កីឡាជាតិ
ជាតិ
ក្រុម​ប៉េតង់​នារី​កម្ពុ​ជាទី​១ វាយបក​យកឈ្នះ​បារាំង ១០-៨ ដើម្បី​ឡើងទៅ​វគ្គ​១/៨
21, Nov 2019 , 5:15 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​ការិនី​ប៉េតង់​ទី​១​របស់​កម្ពុជា​បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​(១/៨)​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​និង​ស្ត្រី​នៅ​កម្ពុជា ក្រោយ​វាយបក​យកឈ្នះ​បារាំង​ក្នុងការ​ប្រកួត​ជុំ​ទី​៥​នៅ​រសៀល​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ក្រុម​នារី​កម្ពុ​ជាទី​២ និង​យុវជន​ទី​២ ក៏​ទទួលបាន​កៅអី​ឡើង​ប្រកួត​នៅ​វគ្គ​នេះ​ផងដែរ​។​

 
​ក្រុមកីឡា​ការិនី​ប៉េតង់​ទី​១​ដែលមាន​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង កែវ សុ​វណ្ណា បាន​វាយបក​យកឈ្នះ​បារាំង​ក្នុង​លទ្ធផល ១០-៨ ក្រោយ​ដល់​ម៉ោង​កំណត់​១​ម៉ោង​។ ជ័យ​ជ​ន្នះ​នេះ ជួយ​ឲ្យ​ក្រុមកីឡា​ការិនី​ប៉េតង់​ទី​១ ក្លាយជា​ក្រុមទី​៣​របស់​កម្ពុជា ដែល​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក Junior & Women Petanque World Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​ក្រុម​នារី​ទី​១​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ដោយបាន​យកឈ្នះ​ក្រុម​ឡេ​តូ​នី​ក្នុង​លទ្ធផល ១៣-៣ នៅ​ជុំ​ទី​១, ឈ្នះ​មី​យ៉ាន់​ម៉ា ១៣-៤, ឈ្នះ​ទុយ​នី​ស៊ី ១៣-៦ តែ​ចាញ់​ថៃ ១២-៧​។ នៅក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ ក្រុម​នារី​ទី​១​កម្ពុជា​អាច​ជួប​ជាមួយ​អ៊ីតាលី ឬ​ហ្វាំ​ង​ឡង់ ។ 


 
​ក្រុម​នារី​កម្ពុ​ជាទី​២​ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង វង ចន្ថា ក៏​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ផងដែរ បន្ទាប់ពី​យកឈ្នះ​តួ​ក​គី ១៣-១ ក្នុងជំនួប​បើកឆាក ក្រោយ​វាយបក​យកឈ្នះ​ម៉ា​ដា​ហ្គា​ស្កា ១៣-១២, ឈ្នះ​ឡាវ ១៣-២, ឈ្នះ​អេ​ស្ប៉ា​ញ ១៣-៣ និង​ឈ្នះ​ម៉ាឡេស៊ី ១០-៩​។ ក្រុម​នារី​ទី​២​កម្ពុជា​អាច​ប៉ះ​ជាមួយ​ញូ​កាឡេ​ដូ​នៀ ឬ​ចិន​។​
 
​ជាមួយគ្នានេះ​ក្រុមយុវជន​ទី​២​ដែលមាន​កីឡាករ ឃួន លី​ហ៊​, ភាព វ៉ា​ឃីម​, កុយ សុ​ភ័​ក្ត្រា និង គង់ កែវ​សុខា​ន់ ក៏​ឡើងទៅ​វគ្គ​១/៨​ដែរ ក្រោយ​យកឈ្នះ​ក្រុម​ឡេ​តូ​នី ១៣-០, ឈ្នះ​ស្វី​ស ១៣-១០, ឈ្នះ​អេ​ស្ប៉ា​ញ ១០-៧ និង​ឈ្នះ​ឡាវ ៩-៨ តែ​ចាញ់​ថៃ ១៣-១១​។ ក្រុមយុវជន​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​មកពី​សាធារណរដ្ឋ​ឆែក​។ 
 
​ក្រៅពី​ក្រុម​ទាំងបី​កីឡាការិនី កែ ឡេង និង​យុវជន ឃួន លី​ហ៊ ក៏បាន​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​៨​នាក់​ចុងក្រោយ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ផងដែរ​។ កីឡាការិនី កែ ឡេង ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​ន័​រ​វែ​ស Homnaim Ranu, Bivilak Thepphakan របស់​ឡាវ​, Khin Cherry Thet របស់​មី​យ៉ាន់​ម៉ា​, Streel Laura របស់​បែលហ្ស៊ិក​, Fueangsanit Nantawan របស់​ថៃ​, Wang Yon Jin របស់​ចិន និង​កីឡាការិនី​កាណាដា Bergeron Maryse​។   
 
​ចំណែក​យុវជន​មកពី​ខេត្តតាកែវ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ Rakotoarivelina Larot របស់​ម៉ា​ដា​ហ្គា​ស្កា​, Buche Jean Philippe មកពី​ម៉ូ​ណា​កូ​, Caporgno Davide មកពី​អ៊ីតាលី​, Kallionpaa Sebastain មកពី​ស៊ុយអែត​, Rinkeaw Peempod មកពី​ថៃ​, Casale Joe មកពី​បារាំង និង Justin Neu មកពី​អាល្លឺម៉ង់​៕  

Tag:
 ប៉េតង់​
  Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com