អន្តរជាតិ
រញ្ជួយ​ដី​៦,៤ រ៉ិ​ច​ទ័​រ វាយប្រហារ​ព្រំដែន​ថៃ​-​ឡាវ ភាគ​ខាងជើង​
21, Nov 2019 , 11:15 am        
រូបភាព
រូបភាព៖ the Nation
រូបភាព៖ the Nation
​គ្រោះ​រញ្ជួយ​ដី ៦,៤ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ទៅលើ​ប្រទេស​ឡាវ ក្នុង​ជម្រៅ ៣​គីឡូ​ម៉ែត នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា​។ ប៉ុន្តែ​គ្រោះធម្មជាតិ​មួយ​នេះ មិនបាន​បង្ក​ឲ្យ​មានការ​ខូ​ត​ខាត ឬ​បំផ្លាញ​អគារ និង​ទ្រព្យសម្បត្តិ​អ្វី​ទេ​។ ចំណុច​រញ្ជួយ​ដី​នេះ គឺ​កើតឡើង​តែ ២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ឃុំ Khunnan ស្រុក Chaloem Prakiat ខេត្ត Nan ប្រទេស​ថៃ​។


 
​បើតាម​ក្រុម​ស៊ើប​អ​ង្គេ​ត​គ្រោះ​រញ្ជួយ​ដី នៃ​នាយកដ្ឋាន​ឧតុនិយម បាន​អះអាងថា គ្រោះ​រញ្ជួយ​ដី មាន​កម្រិត ៦,៤ វ៉ិ​ច​ទ័​រ បាន​កើតឡើង​នៅក្នុង​វេលា​ប្រមាណ​ជា​៦ និង​៥០​នាទី ព្រឹក នៅក្បែរ​ព្រំដែន ថៃ​-​ឡាវ ភាគ​ខាងជើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation ។ 
 
​ភ្លាមៗ​ក្នុង​ហេតុការណ៍​មួយ​នេះ ប្រជាជន​នៅក្នុង​ខេត្ត ក្បែរ​ចំណុចកើតហេតុ​នោះ មាន​អារម្មណ៍​ថា​កំពុង​ស្ថិតក្នុង​ភាព​រំ​ញ័រ និង​បង្ក​ឲ្យ​មានការ​ភិតភ័យ​ជាខ្លាំង​។ សូម្បីតែ​ប្រជាជន ដែល​រស់​នៅលើ​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​បាងកក ក៏មាន​អារម្មណ៍​ថា​ទទួលរង​កម្រិត​រំ​ញ័រ​ពី​គ្រោះ​រញ្ជួយ​ដី​នេះដែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​មិនបាន​បង្ក​ឲ្យ​មានការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ២០១៩​នេះ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ក៏បាន​ទទួលរង​គ្រោះរ​ញ្ជួ​យ​ដី​ក្នុង​កម្រិត ៤,១ វ៉ិ​ច​ទ័​រ​ម្តង​ដែរ កាលពី​ថ្ងៃទី ១៨ ខែតុលា​។ កាល​នេះ វា​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​៤៦​នាទី​យប់​។ ប៉ុន្តែ​វា មិនបាន​បង្ក​ឲ្យ​មាន​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ​៕ 

Tag:
 ថៃ​
  ឡាវ​
  រញ្ជួយ​ដី
© រក្សាសិទ្ធិដោយ thmeythmey.com