ជាតិ
នយោបាយជាតិ
អគារថ្មីរបស់បក្សកាន់អំណាច មានទំហំប៉ុនវិមានសន្តិភាព រូបទេព្តាបាចផ្កាក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និង វិមានសន្តិភាព (រូបវិមានសន្តិភាពពីគណនីហ្វេសប៊ុក Ah Nhana)
× អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជា នឹងសាងសង់រួចរាល់ ហើយគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២០។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
អគារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា (គ៨៥ តាមបណ្តោយមហាវិធីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា អគារថ្មីនេះ មានទំហំ៥៤០០០ម៉ែត្រការ៉េ ដែលប្រហាក់ប្រហែលនឹងអគារវិមានសន្តិភាព។
ប្រធានគណបក្សកាន់អំណាច ថ្លែងដូច្នេះថា៖«ពីមុន មានអគារច្រើនដែរ ក៏ប៉ុន្តែក៏វាទ្រុឌទ្រោមណាស់ទៅហើយ។ ឥឡូវ យើងត្រូវធ្វើអគារមួយ សម្រាប់ធ្វើការងាររបស់គណបក្ស ដែលជាគណបក្សកាន់អំណាច»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា តាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីកន្លងមក ទឹកប្រាក់ ដែលចំណាយលើការសាងសង់អគារថ្មីនេះ គឺប្រមាណជា៣០លានដុល្លារ។ លោក បន្ថែមថា ថវិកាទាំងនេះ គឺបានមកពីការរួមចំណែករបស់សមាជិកគណបក្ស។ លោក បញ្ជាក់ដូច្នេះថា៖«មិនដែលបក្សឯណា យកលុយពីក្រៅមកទេ លុយសមាជិកចូលគ្នាតិចៗម្នាក់»។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សកាន់អំណាចដែរនោះ អះអាងថា អគារនេះ ចាប់ផ្តើមសាងសង់ជាងមួយឆ្នាំហើយ។ លោក ពុំបានចាំច្បាស់ឡើយ ថាអគារនេះ មានកម្ពស់ប៉ុន្មានជាន់។
គម្រោងនៃការសង់អគារថ្មីរបស់គណបក្សកាន់អំណាច បានលេចឮជាព័ត៌មាន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ពោលគឺក្រោយគណបក្សនេះ ទទួលជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិទី៦៕
© រក្សាសិទ្ធិដោយ thmeythmey.com