អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៥ ដែល​អាច​ផលិត​ស៊ីម៉ងត៍​បាន​ជិត ៨ លាន​តោន​ក្នុង​មួយឆ្នាំៗ​
23, Nov 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​គិត​មកទល់​ពេលបច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៥  ដែល​អាចមាន​សមត្ថភាព​ផលិត ចំនួន ៨ លាន​តោន ក្នុង​មួយឆ្នាំ​។ ក្រោយ​ឆ្នាំ​២០០៨ វត្តមាន​រោងចក្រ​ស៊ីម៉ងត៍​នៅ​កម្ពុជា ត្រូវ​កើន​ឡើងជា​បន្តបន្ទាប់ សម្រាប់  ផលិត​ស៊ីម៉ងត៍ ដើម្បី​បំពេញតម្រូវការ​សាងសង់ ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន​កម្ពុជា បាន​កាត់បន្ថយ​ការ​នាំចូល​ស៊ីម៉ងត៍ ពី​បរទេស​បាន​យ៉ាងច្រើន​។  នេះ​បើ​យោងតាម លោក យស់ មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​។
 
​លោក មុនី​រ៉ាត់ បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន ៥ រាប់ទាំង​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដែល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ រោងចក្រ​ទាំង​៥​នេះ ដែល​អាច​ផលិត​ស៊ីម៉ងត៍​បាន​ជិត ៨ លាន​តោន ក្នុង​មួយឆ្នាំ​នោះ​រួមមាន​៖
 
១. រោងចក្រ​ស៊ីម៉ងត៍​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២ លាន​តោន​ក្នុង​មួយឆ្នាំ​។​
២. រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា ចក្រី​ទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១ លាន​តោន​ក្នុង​មួយឆ្នាំ​។​
៣. រោងចក្រ​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២ លាន​តោន​ក្នុង​មួយឆ្នាំ​។​
៤. រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ជិត ២ លាន​តោន​ក្នុង​មួយឆ្នាំ​។​
៥. រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ស្ថិតនៅ​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ជិត ១ លាន​តោន​ក្នុង​មួយឆ្នាំ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com