ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពិបាក​គេង​លក់ កុំ​រំលង​អាហារ​ទាំងនេះ​
21, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ​? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស រួមទាំង​អាហារ​ភេសជ្ជៈ​ផ្សេងទៀត​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏ដូចជា​មាន​ផ្ទុក​ជាតិ​អាស៊ីត អាហារ​ហឹរ​ដែល​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ជាពិសេស​កំឡុងពេល​ល្ងាច ឬ​មុនពេល​ចូល​គេង​។ ទោះជា​យ៉ាងណា ក៏​នៅមាន​អាហារ​មួយចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​ប្រសិនបើ​អ្នក​ចង់​គេង​លក់បាន​ស្រួល​រាល់​យប់​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ចៀស​ផុតពី​បញ្ហា​ពិបាក​គេង​លក់ ឬ​ជំងឺ​គេង​មិន​លក់ ៖
 
១. ផ្លែ​បឺ​រ​

​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ហើយ​នោះ ផ្លែ​បឺ​រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​វីតាមីន B ដែល​ជួយ​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍​ជួយ​ឱ្យ​ឆាប់​គេង​លក់​ផងដែរ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ផលវិបាក​នៃ​ការ​ថប់​អារម្មណ៍ គឺ​គេង​មិន​លក់​។​
 
២. ដំឡូង​ផ្អែម
 
​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ដំឡូង​ផ្អែម​ល្អ​សម្រាប់​អ្នក​គេង​មិន​លក់​? នោះ​ក៏​តែ​ព្រោះ​ដំឡូង​ផ្អែម​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​មិន​ត្រឹមតែ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រួល​ដល់​សាច់ដុំ​ធ្វើឱ្យ​គេង​ឆាប់​លក់​ទៀតផង​។ សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ស្មុគស្មាញ​ក្នុង​ដំឡូង​ផ្អែម​ក៏មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ឆាប់​គេង​លក់​ផងដែរ​។​
 
៣. គ្រាប់​ធញ្ញជាតិ​

​គ្រាប់​ធញ្ញជាតិ មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ដល់​ការគ្រប់គ្រង​អារម្មណ៍​ប្រសើរ​សម្រាប់​អ្នក​ឧស្សាហ៍​គេង​មិន​លក់​។ លើសពីនេះទៅទៀត គ្រាប់​ធញ្ញជាតិ ជា​ប្រភព​នៃ​សារធាតុ​មេ​ឡា​តូ​នី​ន ជួយ​ជំរុញ​ការ​គេង​លក់​។​
 
៤. ទទឹម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​សម្រួល​សាច់ដុំ បង្កើន​អារម្មណ៍​ល្អប្រសើរ និង​ជំរុញ​ការផលិត​សារធាតុ GABA ក្នុង​ខួរក្បាល​ជួយ​ឱ្យ​គេង​លក់​ស្រួល​ឆាប់រហ័ស​។​
 
៥. ផ្លែ​ចេក​

​ការទទួល​ទាន​ផ្លែ​ចេក​ជាប្រចាំ​មិន​ត្រឹមតែ​ជួយ​ឱ្យ​គេង​លក់បាន​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​សម្រួល​សាច់ដុំ​ធ្វើឱ្យ​ឆាប់​គេង​លក់​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍ និង​រាងកាយ​ល្អ​ណាស់​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្ត្រេ​ស និង​ថប់​អារម្មណ៍​។​
 
៦. ផ្លែ​គី​វី​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytochemicals ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ឆាប់​គេង​លក់ ហើយ​គេង​លក់បាន​ស្កប់​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com