អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ផ្លូវការ​ពីបទ​ពុករលួយ​
22, Nov 2019 , 7:19 pm        
រូបភាព
នាកយរដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ  (Benjamin Netanyahu)  (AFP)
នាកយរដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) (AFP)
ដោយ:
​នាក​យ​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ  (Benjamin Netanyahu) ត្រូវបាន​រដ្ឋអាជ្ញា​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​សំណុំរឿង​ពុករលួយ ។ ការចោទប្រកាន់​នេះ អាច​ជះឥទ្ធិពល​ធំធេង​ដល់​អនាគត​នយោបាយរ​បស់​លោក​មេដឹកនាំ​រូបនេះ​។

 
​លោក​រដ្ឋអាជ្ញា​អ៊ីស្រាអែល Avichai Mandelblit បានសម្រេច​ចិត្ត​ចោទប្រកាន់​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ លើ​បទល្មើស​ដូចជា ទទួល​សំណូក​, កេង​បន្លំ និង​រំលោភ​ទំនុកចិត្ត​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​អ៊ីស្រាអែល​ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា​។ 
 
​លោក ណេ​តាន់​យ៉ា​ហ៊ូ ដែល​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់នេះ ក្លាយជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទីមួយ ដែល​ត្រូវបាន​រដ្ឋអាជ្ញា​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ខណៈ​កំពុង​កាន់តំណែង​។ អ្នកនយោបាយ​ស្តាំនិយម​រូបនេះ ដែល​បាន​កាន់អំណាច​តាំងពី​ឆ្នាំ​២០០៩​មក គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​បង្អស់​របស់​អ៊ីស្រាអែល និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ឆាកនយោបាយ​។​
 
​ទោះ​រង​ការចោទប្រកាន់​ក៏ដោយ​ក្តី លោក ណេ​តាន​យ៉ា​ហ៊ូ ពុំទាន់​តម្រូវ​តាមច្បាប់​ឲ្យ​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ ពោលគឺ​រហូតដល់​លោក​ត្រូវបាន​ផ្ដន្ទាទោស ហើយ​សម្រេច​ឈប់​ដាក់​បណ្ដឹងឧទ្ធរណ៍​។ ក៏ប៉ុន្តែ​សម្ពាធ​នយោបាយ ទំនងជា​កាន់តែ​តានតឹង​។ ខណៈ​នេះ មេដឹកនាំ​វ័យ​៧០​ឆ្នាំ​រូបនេះ ប្រហែល​កំពុង​ស្នើសុំ​ទៅ​សភា​អ៊ីស្រាអែល​ដើម្បី​ផ្តល់នូវ​អភ័យឯកសិទ្ធិ ពី​ការកាត់ទោស​។ 
 
​បទចោទប្រកាន់​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ គឺ​រាប់​ចាប់ពី ការទទួលយក​អំណោយ​ដែល​គិត​ជា​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​ពី​អ្នកជំនួញ​មានៗ​ដែល​ស្និ​ទ្ធិ​នឹង​លោក ព្រមទាំង​ការបង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្លាស់ប្តូរ​ខ្លឹមសារ​នីតិបញ្ញត្តិ​ផ្គាប់ចិត្ត​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ជា​ថ្នូរ​នឹង​ការ​ឲ្យ​ពួកគេ​ចេញផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​រដ្ឋបាល​លោក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋអាជ្ញា Mandelblit បញ្ជាក់​ឲ្យ​ដឹងថា វា​គឺជា​ថ្ងៃ​ដ៏​សោកសៅ​និង​លំបាក​សម្រាប់​អ៊ីស្រាអែល​ក្នុងការ​ចោទប្រកាន់​មេដឹកនាំ ក៏ប៉ុន្តែ​វា​មាន​សារសំខាន់ ព្រោះថា វា​បាន​បង្ហាញថា គ្មាន​ប្រជាជន​អ៊ីស្រាអែល​ណា​ម្នាក់ ឈរ​នៅលើ​ច្បាប់​នោះឡើយ​។ លោក សង្ក់​ត​ធ្ងន់​ថា​៖«​ការអនុវត្ត​ច្បាប់ ពុំមែន​ជា​ជម្រើស​ឡើយ​។ វា​ពុំ​ខ្វល់​ថា​នរណា​ជា​អ្នកនយោបាយ​ឆ្វេង​ឬ​ស្តាំនិយម​ឡើយ​។ ហើយ​វា​ក៏​ពុំមែន​ជា​រឿង​នយោបាយ​ផងដែរ​»​។ យ៉ាងណាក៏ដោយ លោក អះអាងថា លោក ណេ​តាន់​យ៉ា​ហ៊ូ នៅតែ​ជាម​នុស្ស​គ្មាន​កំហុស រហូតដល់​រកឃើញថា​លោក​ពិតជា​ប្រព្រឹត្តិ​កំហុស​មែន​។​
 
