ការបន្សាបជាតិពុល គឺជាដំណើរការនៃកម្ចាត់ជាតិពុលគ្រោះថ្នាក់ផ្សេងៗចេញពីក្នុងរាងកាយ។ ដំណើរការនេះ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺ។ ការបន្សាបជាតិពុលក្នុងរាងកាយ គឺគ្មានអ្វីស្មុគស្មាញឡើយដោយអ្នកអាចធ្វើទៅបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារមួយចំនួន។
ខាងក្រោមនេះយើង នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលមានប្រសិទ្ធភាពបន្សាបជាតិពុលពីក្នុងរាងកាយ ៖
១. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិទឹក ជាតិសរសៃ ព្រមទាំងសារធាតុចិញ្ចឹម និងជាតិរ៉ែដែលល្អសម្រាប់សុខភាព ហើយជួយកម្ចាត់ជាតិពុលផ្សេងៗ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។
២. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៣. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ allicin ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីនិងបន្សាបជាតិពុលគ្រោះថ្នាក់ចេញពីក្នុងរាងកាយទប់ស្កាត់ជំងឺ។ ខ្ទឹមសក៏ជួយជំរុញថ្លើមអោយផលិតអង់ស៊ីមបន្សាបជាតិពុលដែលជួយច្រោះសម្អាតជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៤. បន្លែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសរសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
៥. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើមកម្ចាត់ជាតិពុល។ អ្នកអាចបន្ថែមម្សៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៦. ក្រូចឆ្មារ
បរិមាណនៃវីតាមីន C ដែលមានវត្តមាននៅក្នុងក្រូចឆ្មារ គឺចាំបាច់សម្រាប់រាងកាយដើម្បីបង្កើតបាននូវសមាធាតុ glutathione។ ហើយសមាសធាតុនេះជួយថ្លើមក្នុងដំណើរការនៃការបន្សាបជាតិពុល។ ក្រូចឆ្មារក៏ជួយប្រព័ន្ធរំលាយអាហារក្នុងដំណើរការនៃការកម្ចាត់កាកសំណល់ផងដែរ។ អ្នកអាចច្របាច់ទឹកក្រូចឆ្មារស្រស់ម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ បន្ទាប់មកទទួលទានវាជាប្រចាំរៀងរាល់ព្រឹក។
៧. ខ្ញី
ជាប្រភពដ៏ល្អបំផុតនៃសារធាតុ shogaols និង សារធាតុ gingerols ដែលជួយលើកកម្ពស់ការបន្សាបជាតិពុលពីក្នុងរាងកាយដោយបង្កើនលឿនចលនានៃអាហារតាមរយៈពោះវៀន។ ជាលទ្ធផល ដំណើរការនេះជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់និងកាកសំណល់ចេញពីថ្លើម ពោះវៀនធំ រួមទាំងសរីរាង្គខាងក្នុងផ្សេងទៀត។
៨. ឪឡឹក
ផ្លែឈើនេះមានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជំរុញមុខងារតម្រងនោម បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh