ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរសង្កាត់សៀមរាបបេ្ដជ្ញារៀបចំបរិស្ថានក្នុងស្ទឹងសៀមរាបមិនឲ្យមានសំរាម
09, Nov 2019 , 9:55 am        
រូបភាព
​សៀមរាប​៖ ស្ទឹង​សៀមរាប ជា​សរសៃឈាម​ដ៏​សំខាន់​របស់​ខេត្តសៀមរាប​។ ជា​ស្ទឹង​ប្រវត្តិសាស្ដ្រ ស្ទឹង​នេះ​មាន​ប្រភពទឹក​ចេញពី​ភ្នំ​គូលែន ហូរ​កាត់​កណ្ដាល​ក្រុង​សៀមរាប ឆ្ពោះទៅ​ទន្លេសាប​។ បច្ចុប្បន្ន ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​នេះ គ្របដណ្ដប់​ដោយ​សំរាម​ចម្រុះ ពិសេស​សំរាម​ប្លា​ស្ទិ​ក​។ អាជ្ញាធរ​សង្កាត់​សៀមរាប​ដែលមាន​សមត្ថកិច្ច​គ្រប់​គ្រង​ស្ទឹង​នេះ​នៅ​ផ្នែក​ខាងក្រោម បានធ្វើ​កម្មវិធី​សម្អាត​បរិស្ថាន ដោយបាន​បារ​សំរាម​ចេញពី​ស្ទឹង​នេះ​បំណង​ឱ្យមាន​សោភ័ណភាព​ឡើងវិញ​។ ចៅសង្កាត់​សៀមរាប​បេ្ដ​ជ្ញា​ថា នឹង​រៀបចំបរិស្ថានក្នុងស្ទឹងសៀមរាបមិនឲ្យមានសំរាមតទៅទៀត។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​សំរាម​បាន​ក្លាយជា​បញ្ហា​ស្មុគស្មាញ​នៅលើ​សាកលលោក ពិសេស​សំរាម​ប្លា​ស្ទិ​ក​ដែល​កំពុង​បំផ្លាញ​សុខភាព​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ​។ ការអភិវឌ្ឍ​បាន​បង្កើត​នូវ​សម្ភារ​ប្រើប្រាស់​ទំនើបៗ មាន​ភាពងាយស្រួល ពិសេស​ការផលិត​សម្ភាស​ពី​ប្លា​ស្ទិ​ក ហើយ​កាកសំណល់​ទាំងនោះ ត្រូវ​ប្រើពេល​រាប់រយឆ្នាំ​ដើម្បី​រលាយ​ភពផែនដី​។​
 
​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប បានចាត់ទុក​ទឹក​ដែលមាន​ប្រភពពី​ភ្នំ​គូលែន​ថា​ទឹក​ដ៏​ពិសិដ្ឋ​។ យ៉ាងណា ក៏​បំពុល​ដោយសារ​សំរាម បានធ្វើឱ្យ​ទឹកស្ទឹង​មាន​ភាពកខ្វក់ និង​មាន​ក្លិន​មិនល្អ​។ បញ្ហា​នេះ បាន​បង្កើតជា​មេរោគ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ទាំងនោះ និង​ដែល​កំពុង​ប្រើប្រាស់​ទឹកស្ទឹង​។​
 
​ដោយ​មើលឃើញ​បញ្ហា​នេះ ចៅសង្កាត់​សៀមរាប ក្នុង​ក្រុង​សៀមរាប ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ទំពាំង​ស្នង​ឫស្សី បានរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន ដោយ​ការប្រើ​ទូក​ចុះ​បារ​សម្អាត​។ ចៅសង្កាត់​សៀមរាប លោក ម៉ៃ សា​ម៉េ​ត បានឱ្យដឹងថា យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ដែល​រៀបចំ​នៅ​ថ្ងៃទី​៧ វិច្ឆិកា ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​ធ្វើឱ្យ​ខេត្ត​ទេសចរណ៍​នេះ​មាន​សោភ័ណភាព​ស្អាត​។ ការសម្អាត​នេះ គឺ​ប្រើ​ទូក​ចំនួន​១៥​គ្រឿង  និង​មាន​អ្នកចូលរួម​ជាង​១០០​នាក់ ដោយ​កំណត់​ព្រំប្រទល់​សង្កាត់​ចាប់ពី​ស្ពាន​ក្រវ៉ាត់​ក្រុង ចុះ​បារ​សម្អាត​សំរាម​ពី​ក្នុង​ទឹក និង​តាម​ដងស្ទឹង រហូតដល់​ព្រំប្រទល់​សង្កាត់​នៅ​ផ្នែក​ខាងក្រោម​។ 
 
