អត្ថបទពាណិជ្ជកម្ម
​ប្រទេស​កម្ពុជា អបអរសាទរ​ខួប​ទី​៣០​ឆ្នាំ នៃ​កិច្ចការពារ​សិទ្ធិ​កុមារ ដោយ​រៀបចំ​យុទ្ធនាការ ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប
21, Nov 2019 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ


​ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩- អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ បាន​ឈានដល់​ខួប​ទី​៣០​ឆ្នាំ នៅថ្ងៃនេះ ហើយ​ដើម្បី​ប្រារព្ធ​ពិធី​ដ៏​មាន​សារ​:​សំខាន់​នេះ ភាគី​ពាក់ព័ន្ធ​សំខាន់ៗ បានមក​ជួបជុំគ្នា នៅក្នុង​ប្រព្រឹត្តិការណ៍​មួយ​ដ៏​ធំ​នៅ The Factory Phnom Penh ក្នុង  រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ ការ​ប្រារព្ធ​ពិធី​នេះ គឺជា​ការចាប់ផ្តើម​នៃ​យុទ្ធនា​ការផ្តល់​សិទ្ធិ​កុមារ​ថ្នាក់ជាតិ រយៈពេល​បី​ខែ ដែល​រៀបចំ​រួមគ្នា​ដោយ សហភាព​អឺរ៉ុប​, យូ​នី​សេ​ហ្វ​, អង្គការ Save the Children, ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​អង្គការ Child Rights Now​។ យុទ្ធនាការ​នេះ មានបំណង​ព​ន្លឿ​ន​វឌ្ឍនភាព ក្នុងការ​អនុវត្ត​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ និង​ជំរុញ​ឱ្យ​អនុវត្ត​សកម្មភាព​ជាក់ស្តែង សម្រាប់​កុមារ​កម្ពុជា​។​
 
​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ គឺជា​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់ ក្នុងការ​លើកស្ទួយ​ជីវិត​កុមារ នៅ​ទូទាំង​ពិភពលោក​។ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ គឺជា​សន្ធិសញ្ញា​សិទ្ធិមនុស្ស ដែល​ទទួលបាន​សច្ចាប័ន​ច្រើនជាងគេ​បំផុត នៅ​ទូទាំង​ពិភពលោក​។ អនុសញ្ញា​នេះ មាន​គោលបំណង​ធានាថា កុមារ​គ្រប់រូប​មាន​សិទ្ធិ ទទួលបាន​ការថែទាំ​សុខភាព ការអប់រំ លេង​កម្សាន្ត ការការពារ ការចូលរួម​ផ្នែក​សង្គម និង​នយោបាយ​។ អនុសញ្ញា​នេះ​កំណត់​និយមន័យ​ថា មនុស្ស​គ្រប់រូប​ក្រោម​អាយុ​១៨​ឆ្នាំ ជា​ម្ចាស់​នៃ​សិទ្ធិមនុស្ស ហើយ​ត្រូវ​ទទួលបាន​កិច្ចការពារ និង​ការផ្តល់អំណាច ដើម្បីឱ្យ​សិទ្ធិ​ទាំងនេះ​ក្លាយជា​ការពិត សម្រាប់​កុមារ​គ្រប់រូប​។​


 
​ប្រទេស​កម្ពុជា បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩២​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កម្ពុជា បានសម្រេច​នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ក្នុងការ​ធ្វើ​ឲ្យ​ជីវិត​កុមារ​ប្រសើរ​ទ្បើង​។ កុមារា និង​កុមារី ជាង ៩៧% បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់បឋមសិក្សា ដែលជា​អត្រា​មិន​ធ្លាប់មាន​ពីមុនមក​។ អត្រា​ស្លាប់​របស់​ទារក និង​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ បាន​ធ្លាក់ចុះ​ជាង ៧០% ហើយ​លទ្ធភាព​ទទួលបាន​ប្រភពទឹក​ស្អាត បាន​កើនឡើង ៣​ដង ចាប់តាំងពី​ឆ្នាំ​១៩៩០ មក​។​
 
​ប៉ុន្តែ មិនមែន​កុមារ​គ្រប់រូប សុទ្ធតែ​ទទួលបាន​កុមារភាព​ល្អប្រសើរ​នោះទេ​។ នៅមាន​កុមារ​ច្រើនណាស់ ដែល​នៅតែ​ខ្វះខាត​។ នៅក្នុង​ប្រទេស​កម្ពុជា អត្រា​ខ្វះ​អាហារូបត្ថម្ភ ស្ថិតនៅក្នុង​ចំណោម​អត្រា​ខ្ពស់បំផុត នៅក្នុង​តំបន់​។ កុមារ​មិន​ទទួលបាន​ស្តង់ដារ​គុណភាព​សិក្សា​ត្រឹមត្រូវ​តាម​វ័យ​របស់ខ្លួន​។ បញ្ហា​ទាក់ទង​នឹង​កិច្ចការពារ​កុមារ នៅ​កើតមាន​ច្រើន​នៅ​ទ្បើ​យ ដោយមាន​កុមារ​ម្នាក់ ក្នុងចំណោម​បួន​នាក់ ធ្លាប់​រងគ្រោះ​ពី​អំពើហិង្សា​ក្នុង​មួយ​ទម្រង់​។​
 
​ខួប​ទី​៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​គឺជា​ឱកាស​មួយ​ដ៏​ពិសេស ដើម្បី​ជំរុញឱ្យមាន​ការផ្តល់​អាទិភាព​ដល់​សិទ្ធិ​កុមារ នៅក្នុង​ផែនការ​ជាតិ និង​ផែនការ​អភិឌ្ឍន៍​។​
 
​ភ្ញៀវ​ក​ត្តិ​យស​រួមមាន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​មកពី​ក្រសួង​អប់រំ ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា បាន​ថ្លែង​សុន្ទ​កថា​បើក​កម្មវិធី រួម​ជាមួយនឹង​ការសម្តែង​ចំណាប់អារម្មណ៍​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ អ្នក​ឧបត្ថម្ភ​កម្មវិធី និង​មន្ត្រី​នានា​មកពី​យូ​នី​សេ​ហ្វ អង្គការ Save the Children និង USAID​។​


 
​លោកស្រី ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​«៖​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​ទី ៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ ដែលជា​សន្ធិសញ្ញា​សិទ្ធិមនុស្ស ទទួលបាន​សច្ចាប័ន​ច្រើនជាងគេ​បំផុត​។ ពិធី​គម្រប់​ខួប​នេះ គឺជា​ឱកាស​ដ៏​ពិសេស ដើម្បី​និយាយ​អំពី​សិទ្ធិ​កុមារ​ជា​ឯកច្ឆន្ទ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ថា សិទ្ធិ​កុមារ​ជា​សិទ្ធិ​មិនអាច​មើលរំលង​ឡើយ​។ សហភាព​អឺរ៉ុប ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អបអរសាទរ​អំពី​វឌ្ឍនភាព​ដ៏​ធំធេង ដែល​សម្រេចបាន​លើ​សិទ្ធិ​កុមារ ហើយក៏​សូមបញ្ជាក់​ឡើងវិញ អំពី​ការ​បេ្ត​ជ្ញា​ចិត្ត​រួមគ្នា ដើម្បីឱ្យ​កុមារ​គ្រប់រូប​នៅក្នុង ប្រទេស​កម្ពុជា ទទួលបាន​ការអភិវឌ្ឍ​ពេញ​សក្តានុពល​របស់ខ្លួន ដែលជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​»​។​
 
​លោកស្រី គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា     ៖«​យូ​នី​សេ​ហ្វ មាន​មោទកភាព​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​វឌ្ឍនភាព ឆ្ពោះទៅរក​ការបំពេញ​សិទ្ធិ​កុមារ​គ្រប់រូប នៅក្នុង​ប្រទេស​កម្ពុជា​។ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​គោលដៅ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព ត្រូវ​ដើរ​ទន្ទឹមគ្នា​។ សិទ្ធិ​កុមារ មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​គ្មាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​ដូចគ្នានេះដែរ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏​មិនអាច​សម្រេច​បានដែរ ប្រសិនបើ​សិទ្ធិ​កុមារ មិនអាច​សម្រេចបាន​នោះ ។ ហេតុនេះ អនុសញ្ញា​នេះ កាន់​តែមាន​សារៈសំខាន់ នាពេល​បច្ចុប្បន្ន ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ ដែល​តែងតែ​មិន ទទួលបាន​ការគាំទ្រ កុមារ​ត្រូវគេ​ផាត់​ចោល ឬ​មិន​យកចិត្តទុកដាក់​»​។​


