ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទ​សម្ភាស VOA៖ អ្នកជំនាញ​បារម្ភ​ពី​ឥទ្ធិពល​អាក្រក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​
21, Nov 2019 , 7:59 pm        
រូបភាព
លោក​បណ្ឌិត ជេម ហ្កោម៉េ  (James Gomez) ​នាយក​ប្រចាំ​តំបន់អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ (Asia Centre) ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោត​លើ​​ចរិត​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​និង​វិធីទប់​ស្កាត់​។
លោក​បណ្ឌិត ជេម ហ្កោម៉េ (James Gomez) ​នាយក​ប្រចាំ​តំបន់អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ (Asia Centre) ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោត​លើ​​ចរិត​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​និង​វិធីទប់​ស្កាត់​។
ដោយ: VOA
​វ៉ាស៊ីនតោន —​កំណត់​និពន្ធ​៖ ព័ត៌មាន​ក្លែងក្លាយ​កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដែល​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ អ្នកជំនាញ​មើលឃើញថា​ព័ត៌មាន​ក្លែងក្លាយ​ផ្តល់​ផល​អវិជ្ជមាន​ដែល​អាចឈាន​ទៅដល់​ការ​សំអប់​គ្នា​ហើយ​ត្រូវបាន​អ្នកនយោបាយ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​គូបដិបក្ខ​យ៉ាងសកម្ម​។ តើ​ក្នុងចំណោម​អ្នកនយោបាយ​នៃ​គណបក្សកាន់អំណាច អ្នកនយោបាយ​បក្សប្រឆាំង​និង​អ្នក​ឯករាជ្យ មជ្ឈដ្ឋាន​មួយណា​ជា​ប្រភព​នៃ​ព័ត៌មាន​ក្លែងក្លាយ​ច្រើនជាងគេ​? លោក​ម៉ែន គឹម​សេង​នៃ VOA បាន​សម្ភាស​លោក​បណ្ឌិត ជេ​ម ហ្កោ​ម៉េ (James Gomez) នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី (Asia Centre) ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោតលើ​ចរិត​នៃ​ព័ត៌មាន​ក្លែងក្លាយ​និង​វិធី​ទប់ស្កាត់​។​



 
VOA៖ អរុណសួស្តី​លោក James!
 
James Gomez៖ អរុណសួស្តី​!
 
VOA៖ រីករាយ​ណាស់​ដែល​បាន​ជួប​លោក​ជាថ្មី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​!
 
James Gomez៖ សូម​អរគុណ​ដែល​អញ្ជើញ​ខ្ញុំ​មក​ទីនេះ​។​
 
VOA៖ លោក​មក​ទីនេះ​ដើម្បី​ថ្លែង​ពី​ផល​អាក្រក់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ ពាក្យ​ថា​«​ព័ត៌មាន​ក្លែង​ក្លា​យ‍​»​ត្រូវបាន​គេ​ប្រើ​ច្រើន​ក្នុង​រយៈពេល​ថ្មី​នេះ ជាពិសេស​ក្រោយពី​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦​ហើយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក៏បាន​ប្រើប្រាស់​ជាច្រើន​។ ចុះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​តើ​និន្នាការ​យ៉ាងម៉េច​ដែរ ហើយ​តើ​ត្រូវ​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដូចម្តេច​ដែរ​?
 