​សំរាម​ដែល​ត្រូវបាន​បារ​ចេញពី​ស្ទឹង​នៅពេលនោះ​មាន​ច្រើន​ប្រភេទ មាន​សំរាម​ធម្មជាតិ ដូចជា​កំប្លោក ស្លឹកឈើ និង​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​កមាន​ចំនួន​ច្រើនជាងគេ​ដែល​អណ្ដែត​សក្បុស​លើ​ផ្ទៃ​ទឹក​។ អាជ្ញាធរ​បាន​ញែក​សំរាម​ទាំងនោះ​ដាច់ដោយឡែក​ដើម្បី​ងាយ​គ្រប់គ្រង ដោយ​សំរាម​ប្លា​ស្ទិ​ក​អាជ្ញាធរ​ទុក​ដោយឡែក​សម្រាប់​យកទៅ​កែច្នៃ ឯ​សំរាម​ធម្មជាតិ​គេ​ទុកឱ្យ​វារ​លាយ​ឬ​ធ្វើ​ជី​។​


 
​យុទ្ធនាការ​សម្អាត​សំរាម​នៅក្នុង​ស្ទឹង​សៀមរាប ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ទីតាំង​ធំៗ​ដែល​កកស្ទះ​ដោយ​សំរាម ត្រូវបាន​បារ​ឬ​ដួស​ចេញពី​ទឹក បង្កើត​មាត់ទឹក​ធ្វើឱ្យមាន​ចរន្ត​លំហូរ​ឡើងវិញ​។ លោក ម៉ៃ សា​ម៉េ​ត  បានបង្ហាញ​អារម្មណ៍​រីករាយ និង​តាំងចិត្ត​ខ្ពស់​លើ​បញ្ហា​ដ៏​រសើប​នេះ​។ លោក​បាន​ប្ដេជ្ញា​ថា នឹង​បន្តធ្វើ​សកម្មភាព​នានា សំដៅ​ធ្វើយ៉ាងណា​សង្គ្រោះ​ស្ទឹង​សៀមរាបមិនឱ្យមានសំរាមនាពេល​ឆាប់ខាងមុខ​។​
 
​ប្រធាន​អង្គការ​ទំពាំង​ស្នង​ឫស្សី លោក ស៊ា សុផល ដែល​បានធ្វើ​កិច្ចការ​ជាច្រើន​ទាក់ទង​នឹង​បឹង​ទន្លេសាប​ពន្យល់ថា ស្ទឹង​សៀមរាប​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បណ្ដាលមកពី​ការបំពុល​ដោយ​សំរាម​ប្លា​ស្ទិ​ក​។ គម្រោង​របស់លោក គឺ​ផ្តោត​យកចិត្តទុកដាក់​សំខាន់​លើទឹក​ទន្លេសាប ហើយ​ស្ទឹង​សៀមរាប​ក៏​ជា​ប្រភពទឹក​ដែល​ហូរ​ចូលទៅ​បឹង​ដ៏​ធំ​របស់​កម្ពុជា​នេះដែរ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«...​សំរាម​ដែល​ច្រើន​បំផុត​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប មិនមែន​សំរាម​កើត​នៅ​ទន្លេសាប​ទេ គឺ​កើត​ពីលើ​មក ចឹ​ង​មានន័យថា​គឺ​ស្ទឹង ស្ទឹង​សៀមរាប​គឺ​ហូរ​ចាក់​ទៅ​ទន្លេសាប បើ​យើង​មិន​ប្រមូល​នៅពេលនេះ​ទេ ចុងក្រោយ​វា​នឹង​ហូ​រាក់​ទៅក្នុង​ទន្លេសាប​...​នឹង​វា​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​មាន​ត្រី សត្វ និង​ប្រជា​សហគមន៍​នេសាទ​»​។​
 
«​អ្នក​ប្រយុទ្ធ​ដើម្បី​បរិស្ថាន​» គឺជា​ពាក្យ​ដែល​លោក សុផល ដាក់ឱ្យ​អ្នកចូលរួម​សម្អាត​បរិស្ថាន​នៅក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​សង្កាត់​សៀមរាប ។  សំរាម​ដែល​ប្រមូល​ពេលនោះ​មាន​៣​ប្រភេទ គឺមាន​ប្រភេទ​សិរី​រា​ង្គ សំរាម​អេតចាយ និង​សំរាម​ប្លា​ស្ទិ​ក ហើយ​សំរាម​ប្លា​ស្ទិ​ក​គឺជា​អ្វីដែល​យុទ្ធនាការ​នៅពេលនោះ​ផ្តោត​សំខាន់​។ 


 
​ក្នុង​គម្រោង​សម្អាត​បរិស្ថាន​នៅក្នុង​បឹង​ទន្លេសាប អង្គការ​ទំពាំង​ស្នង​ឫស្សី​របស់លោក ស៊ា សុផល បានធ្វើការ​ជាច្រើន​ដូចជា​យុទ្ធនា​ការសម្អាត​ទឹកទន្លេ​សាប​ក្នុង​មួយឆ្នាំ​២​ដង គឺ​យុទ្ធនាការ​រដូវ​ទឹកសម្រក និង​រដូវ​ទឹក​ឡើង​។ យុទ្ធនាការ​នេះ​មាន​អ្នកចូលរួម​ច្រើន ដើម្បី​បំផុស​ចលនា​ឲ្យ​ប្រជា​សហគមន៍​នេសាទ​ទាំងអស់​ឱ្យមាន​របៀប​រស់នៅ និង​យល់​ពី​ការបំពុល​ប្រព័ន្ធ​ជីវចម្រុះ​ដែលជា​ធនធាន​សំខាន់​សម្រាប់​សហគមន៍​នៅ​ទីនោះ​។ 
 
​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​កាន់​ដង ទំ​ពក់ ចាប់យក​សំរាម ខ្លះ​ប្រើ​សំណាញ់​អូស បានបង្ហាញ​នូវ​ស្មារតី​ចូលរួម​ក្នុង​បុព្វហេតុ​ឱ្យ​ទឹកស្ទឹង​សៀមរាប​មាន​សោភ័ណ​ល្អ​ឡើងវិញ​។ ចៅសង្កាត់​សៀមរាប លោក ម៉ៃ សា​ម៉េ​ត ប្រាប់ថា​ពលរដ្ឋ​បាន​បញ្ចេញ​នូវ​កម្លាំង​ពលកម្ម​ខ្លាំង ដើម្បី​ប្រយុទ្ធ​នឹង​សំរាម​ដែលជា​កាកសំណល់​កខ្វក់ និង​ដែល​ត្រូវ​ប្រជាពលរដ្ឋ​មួយចំនួន​ខ្វះ​ការយល់ដឹង​យកមក​ទម្លាក់ចោល​។ លោក សា​ម៉េ​ត ថា យុទ្ធនាការ​នេះ ជា​សារ​ទៅដល់​ពលរដ្ឋ​ទាំងនោះ​ឱ្យ​ភ្ញាក់រឭក​ឡើងវិញ ឈប់​ចោល​សំរាម​ក្នុង​ស្ទឹង និង​មាន​ទម្លាប់​ល្អ​ក្នុងការ​វេច​ខ្ចប់​សំរាម បង្ក​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន​ចេញពី​ទីក្រុង​។ ការ​បន្តធ្វើ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ពលរ​ដ្ឋ​ទាំងនោះ នឹង​ជះឥទ្ធិពល​អាក្រក់​ទៅ​ពួកគេ​វិញ ដូចជា​បង្ក​ជា​មេរោគ​ឬ​ជំងឺ​ផ្សេងៗ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​ស្ទឹង ឬ​កំពុង​ប្រើប្រាស់​ទឹកស្ទឹង​នេះ​ជាដើម​៕















Tag:
 សំរាម​
  ស្ទឹង​សៀមរាប​
  សង្កាត់​សៀមរាប​
  ម៉ៃ សា​ម៉េ​ត​
  ស៊ា សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com