អន្តរជាតិ
លោកស្រី​ស៊ូ​ជី នឹង​ឡើងទៅ​តតាំង​រឿងក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជាមួយ​ប្រទេស​ហ្គំ​ប៊ី​
21, Nov 2019 , 2:19 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ានបូក៣ នាទីក្រុងបាងកក ប្រទេសថៃ, រូបភាព៖ Reuters
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ានបូក៣ នាទីក្រុងបាងកក ប្រទេសថៃ, រូបភាព៖ Reuters
​បើសិន​គ្មានអ្វី​ប្រែប្រួល​ទេ លោកស្រី​អ៊ុន​ស៊ាន ស៊ូ​ជី នឹង​ឡើងទៅ​តតាំង​រឿងក្តី​ទាក់ទង​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ជាមួយ​ប្រទេស​ហ្គំ​ប៊ី នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ នៅ​ខែធ្នូ​ខាងមុខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​។


 
​ជា​ប្រទេស​តូច​នៅ​មួយ​ក្នុង​ទ្វីបអាហ្វ្រិក​ភាគ​ខាងលិច ហ្គំ​ប៊ី ដែល​តំណាង​ឲ្យ​ក្រុម​ប្រទេស​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​ទាំង ៥៧​ប្រទេស បានដាក់​ពាក្យ​ប្តឹង​មី​យ៉ាន់​ម៉ា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នា​ថ្ងៃទី​១១ ខែវិច្ឆិកា​ទៅ​តុលាការ​យុត្ត​ធម៌​អន្តរជាតិ ទាក់ទិន​ទៅនឹង​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោកស្រី ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​ដឹកនាំ​ក្រុម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។ ចំណែក​មេធាវី​វិញ មី​យ៉ាន់​ម៉ា​ក៏បាន​ត្រៀម​រួចរាល់​ដែរ សម្រាប់​តតាំង​ជាមួយ​ប្រទេស​ហ្គំ​ប៊ី ។ នេះ​បើតាម​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook របស់​មន្ត្រី​ក្រសួង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន​ម៉ា​។ 
 
​ជាមួយគ្នានេះដែរ បើតាម​អ្នកនាំពាក្យ​យោធា ឧ​ត្ត​ម​សេនីយ៍​ត្រី Zaw Min Tun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា យោធា​មី​យ៉ាន់​ម៉ា នឹង​សហការ​ជាមួយ​រដ្ឋាភិបាល និង​ធ្វើតាម​ការបង្ហាញ​ពី​សំណាក់​រដ្ឋាភិបាល​។ ក្នុងន័យនេះ ក្រុម​យោធា នឹង​សាមគ្គី​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ ដើម្បី​តតាំង​ជាមួយ​ហ្គំ​ប៊ី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។
 
​បើតាម​ពាក្យបណ្តឹង ដែល​បានដាក់​ទៅ​តុលាការ​ទីក្រុង​ឡាអេ នា​ថ្ងៃទី​១១ វិច្ឆិកា ហ្គំ​ប៊ី បានស្នើ​ឲ្យ​តុលាការ​យុ​ត្តិ​ការ​ធម៌​អន្តរជាតិ បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​ទម្លាក់ចោល​ការប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ការដាក់ទណ្ឌកម្ម​លើ​ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍ និង​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ត្រលប់មក​ស្រុកកំណើត​វិញ​។ ជាពិសេស តុលាការ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​មួយ​នេះ នឹង​បើក​អង្គ​សវន​ការ តាម​សំណើ​ប្រទេស​ហ្គំ​ប៊ី នៅក្នុង​ខែធ្នូ​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​ពាក្យបណ្តឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ មី​យ៉ាន់​ម៉ា បាន​រង​សម្ពាធ​តាមផ្លូវ​ច្បាប់​ពី​អន្តរជាតិ ពីរ​បន្ថែមទៀត​។ ក្នុងនោះ​មានដូចជា ក្រុម​សិទ្ធិមនុស្ស​ដាក់ពាក្យ​ប្តឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ក្រោម​«​យុ​ត្តិ​ការ​សកល​» និង​ចុងក្រោយ​គឺ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីសម្រេច បើក​ការស៊ើបអង្កេត​ពេញលេញ​ជុំវិញ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​៕

Tag:
 ​មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com