ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាទម្លាប់មួយចំនួនដូចជាជក់បារី ឬទទួលទានគ្រឿងស្រវឹងច្រើនអាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាព ប៉ុន្តែក្រៅពីនេះក៏នៅមានទម្លាប់ធម្មតាប្រចាំថ្ងៃផ្សេងទៀតដែលបង្កបញ្ហាគួរឲ្យព្រួយបារម្ភផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីទម្លាប់សាមញ្ញៗ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពបន្តិចម្ដងៗ ៖
១. ដុសធ្មេញភ្លាមៗក្រោយទទួលទានរួច
ការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាមអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពធ្មេញ។ ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយទទួលទានអាហារសិនមុននឹងដុសសម្អាតធ្មេញ។ ធ្មេញរបស់យើងទទួលបានការការពារពីកាចា ហើយជាតិអាស៊ីតដែលត្រូវបានបង្កើតឡើងពីអាហារផ្សេងៗធ្វើអោយកាចាធ្មេញចុះខ្សោយ ដូច្នេះប្រសិនបើដុសធ្មេញភ្លាមក្រោយទទួលទាននោះធ្មេញនឹងងាយទទួលរងផលប៉ះពាល់។
២. អង្គុយពេញមួយថ្ងៃ
ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ការអង្គុយយូរៗពេកក្នុងមួយថ្ងៃអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។
៣. គេងច្រើនពេក
ការគេង គឺចាំបាច់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរគេងលើសពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឡើយ! ក៏ព្រោះវាអាចបង្កជាផលប៉ះពាល់ជំនួសវិញ។ ការគេងច្រើនពេកជាប្រចាំត្រូវបានផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ជ្រុល និងការថយចុះនៃមុខងារខួរក្បាលជាដើម។
៤. មិនប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ
ការមិនប្រើប្រាស់ឡេការពារកម្ដៅថ្ងៃអាចធ្វើឱ្យស្បែកជួបប្រទះបញ្ហាជាច្រើន។ តើអ្នកធ្លាប់ដឹងទេថាឡេការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងណាស់ ៣០ នឹងជួយថែរក្សាស្បែករបស់អ្នកឱ្យចៀសផុតពីបញ្ហាផ្សេងៗដែលអាចបង្កឡើងដោយសារការប៉ះពាល់ត្រូវពន្លឺព្រះអាទិត្យយូរ ឬខ្លាំងបាន? ដូច្នេះដើម្បីជាការប្រសើរកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃនៅរាល់ពេលចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ។
៥. ទទួលទានអាហារលឿនពេក
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទាន ឬទំពារអាហារលឿនពេកអាចបណ្ដាលអោយកើតមានបញ្ហាសុខភាពជាច្រើន។ ក្រៅពីជះឥទ្ធិពលដល់ទម្ងន់ហើយនោះ ការទទួលទានលឿនក៏បង្កើនហានិភ័យនៃជំងឹបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ អ្នកដែលទទួលទានលឿនច្រើនតែទទួលទានច្រើនជ្រុលនោះក៏ព្រោះតែជាធម្មតាខួរក្បាលត្រូវការរយៈពេលជាមធ្យម ២០ នាទីពីពេលដែលអ្នកចាប់ផ្ដើមទទួលទានដើម្បីបញ្ជូនសញ្ញាថាឆ្អែត។
៦. មិនធ្វើលំហាត់ប្រាណ
ដំណោះស្រាយដ៏ល្អបំផុតមួយដើម្បីរក្សាបានសុខភាពរឹងមាំ អារម្មណ៍ប្រសើរ ហើយជួយគ្រប់គ្រងទម្ងន់ គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ដូច្នេះប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ បញ្ហាសុខភាពជាច្រើននឹងកើតមានឡើងមិន
ខាន៕
ត្រួតពិនិត្យដោយ www.health.com.kh