កីឡាជាតិ
ជាតិ
គណៈកម្មការរៀបចំពាន Soccer League សម្រេចដកក្រុមរស្មីសំពៅមាស និងពិន័យមិនឲ្យចូលរួម១ឆ្នាំ ក្រុមរស្មីសំពៅមាស(ក្នុងរង្វង់)ត្រូវបានដកចេញពីការប្រកួត និងពិន័យមិនឲ្យចូលរួមពាន Soccer League ១ឆ្នាំ
× គណៈកម្មការរៀបចំពានរង្វាន់ Soccer League បានសម្រេចដកក្រុមបាល់ទាត់រស្មីសំពៅមាសចេញពីការប្រកួត និងពិន័យមិនឲ្យចូលរួមពានរង្វាន់នេះចំនួន១ឆ្នាំ ពាក់ព័ន្ធនឹងករណីបង្កហិង្សាទៅលើអាជ្ញាកណ្តាល។ នេះបើតាមសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Soccer League ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការចេញសេចក្តីសម្រេចនេះ ធ្វើឡើងក្រោយក្រុមកីឡាកររស្មីសំពៅមាស រួមជាមួយអ្នកគាំទ្របានបង្កឲ្យមានភាពចលាចលរហូតធ្វើឲ្យផ្ទុះជាហិង្សាដេញវាយអាជ្ញាកណ្តាលពេញទីលានប្រកួតបណ្តាលឲ្យរងរបួសស្រាល។ ករណីហិង្សា ដែលមិនគួរឲ្យកើតមានក្នុងវិស័យកីឡានេះ បានកើតឡើងក្នុងជំនួបរវាងក្រុមរស្មីសំពៅមាសជាមួយក្រុមសម្ព័ន្ធគណៈកម្មការសម្របសម្រួលនិស្សិត និងបញ្ញវ័ន្តកម្ពុជាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន KMH។
មូលហេតុ ដែលនាំឲ្យមានការប៉ះទង្គិចនេះ គឺក្រោយកីឡាកររស្មីសំពៅមាសនាំគ្នាតវ៉ា បន្ទាប់ពីមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្តាល ដែលផ្តុំកញ្ចែបញ្ចប់ការប្រកួតត្រឹម៨០នាទី។ បន្ទាប់មកអ្នកគាំទ្ររបស់ពួកគេបាននាំគ្នាដើរចូលទីលានសំដៅទៅរកកន្លែងដែលមានការតវ៉ា ហើយបានបង្កឲ្យមានហិង្សាតែម្តង ដោយបណ្តាលឲ្យអាជ្ញាកណ្តាលរងរបួសមាត់ និងចំណុចមួយចំនួនទៀត។
មួយថ្ងៃក្រោយផ្ទុះមានករណីហិង្សាគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Soccer League បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដកក្រុមរស្មីសំពៅមាសចេញពីបេក្ខភាពប្រកួតឆ្នាំនេះ និងពិន័យមិនឲ្យចូលរួមពានរង្វាន់នេះចំនួន១ឆ្នាំ។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រកួតសម្រេចឲ្យក្រុម ដែលត្រូវជួបប្រកួតជាមួយរស្មីសំពៅមាសទទួលបាន៣ពិន្ទុស្វ័យប្រវត្តិ និងតម្កល់ប្រាក់កក់របស់ក្រុមរស្មីសំពៅមាសទុកជាអាសាបង់៕
Tag:
បាល់ទាត់
Soccer League 2019
រស្មីសំពៅមាស
© រក្សាសិទ្ធិដោយ thmeythmey.com