កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ប្រធាន​ក្លិប Real ថា Bale គួរ​ទៅ​ចូលរួម​ជាមួយ Mourinho នៅ Spurs
22, Nov 2019 , 2:25 pm        
រូបភាព
​លោក Ramon Calderon អតីត​ប្រធាន​ក្លិប Real Madrid ជឿជាក់ថា​ការវិលត្រឡប់​ទៅកាន់​ក្រុម Tottenham Hotspur នឹង​ក្លាយជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់ Gareth Bale ខណៈ​រូបគេ​ហាក់​កំពុងមាន​បញ្ហា​ជាថ្មី​ជាមួយ​ក្លិប​យក​អេ​ស្ប៉ា​ញ​មួយ​នេះ​។​


 
​លោក Calderon យល់ឃើញថា Bale នឹងមិន​ពេញចិត្ត​ក្នុងការ​ស្នាក់នៅ Bernabeu បន្ត​ទៀតឡើយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​អបអរសាទរ​ដែល​ជម្រើសជាតិ​វេ​លស៍​ឈានទៅ Euro 2020 ដោយបាន​កាន់​ទង់ជាតិ​ប្រទេស​ខ្លួន​ដែល​បង្ហាញ​ឈ្មោះ វេ​លស៍​នៅ​លំដាប់​ទី​១ កីឡា​កូនគោល​ទី​២ និង​ចុងក្រោយ Real Madrid​។ 
 
​ការបង្ហាញ​ទង់ជាតិ​ដោយ​ដាក់ឈ្មោះ Real Madrid ចុងក្រោយ កីឡា​កូនគោល​ទៀត​នោះ ត្រូវបាន​គេ​យល់ឃើញថា Bale បានចាត់ទុក​ក្រុម​ដែល​ខ្លួន​កំពុង​ប្រកប​អាជីព​សព្វថ្ងៃ​ស្ថិតក្នុង​ជម្រើស​ក្រោយ​កីឡា​កូនគោល​ទៅទៀត​។ 


 
​ករណី​ខាងលើនេះ លោក Calderon សញ្ជាតិ​អេ​ស្ប៉ា​ញ និយាយថា Bale ប្រាកដជា​ដឹង​ច្បាស់​ពីអ្វី​ដែល​បាន​សរសេរ​នៅលើ​ទង់ជាតិ​នោះ​មិន​ខាន​។ អតីត​ប្រធាន​ក្លិប​ស្តេច​ស វ័យ​៦៨​ឆ្នាំ​បន្ថែមថា​៖«Bale ផ្លាស់​ទៅ Spurs គឺជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ភាគី​ទាំងសងខាង​»​។​
 
​ស្របពេល​អតីត​អ្នកចាត់ការ Real Madrid លោក Jose Mourinho បាន​ទៅ​ជំនួស​តំណែង​លោក Mauricio Pochettino នៅ Spurs លោក Calderon ជឿជាក់ថា Bale អាច​វិលត្រឡប់​ទៅកាន់​ទឹកដី​អង់គ្លេស​វិញ​មិន​ខាន​។ Bale បាន​ចំណាយពេល​៦​រដូវ​ជាមួយ​ក្លិប​ក្នុង​ក្រុង​ឡុង​ដ៏ មុនពេល​ផ្លាស់​ទៅ Real ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក​កាលពី​ឆ្នាំ ២០១៣​។​
 
Calderon បាន​ប្រាប់ BBC ទៀត ថា​៖«​ជាការ​ពិត Mourinho ចូលចិត្ត​កីឡាករ​រូបនេះ​ណាស់​។ កាលពី​ឆ្នាំ ២០១៧ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ធ្លាប់​ព្យាយាម​ទិញ Bale ទៅ​ចូលរួម Manchester United ប៉ុន្តែ​ត្រូវ Real Madrid បដិសេធ​»៕

Tag:
 Tottenham Hotspur
  Gareth Bale
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com