James Gomez៖ ពិតជា​ត្រឹមត្រូវ​ហើយ​ការយល់ដឹង​ពី​ពាក្យ​«​ព័ត៌មាន​ក្លែង​ក្លា​យ‍​»​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទើបតែ​មាននៅ​ឆ្នាំ​២០១៦​ទេ​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​និង​ពេល​ប្រទេស​អង់គ្លេស​គ្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​មូលដ្ឋានគ្រឹះ​នៃ​ការខុស​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ីអាគ្នេយ៍​គឺ​លោក​ត្រាំ ប្រើពាក្យ​«​ព័ត៌មាន​ក្លែង​ក្លា​យ‍​»​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​សារព័ត៌មាន​ដែល​ផ្ទៀងផ្ទាត់​ការពិត​។ ប៉ុន្តែ​នៅ​អាស៊ីអាគ្នេយ៍​វិញ របប​ដឹកនាំ​ឯក​បក្ស ផ្តាច់ការ ឬ​យោធានិយម ប្រើប្រាស់​វា​ដើម្បី​បំផ្លាញ​អ្នក​ដែល​ហ៊ាន​រិះគន់ ពីព្រោះ​រដ្ឋាភិបាល​គ្រប់គ្រង​សារព័ត៌មាន​ធំៗ​ជាច្រើន ដូច្នេះ​ទស្សនៈ​ណា​ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​ហើយ​ចេញ​មកពី​សារព័ត៌មាន​ផ្សេង ពី​អង្គការ​សង្គម​ស៊ីវិល ឬ​ពី​អ្នកនយោបាយ​បក្សប្រឆាំង ត្រូវបាន​រដ្ឋាភិបាល​ហៅថា​«​ព័ត៌មាន​ក្លែង​ក្លា​យ‍​»​។​
 
​បើ​និយាយ​ពី​និយមន័យ​វិញ​គឺមាន​ពីរ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​៖
 
​ទីមួយ​គឺ «​ព័ត៌មាន​ក្លែងក្លាយ​ប្រចាំ​ថ្ង‍ៃ​»​។ ឧទាហរណ៍​ដូចជា​នៅ​រាជធានី​ភ្នំពេញ គឺ​មនុស្ស​ស្ទើរ គ្រប់គ្នា​ធុញទ្រាន់​នឹង​ការស្ទះ​ចរាចរណ៍ ដោយសារតែ​ពួកគេ​មិនដឹងថា​ត្រូវ​ទៅណា​។ ប៉ុន្តែ​មាន​ពិត​ឬ​មិន​ពិត​មិនអាច​កំណត់​បាន​ព្រោះ​ពេលដែល​ជាប់​ស្ទះផ្លូវ​គឺ​អ្នកធ្វើដំណើរ​ធុញទ្រាន់​។​
 
​មួយទៀត​គឺ «​ព័ត៌មាន​ក្លែងក្លាយ​ន​យោ​បា​យ‍​»​។ បើទោះបីជា​លោក​និយាយ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ឬ​កម្ពុជា​ក៏ដោយ​គឺ​ទំហំ​ព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន​។ រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​តែងតែ​និយាយ​ពី​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ ប៉ុន្តែ​ការពិត​គឺ​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច​ហ្នុ​ង​ឯង​ជា​អ្នកបង្កើត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ រឿងនេះ​បាន​ក្លាយជា​បញ្ហា​មួយ ដោយសារតែ​រដ្ឋាភិបាល​ខ្លះ​តាក់តែង​ច្បាប់​ដើម្បី​គ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​។ ឧទាហរណ៍​៖ ប្រទេស​ម៉ាឡេស៊ី​មានច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ សឹង្ហ​បុរី​ក៏មាន​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​តាម​អ៊ីនធឺណិត​។ នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​កម្ពុជា​ក៏​គំរាម​ប្រើ​វិធានការ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែរ​។ នៅ​ទីបំផុត យើង​ដឹងថា​គឺ​គណបក្សកាន់អំណាច​ជា​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​។ ប៉ុន្តែ​បើសិនជា​យើង​មើល​ច្បាប់​វិញ​គឺ​សំដៅ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ដោយ​ក្រុម​អ្នក​រិះគន់​។ ដូច្នេះ​វា​មិនមាន​ភាពស៊ីសង្វាក់​គ្នា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​លើ​ការផ្តល់​និយមន័យ​លើ​ពាក្យ «​ព័ត៌មាន​ក្លែង​ក្លា​យ‍​»​ទេ​។ ជារឿយៗ​គឺ​គណបក្សកាន់អំណាច​ជា​អ្នកកំណត់​។ ដូច្នេះហើយ​បានជា​យើង​មើលឃើញថា​ព័ត៌មាន​ក្លែងក្លាយ​តែងតែ​ចេញមក​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​នៅក្នុង​បណ្តា​ប្រទេស​ទាំងនោះ​។​
 