 
​លោកស្រី អេ​លីហ្សា​ប៊ែ​ត ភៀស នាយិកា​ប្រចាំ​ប្រទេស​អង្គការ Save the Children បាន​លើកឡើងថា ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ គឺជា​ឱកាស​ដែល​យើង​អាច​ឆ្លុះបញ្ចាំង ពី​លទ្ធផល​សម្រេចបាន ក្នុង​កិច្ចការពារ​សិទ្ធិ​កុមារ​ក្នុងប្រទេស​កម្ពុជា និង​បង្កើត​អនាគត​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប ក្នុង​រយៈពេល ៣០​ឆ្នាំ កន្លងទៅនេះ ។ លោកស្រី​បាន​បន្ថែមទៀតថា​៖ «​នៅក្នុង​ពិធី​ខួប​ទី​៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្តីពី សិទ្ធិ​កុមារ​អង្គការ Save the Children  សូមបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​យើង ក្នុងការ​លើកស្ទួយ​សិទ្ធិ​កុមារ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រកបដោយ​ចីរភាព និង​ជួយ​ដល់​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ របស់​កុមារ​។ យើង​សូម​អបអរសាទរ ដល់​កិច្ចសហការ​យ៉ាងរឹងមាំ ពី​គ្រប់​ក្រសួង​របស់​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ការជួយ​ឱ្យ​កុមារ ទទួលបាន​នូវ​សិទ្ធិ​ពេញលេញ នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​ព្រឹត្តិការណ៍ #​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​កុមារ​គ្រប់រូប មាន​សកម្មភាព​កម្សាន្ត​ជាច្រើន សម្រាប់​កុមារ និង​ក្រុមគ្រួសារ​រ​របស់​ពួកគេ​។ កម្មវិធី​នេះ ចាប់ផ្តើម​ពី​ម៉ោង ១២ ថ្ងៃត្រង់ រហូតដល់​ម៉ោង ៦ ល្ងាច​។ អ្នកចូលរួម​អាច​ទស្សនា​ការប្រគំ​តន្ត្រី​ផ្ទាល់ និង​ការសម្តែង​នានា​ដោយ DJ ណា​ណា MC សុខ សេរី  អង្គការ Tiny Toones អង្គ​ហ្វារ​ពន្លឺ​សិល្បៈ និង​អង្គការ​ដៃ​ផ្សេងទៀត​។​
​នៅពេល​មកដល់​កម្មវិធី​នេះ កុមារ​នឹង​ទទួលបាន​សម្ភារ​កម្សាន្ត​មួយចំនួន ដូចជា​ខ្លែង​ក្រដាស ដែល​តំណាងឱ្យ​សេចក្តីសង្ឃឹម អាច​លេង​កម្សាន្ត និង​បង្ហាញ​ពី​សមិទ្ធផល​។ ក្នុង​កម្មវិធី​នេះ កុមារ​អាច​កែច្នៃ​ខ្លែង របស់ខ្លួន​ទៅតាម​ទម្រង់​សិល្បៈ និង​សិប្បកម្ម​របស់ខ្លួន​។​
 
​ក្នុងចំណោម​កិច្ចការ​ហត្ថកម្ម​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន កុមារ​ក៏​អាច​លេងល្បែង​កម្សាន្ត និង​ចូលរួម​សកម្មភាព​នានា ពេញ​មួយថ្ងៃ​ផងដែរ ដូច​ជាការ​គូររូប ផ្លុំ​ប៉ោង​ប៉ោង​ជា​រូប​ផ្សេងៗ ល្បែង​ល្បងប្រាជ្ញា​ផ្សេងៗ តុក្កតា សិល្បៈ សិប្បកម្ម ការ​បង្ហោះ​ខ្លែង ការប្រកួត​រាំ ជំនាញ​លេង​សៀក​កម្សាន្ត ជាមួយនឹង​ក្រុម​សៀក​ហ្វារ  និង​ការប្រលង​រាំ​ជាមួយនឹង​អង្គការ Tiny Toones​។​
​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​យប់ សាលា​រាជធានី​ភ្នំពេញ នឹង​បញ្ចាំង​ភ្លើងពណ៌​ខៀវ​នៅ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ជា​និមិត្តសញ្ញា នៃ​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី​៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ទិវា​កុមារ​ពិភពលោក​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
 
​សហភាព​អឺរ៉ុប 
​មន្ត្រី​ព័ត៌មាន​៖ អ្នកស្រី ពូន ប៉ុក 
​អ៊ីមែល​៖ [email protected] ទូរស័ព្ទ​៖ +៨៥៥២៣ ២១៦៩៩៧ 
 
​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា 
​លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង 
​អ៊ីមែល​៖ [email protected] ទូរស័ព្ទ​៖  (+៨៥៥) ១២ ៧៣៣ ៩០៩
 
​អង្គការ Save the Children 
​លោកស្រី Gloria Doñate នាយក​ផ្នែក​យុទ្ធសាស្ត្រ ការគ្រប់គ្រង​រង្វាន់ និង​ទំនាក់ទំនង​
​អ៊ីមែល​៖  [email protected] ទូរស័ព្ទ​៖  +៨៥៥(០)៩៩៤៧៧៨៧១៕




























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com