ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី កំពុង​រក​ផ្លូវ​ថ្មី មក​កម្ពុជា​
21, Nov 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​ទើបនឹង​ទៅដល់​បារាំង​វិញ បាន​ចេញមក​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អំពី​ជំហាន​បន្ទាប់​របស់លោក ក្នុង​ការវិល​មក​កម្ពុ​ជា​។ លោក អះអាងថា លោក កំពុងតែ​ស្វែងរក​ផ្លូវ​ផ្សេងទៀត ដើម្បី​បាន​ចូលមក​កម្ពុជា បន្ទាប់ពី​លោក បរាជ័យ​ក្នុង​ផែនការ​លើកទីមួយ គឺ​ការយក​ប្រទេស​ថៃ​ធ្វើជា​កន្លែង​ឆ្លងកាត់​ចូលមក​កម្ពុជា​។​


 
​លោក សម រង្ស៊ី បាន​បង្ហោះ​សំណេរ​នេះ ដោយ​អម​ជាមួយនឹង​វីដេអូ​ឃ្លី​ប​ដែល​លោក ផ្តល់​បទ​សម្ភាស​ជាមួយ​វី​អូ​អេ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ តាមរយៈ​កិច្ច​សម្ភាស​នោះ លោក បង្ហាញ​ក្តី​សង្ឃឹមថា ដោយមាន​ការជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ លោក និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង នឹង​ស្វែងរក​ផ្លូវ​ថ្មី​បាន ហើយ​អាច​ចូល​មកដល់​កម្ពុជា​។   
 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ ត្រូវតែ​រក​ច្រក​ណា​ផ្សេងទៀត ហើយ​យើង ត្រូវតែ​រក​អ្នក​ដែលមាន​ឥទ្ធិពល​ក្នុង​ពិភពលោក និង សហគមន៍​អន្តរជាតិ ដូចជា អាមេរិក អឺរ៉ុប ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ យើង ត្រូវ​ប្រើ​កម្លាំង​ទាំងអស់​ហ្នឹង ដើម្បី​ទម្លុះទម្លាយ ដើម្បី​អ្នកស្នេហាជាតិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅដល់​ទឹកដី​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ 
 
​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនទាន់​កំណត់​ឲ្យ​ជាក់លាក់​ដូច​លើក​មុន​នោះទេ​ថា ផែនការ​លើក​ទី​ពីរ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​នេះ នឹងត្រូវ​ធ្វើឡើង​នៅពេលណា ហើយ​តាម​ច្រក​ណា​។
 
​ផែនការ​លើកទីមួយ លោក សម រង្ស៊ី គ្រោង​ចូលទៅ​ប្រទេស​ថៃ ដើម្បី​ប្រមូលផ្តុំ​កម្លាំង​អ្នកគាំទ្រ ហើយ​នាំគ្នា​ដើរ​ចូលមក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ តែ​អ្វីៗ មិនបាន​កើតឡើង​តាម​ការគ្រោងទុក​ឡើយ​។ 
 
​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា លោក បាន​ទៅដល់​ព្រលានយន្តហោះ ត្រៀម​ធ្វើដំណើរ​ពី​បារាំង ទៅ​ថៃ តែ​ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​យន្តហោះ​។ លោក ប្រាប់​អ្នកកាសែត​នៅ​ព្រលានយន្តហោះ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ធ្វើតាម​បញ្ជា​របស់​រដ្ឋាភិបាល​ខ្លួន​។ 
 
​ក្រោយ​ថៃ​មិន​ឲ្យ​ចូល លោក សម រង្ស៊ី ក៏​សម្រេច​ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី​ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ហើយ​បន្ទាប់មក លោក ក៏​បន្តទៅ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក បាន​ទៅដល់​បារាំង​វិញ​៕

Tag:
 ​សម រង្ស៊ី
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com