VOA៖ ការណ៍​នេះ​ក៏​ធ្វើឱ្យ​ការងារ​របស់​អ្នកសារព័ត៌មាន​កាន់តែ​ពិបាក​ជាង​មុន​ហើយក៏​កាន់តែ​មានតម្លៃ​ផងដែរ​។ ដូច្នេះ​សម្រាប់​សាធារណជន​វិញ​តើ​ពួកគេ​ត្រូវ​យល់ដឹង​អ្វីខ្លះ​ដើម្បី​ផ្ទៀងផ្ទាត់​ថា​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​គឺជា​ព័ត៌មាន​ពិត​ឬ​ក្លែងក្លាយ​។​
 
​លោក​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ​ដឹង​ច្បាស់​ហើយ​ថា​តើ​អ្នកនយោបាយ​ធ្វើយ៉ាងណា​ហើយ​អ្នក​ស្មោះស្ម័គ្រ​នឹង​បក្ស​ធ្វើយ៉ាងណា​។ អ្នកទទួល​ព័ត៌មាន​ក៏​លម្អៀង​ផងដែរ ដោយសារតែ​ព័ត៌មាន​ចេញពី​បក្ស​កាន់អំណាច​មក​គឺ​អ្នកគាំទ្រ​យល់ថា​ពិត ហើយ​ព័ត៌មាន​ដែល​ចេញពី​ម្ខាង​ទៀត​ត្រូវគេ​ចាត់ទុកថា​ព័ត៌មាន​ក្លែងក្លាយ​។​
 
​ដោយ​ស្ថិតនៅក្នុង​បរិបទ​នេះ​តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​ព័ត៌មាន​ពិត​ទៅ​ដល់ដៃ​មហាជន​។​
 
James Gomez៖ មាន​កិច្ចខិតខំ​ប្រឹងប្រែង​ចំនួន​បួន​ដែល​ភាគី​ពាក់ព័ន្ធ​នានា​បានធ្វើ​។ ព័ត៌មាន​ក្លែងក្លាយ​គឺជា​ការព្រួយបារម្ភ​ទូទៅ​។ វា​ជា​បញ្ហា​ពិតប្រាកដ​។ រដ្ឋាភិបាល ពលរដ្ឋ សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកនយោបាយ និង​អ្នក​អប់រំ គឺ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​។ ដូច្នេះហើយ​វិធីសាស្ត្រ​ដែល​ពួកគេ​ប្រើ​គឺ​ការផ្ទៀងផ្ទាត់​ការពិត​។ ទី​ពីរ​គឺ​ការជំរុញ​ការយល់ដឹង​ពី​ប្រព័ន្ធ​ឃោសនា​។ ទី​បី​គឺ​បង្កើន​គុណភាព​អ្នកសារព័ត៌មាន​ដើម្បី​ធានាថា​ស្នាដៃ​របស់​អ្នកសារព័ត៌មាន​អាជីព​ត្រូវគេ​អាន​ច្រើនជាង​អ្នក​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ ទី​បួន គឺ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធ្វើ​ការងារ​របស់​ពួកគេ​ផងដែរ​ដើម្បី​កុំឱ្យ​ព័ត៌មាន​ក្លែងក្លាយ​ចេញផ្សាយ​ច្រើនពេក​។​
 
