អន្តរជាតិ
លោក គីម ជុង​អ៊ុន មិន​ទៅ​កូរ៉េខាងត្បូង​ជួប​មេដឹកនាំ​អាស៊ាន​ឡើយ​
21, Nov 2019 , 7:39 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
​ទីបំផុត ជំនួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង នឹង​មិនមាន​វត្តមាន​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឡើយ​។ ជំនួប​ពិសេស​នេះ នឹងធ្វើ​នៅ​សប្ដាហ៍​ក្រោយ​ន​នៅ​ទីក្រុង​កំពង់ផែ​ប៊ូសាន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA ផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ថា ជំនួប​នេះ មិនមែនជា​វេទិកា​សមរម្យ​ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េ​ឡើយ​។ កូរ៉េខាងជើង ក៏​ឆ្លៀត​រិះគន់​កូរ៉េខាងត្បូង​រឿង​ពឹង​ផ្អែកលើ​អាមេរិក​ខ្លាំងពេក​ទៀតផង ទោះ​ដឹងថា នាំ​ឲ្យ​ការចរចា​បរាជ័យ​ក្ដី​។​

 
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទាត់ចោល​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន​ចេ​អ៊ី​ន ដែល​អញ្ជើញលោក​មក​ចូលរួម​ជំនួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង​ដែល​នឹងធ្វើ​ពីថ្ងៃ​ទី​២៥ ដល់ទី​២៧ ខែវិច្ឆិកា​។ ទំនាក់ទំនង​មិនសូវ​សមប្រកប​នៅពេល​បច្ចុប្បន្ននេះ អាចជា​មូលហេតុ​ដែល​លោក គីម សម្រេចចិត្ត​មិន​ជាន់​ទឹកដី​កូរ៉េខាងត្បូង​។ 
 
​លោក មូ​ន នឹង​ស្វាគមន៍​ព្រះរាជ​វត្តមាន និង​វត្តមាន​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ប៊ូ​សា​ដើម្បី​អបអរ​ខួប​ទី​៣០​ឆ្នាំ​នៃ​ភាពជា​ដៃគូ​។ មេដឹកនាំ​កូរ៉េខាងត្បូង តែង​តែង​សង្ឃឹមថា លោក គីម នឹងមាន​វត្តមាន​ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា លោក មូ​ន បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅ​ឲ្យ​លោក គីម នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​មិនអាច​ចូលរួម​ដោយផ្ទាល់​បាន អាច​បញ្ជូន​ប្រេសិត​ពិសេស​មក​ជំនួស​មក​បាន​។​
 
​បើតាម KCNA ក្រុង​ព្យុងយ៉ាង បាន​អរគុណ​សេ​អ៊ូ​ល​សម្រាប់​ការអញ្ជើញ​នេះ ប៉ុន្តែ​គ្មាន​មូលហេតុ​អ្វីដែល​លោក គីម ត្រូវ​ទៅ​ប៊ូសាន​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ថា​៖ «​យើង​ដឹងគុណ​ចំពោះ​ការទុកចិត្ត និង​ភាពស្មោះត្រង់​របស់​ខាងត្បូង ប៉ុន្តែ​យើង​សង្ឃឹមថា កូរ៉េខាងត្បូង នឹង​យល់​ពី​ហេតុផល​ដែល​យើង​មិនអាច​រក​មូលហេតុ​សម​ស្រប​សម្រាប់​លោក គីម ទៅ​ប៊ូសាន​។​»
 
​ក្រុង​ព្យុងយ៉ាង ក៏​រិះគន់​សេ​អ៊ូ​ល​ដែល​រក​ជំនួយ​ពី​កម្លាំង​ខាងក្រៅ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរ​កូរ៉េ​។ ត្រង់ចំណុច​នេះ KCNA បន្តថា វា​ជា​រឿង​សំខាន់​ក្នុងការ​ជ្រើសរើស​ពេលវេលា និង​ទីតាំង​នៃ​ជំនួប បើ​ចង់​ឲ្យ​អ្វី​ទៅមុខ​ដោយ​រលូន​នោះ​។ 
 
​ខណៈ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ប្រែ​ទៅជា​ល្អក់កករ​កាន់តែខ្លាំង​នោះ កូរ៉េខាងជើង បាន​រុញ​ការទទួលខុសត្រូវ​លើ​កូរ៉េខាងត្បូង ពិសេស​ការ​ងាក​ខ្លាំង​ទៅរក​អាមេរិក​។ អាមេរិក​ផ្ទាល់ ក៏​កំពុង​រក​ច្រកចេញ​មិនទាន់​ឃើញ​ដែរ​ក្នុង​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។ របប​ក្រុង​ព្យុងយ៉ាង​បាន​ចោទ​ក្រុង​សេ​អ៊ូ​ល​ថា មិនបាន​អនុវត្ត​ឲ្យ​ពេញលេញ​កិច្ចព្រមព្រៀង​មេដឹកនាំ​កំពូល ប៉ុន្តែ​ព្យុងយ៉ាង ក៏បាន​បដិសេធ​ការស្នើ​ជួបគ្នា​ដើម្បី​ចរចា​ដែរ​៕  

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាស៊ាន​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com