា សំណង់អាគារ៤២ជាន់ មានទីតាំងស្ថិតនៅប្រសព្វផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សំណង់នេះ បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីអាគារនេះបានផ្អាកដំណើរការសាងសង់ជាច្រើនលើកមកហើយ។ អគារនេះ ចាប់ផ្តើមសាងសង់លើកដំបូងនៅក្នុងឆ្នាំ២០០៨៕
Tag:
អាគារ៤២ជាន់
អាជ្ញាធរ
ផ្លូវព្រះមុនីរង្ស
© រក្សាសិទ្ធិដោយ thmeythmey.com