​បើទោះបី​ជាមាន​វិធានការ​បួន​នេះ​ក៏ដោយ​ក៏​យើង​ត្រូវ​ដឹងថា​តើ​អ្នកណា​ជា​អ្នក​ផ្ទៀងផ្ទាត់​ការពិត អ្នកណា​ជា​អ្នកចំណាយ​លើ​ការផ្ទៀងផ្ទាត់​។ រដ្ឋាភិបាល​ជាច្រើន​បាន​បង្កើត​គេហទំព័រ​ផ្ទៀងផ្ទាត់​ការពិត ឬ​អង្គភាព​ផ្ទៀងផ្ទាត់​ការពិត ប៉ុន្តែ​ពួកគេ​ផ្តល់ព័ត៌មាន​ពិត​តាម​ការបកស្រាយ​របស់​រដ្ឋាភិបាល ដែលជា​ព័ត៌មាន​ក្លែងក្លាយ​។​
 
​ចំពោះ​អ្នក​ឯករាជ្យ​ដែល​ចង់​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​តែងតែ​ខ្វះខាត​ធនធាន​បុគ្គលិក​និង​ជំនាញ​ព្រោះ​ជួនកាល​ពួកគេ​មិន​ផ្ទៀងផ្ទាត់​ការពិត​ប៉ុន្តែ​ផ្ទៀងផ្ទាត់​មតិយោបល់​។​
 
​បញ្ហា​មួយទៀត​គឺ​ល្បឿន​ពីព្រោះ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ត្រូវការ​ពេលវេលា​ច្រើន​ដែល​ផ្ទុយ​ពី​ព័ត៌មាន​ក្លែងក្លាយ​ចេញផ្សាយ​លឿន​ណាស់​។ យើង​អាច​ប្រកាសថា​ព័ត៌មាន​នោះ​ក្លែងក្លាយ​ហើយ​ធ្វើឱ្យ​អ្នក​ដែល​ចេញផ្សាយ​ដំបូង​ខ្មាស់​គេ​ប៉ុន្តែ​ការខូចខាត​បានកើត​មាន​ឡើង​រួចហើយ​។​
 
​ការយល់ដឹង​ពី​សារព័ត៌មាន ខ្ញុំ​គិតថា​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​ជុំវិញ​រឿង​នយោបាយ​ដូច្នេះ​ការយល់ដឹង​ពី​សារព័ត៌មាន​គឺ​គួរតែ​ជាការ​យល់ដឹង​ពី​នយោបាយ​ស្តីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក៏ដូចជា​ចេតនា​របស់​អ្នកនយោបាយ​អំពី​អ្វីដែល​ធ្វើឱ្យមាន​ប្រសិទ្ធភាព​។​
 
​ការអប់រំ​ឱ្យ​យល់​ពី​សារព័ត៌មាន​ក៏ត្រូវ​មើល​លើ​អ្នកផ្តល់​មូលនិធិ​អប់រំ​ផងដែរ​ពីព្រោះ​បើ​រដ្ឋាភិបាល​ជា​អ្នកផ្តល់​គឺ​គេ​អប់រំ​តាម​ការបកស្រាយ​របស់​រដ្ឋាភិបាល​ដដែល​។​
 
​ចំណុច​ទី​បី​គឺ​សារព័ត៌មាន​ដែលមាន​គុណភាព ក៏​ជា​បញ្ហា​ប្រឈម​ខ្លះ​ដែរ​។ ក្នុងពេល​អតីតកាល​សារព័ត៌មាន​ដែលមាន​គុណភាព​ផ្តល់​ផល​ល្អ​ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្ញុំ​ឃើញថា​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​សារព័ត៌មាន​ដែលមាន​ច្រើន​សណ្ឋាន​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នកប្រើប្រាស់​ត្រូវតែ​យល់ដឹង​។​
 
​ចំណុច​ចុងក្រោយ​គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ ពួកគេ​ជា​អ្នកជំនួញ​ដែល​នឹងមិន​ផ្តល់​តម្លៃ​ដូចគ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​។ ពួកគេ​បញ្ជូន​បុគ្គលិក​ចូលរួម​កិច្ចប្រជុំ​និង​ការពិភាក្សា​។ ពួកគេ​ចាប់អារម្មណ៍​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​។ ប៉ុន្តែ​ពួកគេ​មាន​គោលការណ៍​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​។​
 
