កីឡាជាតិ
ជាតិ
ទៀង ទី​នី ស្នើ​អ្នកគាំទ្រ​លើកទឹកចិត្ត​ខ្សែការពារ និង​អ្នកចាំទី​ផង កុំ​លើកស្ទួយ​តែ​អ្នក​ទាត់​ចូល​
21, Nov 2019 , 3:05 pm        
រូបភាព
រូបពីគណៈកម្មាធិការបាល់ទាត់ជាតិកម្ពុជា
រូបពីគណៈកម្មាធិការបាល់ទាត់ជាតិកម្ពុជា
ដោយ:
​ខ្សែការពារ​ជើងចាស់ ទៀង ទី​នី សង្កេតឃើញថា កីឡាករ​ខ្សែការពារ និង​អ្នកចាំទី ពុំ​សូវ​ទទួលបាន​ការលើក​ស្ទួយ​ដូច​កីឡាករ​លេង​ក្នុង​តំបន់​ប្រយុទ្ធ​នោះទេ​។ ផ្ទុយទៅវិញ ពួកគេ តែង​ទទួលបាន​ការស្តីបន្ទោស​ពី​អ្នកគាំទ្រ ពេល​ក្រុម​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ ឬ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​គូប្រជែង​។ ទី​នី អះអាងថា បើ​គេ​មានកូន ឬ​ក្មួយប្រុស​នឹងមិន​ឲ្យ​លេង​ជា​ខ្សែការពារ ឬ​អ្នកចាំទី​នោះទេ​។​

 
«​តាំងចិត្ត​ខ្លួនឯង​រួចហើយ បើ​មានកូន​ប្រុស ឬ​ក្មួយប្រុស គឺ​មិន​ឲ្យ​លេង​ខ្សែការពារ និង​អ្នកចាំទី​ទេ​»​។ ខ្សែការពារ​ជើងចាស់ ទៀង ទី​នី សរសេរ​ដូច្នេះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក គ្រាន់តែ​ចង់​ពញ្ញាក់​ស្មារតី​អ្នកគាំទ្រ​មួយចំនួន​ប៉ុណ្ណោះ ពុំមែន​ចង់​ប​ង្ទ​ច់​បង្អាក់ដំណើរ​កីឡាករ ដែល​ចង់​ក្លាយជា​ខ្សែការពារ និង​អ្នកចាំទី​ឆ្នើម​នាពេល​អនាគត​នោះទេ​។​
 
​ការសរសេរ​បែបនេះ ធ្វើឡើង​ក្រោយ​កីឡាករ​ដែល​ត្រូវផុត​កិច្ចសន្យា​ជាមួយ​វិសាខា​ឆ្នាំនេះ​រូបនេះ សង្កេតឃើញថា កីឡាករ​លេង​ក្នុង​តំណែង​ការពារ ឬ​អ្នកចាំទី​តែងតែ​ក្លាយ​ជាផ្ទាំង​ស៊ី​ប​របស់​អ្នកគាំទ្រ​ពេល​ក្រុម​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ឬ​មានការ​ស៊ុត​បញ្ចូល​ទីពី​គូប​ដិ​បក្ស​។ ម្យ៉ាងទៀត ទោះបី​ក្រុម​ទទួលបាន​ជោគជ័យ​ក៏ដោយ ក៏​កម្រ​ទទួលបាន​ការលើកស្ទួយ​ពី​អ្នកគាំទ្រ​ដែរ​។ ផ្ទុយទៅវិញ​ពួកគេ​តែងតែ​សរសើរ និង​លើកស្ទួយ​អ្នករក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី ដោយ​មិន​សិក្សា​ពី​ហេតុផល​ដែល​នាំ​ឲ្យ​កើតមាន​គ្រាប់​បាល់​។ 
 
«​នៅក្នុង​វិស័យ​កីឡាបាល់ទាត់​ខ្មែរ​យើង អ្នកគាំទ្រ​មួយចំនួន​មិនទាន់មាន​ការយល់ដឹង​ច្បាស់លាស់​ពី​បាល់ទាត់​នោះទេ គឺ​ពួកគាត់​តែងតែ​គិតថា​អ្នក​ទាត់​ចូល​ល្អ​រហូត តែបើ​គេ​ទាត់​ចូល​វិញ​ខុសពី​ខ្សែការពារ​និង​អ្នកចាំទី គាត់​អត់​មើលថា តើ​មុននឹង​ខុស​ខ្សែការពារ​និង​អ្នកចាំទី​វា​មានការ​រួមចំណែក​ពី​ខាង​ណាខ្លះ​? បើ​យើង​រួម​សាមគ្គី​ទាំងអស់គ្នា​គឺ​គ្មាន​អ្នក​ខុស​ទេ​»​។ នេះ​ជាការ​យល់ឃើញ​របស់​កីឡាករ ទៀង ទី​នី​។ 
 
​កីឡាករ​រូបនេះ​បន្ថែមថា​៖«​ខ្ញុំ​មិន​បន្ទោស​អ្នកណាម្នាក់​នោះទេ តែ​ខ្ញុំ​សង្កេតឃើញថា ពួកគេ​លើកស្ទួយ​តែ​អ្នក​ទាត់​ចូល តែ​សម្រាប់​ខ្សែការពារ និង​អ្នកចាំទី មិនដែល​ទទួល​បានកា​រ​លើកទឹកចិត្ត​ទេ ហើយ​ពួកគាត់​មិនដែល​សិក្សា​ថា តើ​គាត់​មានការ​លំបាក​យ៉ាងម៉េច​ក្នុងការ​ការពារ កម្លាំង​គាត់​ម៉េច​ដែរ​...​ពេល​ទាត់​ចូល​ល្បី​តែ​អ្នក​ទាត់​ចូល អត់​មើល​ពី​ខ្សែបម្រើ ឬ​ខ្សែការពារ​នោះទេ​»​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី ខ្សែការពារ​រូបនេះ​អះអាងថា រូបគេ​នៅតែ​បន្ត​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​ដដែល មិនមាន​ការផ្លាស់ប្តូរ​នោះទេ​។ ទី​នី ដែល​ត្រូវផុត​កិច្ចសន្យា​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា​នៅ​ចុងឆ្នាំ​នេះ ពុំទាន់​សម្រេចចិត្ត​ជ្រើស​រើសយក​ក្លិប​ណាមួយ​ដើម្បី​លេង​នៅ​រដូវ​កាល​ក្រោយ​នៅឡើយ​ទេ​។ ដ្បិត​បច្ចុប្បន្ន​មាន​ក្លិប​ជាច្រើន​នៅ​កម្ពុជា​កំពុង​ចែវ​ចូ​វ​ចង់បាន​រូបគេ​៕ 

Tag:
 បាល់ទាត់​
  ទៀង ទី​នី​
© រក្សាសិទ្ធិដោយ thmeythmey.com