ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកត្រាំ ផ្ញើលិខិតមកសម្តេច ហ៊ុន សែន ប្រាប់ថា អាមេរិក មិនគាំទ្រឲ្យប្តូររបបនៅកម្ពុជាឡើយ
21, Nov 2019 , 8:37 pm        
រូបភាព
សម្តេច ហ៊ុន សែន ជួបលោក ដូណាល់ ត្រាំ ក្នុង​កិច្ចប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧
សម្តេច ហ៊ុន សែន ជួបលោក ដូណាល់ ត្រាំ ក្នុង​កិច្ចប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយលោក បានប្រគល់លិខិតពីរច្បាប់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជូនទៅសម្តេចនាយករដ្ឋមន្រ្តី។



លិខិតទីមួយ គឺនិយាយពីទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរថា អាមេរិក មានបំណងធ្វើឲ្យទំនាក់ទំនងជាមួយកម្ពុជា កាន់តែប្រសើរឡើង។ បើតាមសារលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី លោក ដូណាល់ ត្រាំ បានបញ្ជាក់ជំហររបស់អាមេរិក ក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់កម្ពុជា និង «មិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជានោះទេ»។

អាមេរិក ថែមទាំងអះអាងថា នឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ។ នេះបើតាមសំណេរលើលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តីដដែល ដោយបានសរសេរបន្ថែមថា អាមេរិក ក៏នឹងបន្តជួយកម្ពុជា ឲ្យមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកខ្វក់ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀត។

ចំណែកលិខិតទីពីរ គឺលោក ដូណាល់ ត្រាំ អញ្ជើញសម្តេចនាយករដ្ឋមន្រ្តី ទៅចូលរួមប្រជុំកំពូលរវាងអាមេរិក និងអាស៊ាន ដែលរៀបចំលើទឹកដីអាមេរិក នៅឆ្នាំ២០២០។

យ៉ាងណា គេ ពុំបានឃើញលិខិតទាំងពីររបស់លោក ដូណាល់ ត្រាំ បង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តីនោះទេ។ តែ គេ ឃើញសម្តេចនាយករដ្ឋមន្រ្តី កាន់ក្រដាស ទំនងជាលិខិតរបស់លោក ដូណាល់ ត្រាំ ដែលលោក Murphy ទើបប្រគល់ជូន។ រីឯ ទំព័ហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ក៏ពុំបានបង្ហោះលិខិតទាំងនោះដែរ ដោយគ្រាន់តែផ្តល់ព័ត៌មានអំពីជំនួបជាថ្មីរវាងលោក Murphy និងប្រមុខរដ្ឋាភិបាលកម្ពុជា។


ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក Murphy

ក្នុងជំនួបជាមួយលោក Murphy សម្តេចនាយករដ្ឋមន្រ្តី អរគុណអាមេរិក ដែលបានគាំទ្រកម្ពុជាតាំងពីកម្ពុជា មិនទាន់ទទួលបានឯករាជ្យ ក្នុងឆ្នាំ១៩៥៣មកម្ល៉េះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកការជួយនេះ ថាជាការបង្ហាញពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដែលមានរយៈពេលយូរលង់មកហើយ។ មេដឹកនាំកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការបង្កើនមិត្តភាពល្អជាមួយអាមរិក។

កម្ពុជា និង អាមេរិក ធ្លាប់ល្អក់កករជាមួយគ្នាតិចតួច ចាប់តាំងពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧។ លោក ត្រូវចាប់ខ្លួន ដោយសារតែរដ្ឋាភិបាលកម្ពុជា សង្ស័យថា លោក លួចទៅសហការជាមួយបរទេស ពិសេសអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ 

អាមេរិក តែងទទូចឲ្យដោះលែងលោក កឹម សុខា និងធ្លាប់បដិសេធថា អាមេរិក មិននៅពីក្រោយលោក កឹម សុខា ឬអតីតគណបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់ស្នើឲ្យស្ថានទូតអាមេរិក ចេញមុខបកស្រាយជំវិញសម្តីរបស់លោក កឹម សុខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ដឹងថា អាមេរិក ជួយលោក កឹម សុខា រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពិតមែន ឬក៏លោក កឹម សុខា ចេះតែនិយាយ។ តែអាមេរិក បានត្រឹមតែបដិសេធជាដដែលៗថា មិនពាក់ព័ន្ធនឹងរឿងនេះ។

សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ក្នុងចោទប្រកាន់និងចាប់លោក កឹម សុខា។ វីដេអូឃ្លីបនោះ គឺជាការ​ថ្លែង​សារ​នយោបាយរបស់លោក កឹម សុខា ​ទៅកាន់​អ្នកគាំទ្រ​នៅ​អូស្ត្រាលី តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។

ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា ប្រាប់​អ្នកគាំទ្រ​ថា លោក មាន​អ្នកជំនាញបរទេស​នៅ​ពីក្រោយ ដូចជាសាស្រ្តាចារ្យរបស់អាមេរិក ជាដើម ដើម្បី​ផ្តល់យោបល់ពីការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ ​ហើយលោក ក៏បានថ្លែងដែរថា លោក តែងតែត្រូវបានរដ្ឋាភិបាលអាមេរិក អញ្ជើញលោកទៅជួបមួយដងក្នុងមួយឆ្នាំ ដើម្បីណែនាំពីរបៀបផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។

ផ្តើមចេញពីរឿងលោក កឹម សុខា​ នេះហើយ ដែលតុលាការកំពូល សម្រេចរំលាយអតីតគណបក្សប្រឆាំងចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយភ្ជាប់ហេតុផលថា មេដឹកនាំនៃគណបក្សនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ តុលាការកំពូល ថែមទាំងហាមថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។

ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរុប សុទ្ធតែយល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់ធ្លាក់ចុះ ម្ល៉ោះហើយទើបបានជាសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក ទទូចឲ្យរដ្ឋាភិបាលរបស់ពួកគេ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅកម្ពុជា ខណៈសហភាពអឺរ៉ុប​ ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ EBA៕  


 

Tag:
 ហ៊ុន សែន​
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com