​ខ្ញុំ​គិតថា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​គឺ​ពួកគេ​នៅតែ​មិនទាន់​ជឿជាក់​លើ​ការចូលរួម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។ ព័ត៌មាន​ក្លែង​ក្លាយជា​រឿង​ពិតជា​ពិសេស​នៅពេលដែល​វា​បង្កើតជា​កា​រ​សំអប់​លើ​មនុស្ស​ដទៃ​។​
 
VOA៖ នៅ​ចំណុច​ទី​៤​ដែល​សំដៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ ទម្លាប់​នៃ​ការប្រើប្រាស់​ព័ត៌មាន​នាពេល​បច្ចុប្បន្ននេះ​គឺ​តាមរយៈ​បណ្តាញ​សង្គម​។ ដូចជា​នៅ​ប្រទេស​កម្ពុជា​ធ្លាប់មាន​ព័ត៌មាន​ពី​សកម្មជន​អតីត​បក្សប្រឆាំង​ម្នាក់​ត្រូវបាន​ប៉ូលិស​សម្លាប់​ពេល​នៅក្នុង​ឃុំឃាំង​ប៉ុន្តែ​វា​ជា​ព័ត៌មាន​ក្លែងក្លាយ​ហើយ​ត្រូវបាន​ចែកចាយ​តាម​បណ្តាញ​សង្គម​។ ដូច្នេះ​តើ​លោក​គិតថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​គួរតែ​ជា​អ្នក​ដែល​ទទួលខុសត្រូវ​ច្រើនជាងគេ​ទេ​?
 
James Gomez៖ ខ្ញុំ​គិតថា បើ​យើង​និយាយ​ដោយ​យុត្តិធម៌​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា គឺ​យើង​ត្រូវតែ​ដឹងថា​តើ​យើង​អាច​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​រហ័ស​កម្រិតណា​ថា​ព័ត៌មាន​ណាមួយ​ក្លែងក្លាយ​ហើយ​តើ​អ្នកណា​ជា​អ្នក​ផ្ទៀងផ្ទាត់​? ដូច្នេះ​យើង​ត្រូវតែ​យល់ច្បាស់​ពី​ចំណុច​នេះ​។ តើ​ប្រភព​ឯករាជ្យ​ដែល​តាមឃ្លាំមើល​បណ្តាញ​សង្គម​ជាប្រចាំ​ហើយ​ជា​អ្នក​ផ្ទៀងផ្ទាត់​ថា​ព័ត៌មាន​នោះ​ពិត​ឬក៏​អត់​។ ហើយ​សំណួរ​មួយទៀត​គឺ​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​អ្នក​តាមរក​ព័ត៌មាន​នេះ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​មាន​គេ​ជូនដំណឹង​មក​?
 
​ដំណាក់កាល​ទី​ពីរ គឺ​នៅពេលដែល​ទទួល​បានកា​រ​ជូនដំណឹង​ថា​ព័ត៌មាន​ណាមួយ​ក្លែងក្លាយ តើ​ក្រុមហ៊ុន​ដោះស្រាយបាន​រហ័ស​កម្រិត​ណា​? បណ្តាញ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក​គឺ​គេ​មាន​និយាម​របស់គេ ហើយ​នៅពេលណា​ដែល​ព័ត៌មាន​នោះ​ស្ថិតនៅក្នុង​និយាម​របស់គេ​គឺ​ពួកគេ​អនុញ្ញាតឱ្យ​ផ្សាយបាន​។ ប៉ុន្តែ​នៅពេលណា​ដែលមាន​ព័ត៌មាន​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ភាពសុខសាន្ត​របស់​សហ​គម​ន៍​គឺ​យើង​ឃើញថា​អ្នកប្រើប្រាស់​សម្តែង​ការខឹង​សំបារ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មិនបាន​ដក​ព័ត៌មាន​នោះ​ចេញ​ឱ្យបាន​ទាន់ពេល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com