អន្តរជាតិ
លោក មូ​ន សង្ឃឹមថា លោក គីម មក​ប្រជុំ​ជាមួយ​អាស៊ាន ដើម្បី​បង្កើន​ការគាំទ្រ​ពី​អន្តរជាតិ​
22, Nov 2019 , 11:02 am        
រូបភាព
មេដឹកនាំគីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយនឹងលោកប្រធានាធិបតីមូន ចេអ៊ីន, រូបភាព៖ Yonhap
មេដឹកនាំគីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយនឹងលោកប្រធានាធិបតីមូន ចេអ៊ីន, រូបភាព៖ Yonhap
​ការិយាល័យ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​បញ្ចេញ​ភាព​សោកស្តាយ​ជាខ្លាំង​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា បន្ទាប់ពី មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ច្រានចោល​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េខាងត្បូង​។ មន្ត្រី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លើកឡើងថា លោក មូ​ន ចង់បាន​វត្តមាន​លោក គីម ដើម្បី​ការបង្កើន​ការគាំទ្រ​ពី​អន្តរជាតិ​លើ​ការបង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​


 
​ជំនួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង​នៅ​ទីក្រុង​ប៊ូសាន ដែល​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ដល់​២៧ ខែវិច្ឆិកា មិនមាន​មុខ​លោក គីម ជុង​អ៊ុន ឡើយ ដោយ​លោក​បាន​បដិសេធ​ការអញ្ជើញ​របស់លោក មូ​ន ចេ​អ៊ី​ន​។ ការអញ្ជើញ​មេដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ឲ្យ​ចូលរួម ក្នុង​កិច្ចប្រជុំ​មួយ​នេះ គឺ​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ឲ្យ​កាន់តែ​ច្រើនជាង​មុន​។​
 
​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ចំពោះ​សារ​រំលែក​ទុក្ខ​ការស្លាប់​របស់​ម្តាយ​ពី​សំណាក់​លោក គីម  លោក មូ​ន ក៏​ឆ្លៀត​អញ្ជើញលោក គីម ឲ្យ​ទៅ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នាទី​ក្រុង​ប៊ូសាន​ខាងមុខ ដើម្បី​បង្កើន​ការគាំទ្រ​ពី​អន្តរជាតិ លើ​សន្តិភាព​ក្នុង​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​រូបនេះ បាន​ទាត់ចោល​សំណើ​របស់​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Ko Min-jung​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកនាំពាក្យ​បាន​បន្តទៀតថា តាម​ការយល់ឃើញ​រប​ស់លោក​ប្រធានាធិបតី មូ​ន កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​គួរតែ​ជួបគ្នា​ឲ្យ​បាន​កាន់តែ​ញឹកញាប់ កាន់តែ​ល្អ ហើយ​ខិតខំ​រួមគ្នា ដើម្បី​បង្កើត​ការគាំទ្រ​ពី​អន្តរជាតិ លើ​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព​ក្នុង​ឧបទ្វីប​កូរ៉េ​។ 
 
​បើទោះបីជា មេដឹកនាំ​គីម បាន​ទាត់ចោល​សំណើ​ចូលរួម​ក្នុងជំនួប​នៅ​ប៊ូសាន​ក៏ដោយ លោក មូ​ន នៅតែមាន​សុទិដ្ឋិនិយម​ថា លោក​អាច​នឹង​មានឱកាស​ដ៏​កម្រ​មួយ ក្នុងការ​អង្គុយ​ជជែក​ពិភាក្សា​បញ្ហា​ជាមួយ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០ ដោយមាន​វត្តមាន​លោក​គីម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី Ko​។ 
 
​សូមបញ្ជាក់ថា តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA ផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ថា​ជំនួប​អាស៊ាន​-​កូរ៉េខាងត្បូង មិនមែនជា​វេទិកា​សមរម្យ​ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េ​ឡើយ​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com