ជាតិ
សេដ្ឋកិច្ច
មន្ត្រី​រដ្ឋាភិបាល​៖ ការចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន មិនមែន​ដោយសារ​រឿង EBA នោះទេ​
21, Nov 2019 , 9:59 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល(រូបខាងឆ្វេង) និងលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល(រូបខាងឆ្វេង) និងលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នឹង​ចាប់ផ្ដើម​ពិភាក្សា​អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​សេរី (FTA) ជាមួយ​ចិន នៅ​ដើមខែ​ធ្នូ​ឆ្នាំនេះ​។ ការចរចា​នេះ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​ទាំង​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប​។



អត្ថបទទាក់ទង
​មន្ត្រីជាន់ខ្ពស់​អះអាងថា រដ្ឋាភិបាល​មិនមែន​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ដើម្បី​ជួយ​យឹតយោង​ស្ថានភាព​សេដ្ឋកិច្ច បើសិន EBA ត្រូវបាន​ដក​មែន នោះឡើយ​។ «​ការយក​ពាណិជ្ជកម្ម​សេរី​ដែល​យើង​បម្រុង​នឹងធ្វើ​នេះ​ទៅ​ប្រៀបធៀប ឬក៏​ចាត់ទុកថា​ដោះស្រាយ​បញ្ហា​បាត់បង់​EBA គឺ​មិនគួរ​ចាត់ទុក​បែបនេះ​ទេ ព្រោះ​វា​គ្រាន់តែ​ជាការ​គាប់​ជួន​មួយ ហើយ​មកដល់ពេលនេះ​ក៏​មិនទាន់​អាចនិយាយបាន​យើង​បាត់​EBA​នោះដែរ​។ ហើយ​នេះ​ជា​កិច្ច​ការដែល​យើង​បាន​ត្រៀម​យូរ​មកហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ពាណិជ្ជកម្ម​សេរីរ​វ​វាង​កម្ពុជា​និង​ចិន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន​អះអាង​ស្រដៀង​គ្នា​នឹង​លោក ប៉ែន សុ​វិជាតិ ខាងលើ​ដែរ​។ លោក​មានប្រសាសន៍​ក្នុង​សន្និសីទ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ថា​យើង​ត្រៀមលក្ខណៈ (​ឆ្លើយតប​នឹង​រឿង​EBA) គឺ​មិនមែន​ដូច្នេះ​ទេ​។ កម្ពុជា​ធ្វើ​ដូចម្ដេច​? គឺ​គោលដៅ​(​ប្រាក់ចំណូល​)​ដែល​ខ្លួន​ចង់បាន​នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ដោយ​ឈើ​លើ​សមាហរណកម្ម​ដែល​ធ្វើ​ក្នុង​តំបន់​អាស៊ាន ហើយ​យើង​ក៏មាន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែលជា​ទីផ្សារ ១,៤​ពាន់​លាន​នាក់​។ កន្លែង​ណា​ដែល​យើង​រកស៊ី​បាន គឺ​យើង​ទៅ​។ អ្នក​ដែល​ប្រើប្រាស់​រឿង EBA មក​បំភ័យ គឺជា​រឿង​អាម៉ាស វា​មិនមែន​អ៊ីចឹង​ទេ​»​។​
 
​គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ក្រសួងពាណិជ្ជកម្ម នឹង​ទៅ​ពិភាក្សា​លើកដំបូង​ដើម្បី​ឈាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ភាគី​ចិន នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំនេះ​។ គណៈប្រតិភូ​នេះ រួមមាន​ក្រុមការងារ​ចំនួន​៤​។ ក្នុងនោះ​រួមមាន​ក្រុមការងារ​ចរចា​ផ្នែក​ពាណិជ្ជកម្ម​ទំនិញ និង​ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​សេវា​ដែល​ដឹកនាំ​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រុមការងារ​ចរចា​ការវិនិយោគ​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​កម្ពុជា និង​ក្រុម​កា​ងារ​ចរចា​ផ្នែក​សហប្រតិបត្តិ​ការដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ​។​
 
​កន្លងមក​ចិន​បាន​យល់ព្រម​ឲ្យ​កម្ពុជា​នាំ​ផលិតផល​ទៅ​ទីផ្សារ​ខ្លួន​ចំនួន ៩៧​បន្ទាត់​ពន្ធ ដោយ​រួច​ពន្ធ​។ តែ​មកទល់​សព្វថ្ងៃនេះ​កសិផល​កម្ពុជា​ចំនួន​៤​មុខ​ប៉ុណ្ណោះ​ដែល​អា​ចូល​ទីផ្សារ​ចិន​បាន ដែល​ក្នុងនោះ​រួមមាន ស្វាយ ចេក ដំឡូង​មី និង​អង្ករ ខណៈ​ផលិតផល​ផ្សេងទៀត​ជួប​របាំង​បច្ចេកទេស ពិសេស​គឺ​ផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ​។ លោក ប៉ែន សុ​វិជាតិ លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន នឹង​ហុច​ផល​ដល់​កម្ពុជា ឲ្យ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទៅ​ចិន​។ លោក​ប្រាប់ថា ផលិតផល​កសិកម្មរ​បស់​កម្ពុជា​ដែល​មិនទាន់​ឆ្លងកាត់​របាំង​បច្ចេកទេស​រួច អាច​នឹងត្រូវ​ចរចា​ជា​កញ្ចប់ ដើម្បី​អាច​នាំ​ចេញទៅ​ចិន​បាន​។​
 
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៧០០៨ លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​១​ពាន់​លាន ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៦០៤០​លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ចិន​ត្រឹម​ចំនួន ៨៦៤​លាន​ដុល្លារ ខណៈ​នាំចូល​ពី​ចិន​មកវិញ​ទំហំ ៦១៤៤​លាន​ដុល្លារ​៕

Tag:
 FTA
  EBA
  ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com