កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​អូស្ត្រាលី​៣​នាក់​ត្រូវ​ដក​ឈ្មោះ​ចេញពី​អូឡាំពិក ដោយសារ​បណ្តឹង​របស់​ស្ត្រី​ខ្មែរ​ម្នាក់​
21, Nov 2019 , 12:13 pm        
រូបភាព
កីឡាករ U-23 អូស្ត្រាលី ពេលប៉ះជាមួយកម្ពុជានាជំនួបជម្រុះ AFC U-23 កន្លងទៅ
កីឡាករ U-23 អូស្ត្រាលី ពេលប៉ះជាមួយកម្ពុជានាជំនួបជម្រុះ AFC U-23 កន្លងទៅ
កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) ចំនួន​បី​រូប ត្រូវ​ដក​ឈ្មោះ​ចេញ​មិន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ នៅ​តូ​ក្យូ ប្រទេស​ជប៉ុន ក្រោយ​រង​បណ្តឹង​ជុំវិញ​ការប្រព្រឹត្ត​ឥរិយាបទ​មិន​សមរម្យ​ពី​សំណាក់​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ទាំងបី ត្រូវ​ហាម​ចាប់ពី​ថ្ងៃ​១៩ វិច្ឆិកា ដល់​ខែសីហា​ឆ្នាំក្រោយ​។​



​កីឡាករ​ទាំង​៣​រូប រួមមាន​ខ្សែបម្រើ Nathaniel Atkinson, Lachlan Wales និង Brandon Wilson ដែល​សុទ្ធសឹង​ប្រកប​អាជីព​ក្នុង​លី​គ​កំពូល​អូស្ត្រាលី (A-League) ត្រូវបាន​រកឃើញថា​មាន​កំហុស​ក្នុង​បទ​រំលោភបំពាន អំឡុង​ការប្រកួត​វគ្គ​ជម្រុះ AFC U-23 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ កាលពី​ខែមីនា​កន្លងទៅ​។​

​ដោយសារ​ការប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​នឹង​វិជ្ជាជីវៈ​ជា​កីឡាករ ទើប​តម្រូវ​ឲ្យ​ពួកគេ​បញ្ឈប់​ពី​ក្រុម​ជម្រើសជាតិ រហូតដល់​ថ្ងៃទី​១០ ខែសីហា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ពិធី​បិទ​កីឡា​អូឡាំពិក ក្រុង​តូ​ក្យូ ឆ្នាំ​២០២០​។​



​ដោយឡែក កីឡាករ​អូស្ត្រាលី​មួយរូប​ទៀត គឺ​ខ្សែបម្រើ Riley McGree ក៏ត្រូវ​ជាប់​ពិន័យ​រហូតដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​ផងដែរ ក្នុង​បទ​ចោទ​រួមគ្នា​ជាមួយ​អ្នក​ទាំង​៣​។​

​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី (FFA) បាន​អះអាងថា បញ្ហា​នេះ​បានក្លាយ​ជាការ​យកចិត្ត​ទុកដាក់​សំខាន់បំផុត​ត្រូវ​ដោះស្រាយ ដែលមាន​រយៈពេល​ដល់​ខែមេសា បន្ទាប់ពី​មាន​បណ្តឹង​របស់​ស្ត្រី​ម្នាក់​នៅ​កម្ពុជា ដែល​មិនមាន​ព័ត៌មាន​លំអិត​នោះ​។​

​លោក Chris Nikou ប្រធាន FFA ក៏បាន​បញ្ជាក់​អំពី​ការទទួលខុសត្រូវ ក្នុង​វិជ្ជាជីវៈ​កីឡាករ​ដែរ​ថា​៖«​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការគោរព និង​ការទទួលខុសត្រូវ គឺ​គ្មាន​ការសម្របសម្រួល​ណាមួយ​កើតឡើង​នោះទេ​។ កីឡាករ​ធ្វើ​ខុសត្រូវ​ទទួល​ការពិន័យ និង​ត្រូវ​យល់​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នូវ​ទង្វើ​ដែល​ពួកគេ​ធ្វើ ហើយ​ត្រូវ​ចេះ​គិតគូ​ពី​គុណ​តម្លៃ​សម្រាប់​អនាគត​ទៅ​ថ្ងៃមុខ​»​។​

​យ៉ាងណាក៏ដោយ កីឡាករ​ទាំង​៤​រូប​ខាងលើ មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ប្រឆាំង​សេចក្តីសម្រេច​នេះ​៕


Tag:
 Olympic
  តូ​ក្យូ​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com