ពីនេះ ពីនោះ
ដើម្បី​ដាំ​សណ្ដែកកួរ​លូតលាស់​ល្អ តើ​កសិករ​គួរ​ធ្វើ​ដូចម្ដេច​?
22, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ដំណាំ​សណ្ដែកកួរ ជា​ដំណាំ​ដែលមាន​ការពេញនិយម​បរិភោគ និង​មាន​ទីផ្សារ​។ ដើម្បី​ដាំ​ដំណាំ​សណ្ដែកកួរ ទទួលបាន​ទិន្នផល​ល្អ កសិករ​ក៏ត្រូវ​ដឹង​ពី​វិធីសាស្ត្រ​ខ្លះៗ ដូចជា​ការជ្រើសរើស​ពូជ និង​សម្អាត​គ្រាប់​សម្រាប់​ដាំ ការរៀបចំ​ដី និង​ការធ្វើ​រង​ដាំ រួមទាំង​ការថែទាំ​ជាដើម​។​


 
​ក្នុងការ​ជ្រើសរើស​ពូជ​សម្រាប់​សណ្ដែកកួរ កសិករ​គួរ​រក​ទិញ​សណ្ដែក​ពូជ​ក្បាលកោះ​។ ក្នុងនោះ មុនពេល​ដាំ កសិករ​គួរ​យក​គ្រាប់ពូជ​សណ្ដែក​ទាំងនោះ​ទៅ​ហាលថ្ងៃ​រយៈពេល​៣០​នាទី ចាប់ពី​ម៉ោង​៩​ព្រឹក​។ បន្ទាប់ពី​ហាល​រួច កសិករ​ត្រូវ​ទុក​គ្រាប់ពូជ​ឲ្យ​ត្រជាក់ ហើយ​ត្រូវ​រើស​គ្រាប់​ណា​ដែលមាន​ខ្មូតស៊ី​ចេញ​។ ក្រោយមកទៀត កសិករ ត្រូវ​យកតែ​គ្រាប់​ដែល​ស្អាត​ល្អ​ទៅ​ត្រាំ​ក្នុង​ទឹក​រយៈពេល​៥០​នាទី ទើប​អាច​យកទៅ​ដាំ​បាន​។ 
 
​មុនពេល​ដាំ​កសិករ​ត្រូវ​ភ្ជួរ​ដី ៣​ដង ដោយ​លើក​ទី​១ និង​ទី​២ ត្រូវ​រាស់​ពង្រាបដី​ឲ្យ​ស្មើ និង​រក្សា​ដី​ទុក​រយៈពេល​៧​ថ្ងៃ​ឲ្យ​ស្មៅ​រលួយ និង​លើក​ទី​៣ ត្រូវធ្វើ​រង​។ ដំណាំ​សណ្ដែកកួរ កសិករ​គួរប្រើ​ជី​កំ​ប៉ុ​ស្ត​គោក​សម្រាប់​ទ្រាប់​បាត ហើយ​ក្នុង​១​រង គួរ​ដាក់​៣​ធុង ដោយ​ច្របល់​ជាមួយ​ដី​ទុក​៣​ថ្ងៃ​ទើប​ដាំ​។ កសិករ​ត្រូវដាក់​គ្រាប់​១​ទៅ​២​គ្រាប់​ក្នុង​១​រណ្ដៅ ចន្លោះ​គុម្ព ៥​តឹក ដោយ​មួយ​រង​ដាំ​២​ជួរ បន្ទាប់ពី​ដាំ​ហើយ​ត្រូវ​គ្រប​ចំបើង ដើម្បី​ការពារ​សំណើម និង​ស្រោច​ទឹក​២​ដង​ក្នុង​១​ថ្ងៃ​។​
 
​សម្រាប់​ការថែទាំ​វិញ ពេល​ដាំ​បាន​៧​ថ្ងៃ កសិករ​ត្រូវដាក់​ទ្រើង​ពី​ឫស្សី​ឲ្យ​សណ្ដែក​វារ​ឡើង​។ កសិករ​ត្រូវ​ចាប់ផ្ដើម​ដាក់​ជី​កំ​ប៉ុ​ស្ត​ទឹក ១​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ១៥​លីត្រ ក្រោយ​១៥​ថ្ងៃ​ត្រូវ​ស្រោច​ម្ដងទៀត​(​ស្រោច​ជី​កំ​ប៉ុ​ស្ត​ទឹក​) ឲ្យ​ដល់​៣៥​ថ្ងៃ ប្រើ​ជី​កំ​ប៉ុ​ស្ត​គោក ក្នុង​មួយ​រង ១​ធុង​កន្លះ​។ បន្ថែម​លើ​នេះ រយៈពេល​១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដាំ​មក ត្រូវ​ស្រោច​ទឹក​២​ដង ក្នុង​១​ថ្ងៃ ពេលព្រឹក និង​ពេល​ល្ងាច​។ ក្រោយ​ពីនេះ​កសិករ អាច​ស្រោច​ទឹក​១​ដង​ក្នុង​១​ថ្ងៃ​នៅពេល​ព្រឹក គ្រប​គល់​ដោយ​ចំបើង និង​ត្រូវ​បោចស្មៅ​ចេញ​។​
 
​ចំពោះ​សត្វល្អិត​ដែល​បំផ្លាញ កសិករ​ត្រូវ​ចេះ​ការពារ​ដំណាំ​ដោយ​ប្រើ​ថ្នាំពុល​តាមបែប​ធម្មជាតិ និង​មិនមាន​ផលប៉ះពាល់​ដល់​ដំណាំ​។ ក្នុង​ការធ្វើ​ថ្នាំពុល​ធម្មជាតិ កសិករ​ត្រូវមាន​គ្រឿងផ្សំ​ដូចជា បណ្ដូល​ពេជ្រ ២​គីឡូក្រាម​, រំដេង ២​គីឡូក្រាម​, ស្លឹក​និង​សំបក​ក្រូច ២​គីឡូក្រាម​, ទឹក​១៥​លីត្រ ដោយ​ត្រាំ​ចូលគ្នា​ទុក​រយៈពេល ៣០​ថ្ងៃ​ទើប​ប្រើ​បាន​។ ក្នុង​ការប្រើ កសិករ​ត្រូវយក​ថ្នាំពុល​លាយ​ជាមួយ​ទឹក ១៥​លីត្រ ស្រោច​នៅពេល​ល្ងាច ហើយ​នៅពេល​ព្រឹក ត្រូវ​លាង​ដោយ​ស្រោច​ទឹក​ធម្មតា ប្រើ​ក្នុងដំណាក់កាល​លូតលាស់​។ ក្នុងករណី មាន​កើត​ចៃ ត្រូវ​បាញ់​ថ្នាំពុល​ធម្មជាតិ​តាម​ជាក់ស្ដែង ថ្នាំពុល​១​លីត្រ​លាយ​ជាមួយ​ទឹក​ធម្មតា ១៥​លីត្រ បាញ់​រាល់ពេល​ល្ងាច​រហូតដល់​អស់​ចៃ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឍមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 កសិកម្ម​
  សណ្ដែកកួរ
© រក្សាសិទ្ធិដោយ thmeythmey.com