​ក្នុង​សុន្ទរកថា​តាមរយៈ​កញ្ចក់​ទូរទស្សន៍ លោកនាយក​រដ្ឋមន្ត្រី បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា​គឺជា «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ។ លោក លើកឡើងថា អាជ្ញាធរ ពុំបាន​ធ្វើការ​ដើម្បី​ស្វែងរក​ការពិត​ឡើយ​។ គោលដៅ​ពួកគេ គឺ​តាម​លោក​តែម្តង​។ ត្រង់នេះ លោក​បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​អ្នកស៊ើប​អង្កេត​។ 
 
​មែនទែនទៅ ជំហាន​បន្ទាប់​ក្នុង​ដំណើរការ​នេះ ពុំទាន់​ច្បាស់លាស់​នៅឡើយ ដោយ​អាជ្ញាធរ​ពុំទាន់​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការបើក​សវនាការ​។ ប្រទេស​អ៊ីស្រាអែល ដឹកនាំ​ដោយ​គ្មាន​រដ្ឋាភិបាល​អស់​រយៈពេល​ជិត​មួយឆ្នាំ​ទៅហើយ ខណៈ​លោក ណេ​តាន់​យ៉ា​ហ៊ូ ជា​នាយករដ្ឋមន្ត្រី​ក្នុង​អំណាច​ជា​ស្តីទី ។ 
 
​សូមបញ្ជាក់ថា ការចោទប្រកាន់​របស់​រដ្ឋអាជ្ញា​លើ​លោកនាយក​រដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ កើតឡើង​ខណៈដែល​អ៊ីស្រាអែល​កំពុង​ប្រឈមមុខ​នឹង​លទ្ធភាព​នៃ​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​៣ ក្នុង​រយៈពេល​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​ទាំង​លោក ណេ​តាន់​យ៉ា​ហ៊ូ និង​គូប្រជែង​នយោបាយ​សំខាន់​លោក គឺ​លោក Benny Gantz សុទ្ធតែ​មិនអាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន​។ ទាក់ទិន​នឹង​ការជាប់គាំង​នយោបាយ​នេះ លោក​ប្រធានាធិបតី​អ៊ីស្រាអែល Reuven Rivlin នៅ​ថ្ងៃ​ព្រហស្បតិ៍ ២១​វិច្ឆិកា បានស្នើ​ឲ្យ​សមាជិកសភា​ព្រមព្រៀងគ្នា​លើ​បេក្ខជន​ម្នាក់​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងពេល​២១​ថ្ងៃ ហើយ​បញ្ចៀស​ការរៀបចំ​ការបោះ​ឆ្នោត​ជា​លើក​ទី​៣​ក្នុង​រយៈពេល​១​ឆ្នាំ​៕

Tag:
 អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
  អំពើ​ពុករ​រលួយ
© រក្សាសិទ្ធិដោយ thmeythmey.com