ជាតិ
សេដ្ឋកិច្ច
លោក សុខ ទូច៖ អគារឥន្ទ្រទេវី ជាកន្លែងសម្រាប់បញ្ញវន្តទាំងវិទ្យាសាស្ត្រពិត និងសង្គម
× ភ្នំពេញ៖ អគារឥន្ទ្រទេវី ដែលមានតម្លៃសាងសង់សរុប១,៥៤៦,៩៤៤ដុលា្លរ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០១៩។ អគារនេះ ជាគឺសម្ធទិផលថ្មីរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ នេះជាការលើកឡើងរបស់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធអគារនេះ ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្តនិយាយថា អគារឥន្ទ្រទេវីនេះ សាងសង់ឡើងក្នុងគោលបំណង សម្រាប់ធ្វើជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និងជាកន្លែងស្រាវជ្រាវប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ។ លើសពីនេះទៅទៀត គឺកន្លែងសម្រាប់បញ្ញវន្តវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។
លោក សុខ ទូច បានអះអាង ថា អគារនេះនឹងជាទីកន្លែងបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិ។
អគារនេះមានកម្ពស់បីជាន់ ដែលមានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ ដែលចាប់ផ្តើមសាងសង់ឡើងនៅចុងខែសីហា ឆ្នាំ២០១៨។ បើតាមលោក សុខ ទូច អគារនេះ មានបន្ទាប់ចំនួន២៤ ក្នុងនោះមានបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាតតូច១ បន្ទប់ការពារនិក្ខេបបទ១ បន្ទប់សិក្សាចំនួន១៨ បន្ទប់ Lab ចំនួន២ និងសាលសន្និសីទ១ ដោយបន្ទប់នីមួយៗមានបំពាក់សម្ភារសម្រាប់សិក្សារៀនសូត្រ ដូចជា តុសិស្ស តុគ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់ និង អំពូលម៉ែត្រជាដើម។ នេះបើតាម លោក សុខ ទូច៕
Tag:
អប់រំ
អគារឥន្ទ្រទេវី
រាជបណ្ឌិត្យសភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com