ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ត្រូវ​ព្យាយាម​កែប្រែ​ទម្លាប់ ទើប​ទឹកដោះ​គោខ្មែរ មាន​អ្នកទិញ​
21, Nov 2019 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
«​ទឹកដោះគោ ១​ថ្ងៃ​ផលិត​ដល់​ទៅ​៨០០​លីត្រ ប៉ុន្តែ​អត់​មាន​អ្នកទិញ​»​។ បើតាម​សម្តេច ហ៊ុន សែន នេះ​ជា​បញ្ហា​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ត្រូវ​គិតគូរ ជាពិសេស​ការព្យាយាម​កែប្រែ​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​។ ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​យ៉ាង​ដូច្នេះ នា​ពិធី​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា​។​

 
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ការស្រាវជ្រាវ និង​ការផ្សារភ្ជាប់​គ្នា​ដើម្បី​អនុវត្ត ត្រូវ​ស្ថិតនៅ​ជាមួយគ្នា មិនអាច​ដាច់ដោយឡែក​ពីគ្នា​នោះឡើយ​។ ក្រៅពី​ករណី​ទឹកដោះគោ​ដែល​ផលិត​ដោយ​រាជបណ្ឌិត្យសភា​នៅ​ឧទ្យាន​តេ​ជោ​សែន ឫស្សី​ត្រឹប ខេត្តព្រះវិហារ សម្តេច​បាន​រំលឹក​ក្រុម​អ្នកស្រាវជ្រាវ​ថា ពួកគេ​គប្បី​ត្រូវ​ព្យាយាម​កែប្រែ​ទម្លាប់​របស់​អ្នកប្រើប្រាស់ ដូចជា​ម៉ូ​ដែល​រថយន្ត​ជាដើម​។​
 
​សម្តេច​បាន​លើក​ឧទាហរណ៍​ពី​រ ទាក់ទង​លោក តាំង សារឹម អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​បាន​នាំយក​វិទ្យុ ទូរទស្សន៍ ពី​អតីត​សហភាពសូវៀត មក​លក់​នៅ​ខ្មែរ ប៉ុន្តែ​លក់​មិន​ដាច់​។  សម្តេច​បាន​ប្រៀបធៀប​ថា ពិតជា​ពិបាក​កែប្រែ​ទម្លាប់​ខ្លាំងណាស់ ដូចជា​ការចូល​ចិត្ត​ប្រើតែ​នាឡិកា​ស្វី​ស ថ្នាំពេទ្យ​បារាំង និង​វិទ្យុ ទូរទស្សន៍​ជាដើម​។ 
 
​ការកែប្រែ​ទម្លាប់​នេះ ទាមទារ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាជន​។ សម្តេច​បាន​លើកឡើងថា បច្ចុប្បន្ន គ្រប់​ស្ថាប័ន​ទាំងអស់​មាន​ផ្នែក​ស្រាវជ្រាវ ក្នុងនោះ​មាន​ផ្នែក​ស្រាវជ្រាវ​ថ្នាក់ជាតិ ពោលគឺ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិជាដើម​។​
 
​សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្តេច​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ស្រាវជ្រាវ។ កន្លងមក ក្រៅពី​តំណែង​នាយករដ្ឋមន្ត្រី សម្តេច​ក៏​ដើរតួនាទី​ជា​ជំនួយការ ​ក្នុងការ​ស្រាវជ្រាវ​សម្រាប់​សម្តេច ហេង សំរិន និង​សម្តេច ជា ស៊ីម ផងដែរ​៕
 

Tag:
 ​ស្រាវជ្រាវ​
  ទឹកដោះគោ
© រក្សាសិទ្ធិដោយ thmeythmey.com