កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ឲ្យ Spurs ជះលុយ៤លានដុល្លារដើម្បីយកគ្រូ២នាក់ពី Lille មកជួយខ្លួន
× Tottenham Hotspur បានយល់ព្រមតាមការស្នើរបស់អ្នកចាត់ការទូទៅថ្មីលោក Jose Mourinho ក្នុងការនាំយកគ្រូបង្វឹកពីក្រុម Lille ចំនួន២រូប គឺលោក Joao Sacramento និង Nuno Santos ទៅធ្វើការរួមគ្នា។ Lille ក្លិបនៃក្របខណ្ឌ Ligue 1 បារាំង នៅថ្ងៃទី២០ ខែវិច្ឆិកា បានប្រកាសជាផ្លូវការថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ពីររូបរបស់ខ្លួនសម្រេចចាកចេញទៅធ្វើការជាមួយ Mourinho នៅ Spurs ហើយ។
លោក Sacramento វ័យ៣០ឆ្នាំ ជាជំនួយការគ្រូបង្វឹករបស់លោក Christophe Galtier ដែលជាអ្នកចាត់ការទូទៅក្រុម Lille សព្វថ្ងៃ។ Sacramento បានចូលរួមជាមួយ Lille នៅខែមករា ឆ្នាំ ២០១៧ ពោលគឺតាំងពីក្រុមនៅបារាំងនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Marcelo Bielsa ដែលត្រូវបានបណ្តេញចេញពីតំណែងនៅចុងឆ្នាំ ២០១៧ម្លេះ។
ដោយឡែកលោក Santos បានក្លាយជាគ្រូបង្វឹកអ្នកចាំទីនៅ Lille តាំងពីដើមរដូវកាលមុន។ បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ៤៦ឆ្នាំរូបនេះ ធ្លាប់ប្រកបអាជីពជាអ្នកចាំទីឲ្យ Benfica ក្នុងឆ្នាំ ២០០០ អំឡុងពេលដែលលោក Mourinho បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅទីនោះដូចគ្នា។
ក្លិបមាន់ខ្នាយមាស Spurs រាយការណ៍ថាបានចំណាយប្រាក់ចំនួន៤លានដុល្លារអាមេរិក ទៅឲ្យ Lille ដើម្បីនាំយកគ្រូជំនួយលោក Sacramento និងលោក Santos គ្រូអ្នកចាំទី តាមការចង់បានរបស់លោក Mourinho។
អ្នកចាត់ការរហស្សនាម Special One វ័យ៥៦ឆ្នាំ បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Spurs ជាផ្លូវការ តែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះបន្ទាប់ពីក្លិបបានបញ្ចប់តំណែងអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino។ អតីតគ្រូ Manchester United, Chelea, Real Madrid, FC Porto និង Inter Milan រូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ពោលគឺរហូតដល់រដូវកាល ២០២២-២៣៕
Tag:
Jose Mourinho
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com