លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសពីគម្រោងនៃការបង្កើតធនាគារមួយ ដែលមិនធ្លាប់ឮពីមុនមកនៅកម្ពុជា គឺធនាគារគោ។ លោក ប្រកាសពីគម្រោងនេះ ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវីរបស់រាជបណ្ឌិត្យសភា ក្រោមវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
បន្ថែមពីលើការថ្លែងក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការបង្កើតធនាគារគោ គឺដើម្បីជួយប្រជាពលរដ្ឋកម្ពុជាដែលខ្វះខាត ឲ្យមានលទ្ធភាពចិញ្ចឹមគោ (គោទឹកដោះ) ដែលនាំចូលពីបរទេសមក។ លោក ថា ទីតាំងធនាគារគោ នឹងត្រូវបង្កើតឡើងក្នុងឧទ្យានតេជោសែនឫស្សីត្រឹប នៅស្រុកឆែប ខេត្តព្រះវិហារ។
លោក លើកឡើងថា បើប្រជាពលរដ្ឋណា មានបំណងចង់បានគោទឹកដោះទៅចិញ្ចឹម ធនាគារគោ នឹងផ្តល់ជូនពួកគាត់ ដោយមិនតម្រូវឲ្យចំណាយប្រាក់ឡើយ តែពេលគោរបស់ពួកគាត់ ផលិតបានទឹកដោះ ពួកគាត់ ត្រូវបែងចែកទឹកដោះគោនោះខ្លះ ទៅឲ្យធនាគារគោ ដើម្បីជាការកាត់កងចំពោះតម្លៃគោ ដែលពួកគាត់ ទទួលពីធនាគារគោ។
បើគោ១ក្បាល អាចផលិតបានទឹកដោះ២០លីត គឺពួកគាត់ ទុកលក់ខ្លួនឯង១០លីត និងត្រូវឲ្យ១០លីត ទៅធនាគារគោ។ បើ១០លីត ថ្លៃ៥ដុល្លារ (២ពាន់រៀលក្នុង១លីត) ពួកគាត់ អាចនឹងចំណាយពេលពី១ឆ្នាំទៅ២ឆ្នាំ ដើម្បីសងគ្រប់ចំនួនថ្លៃគោ១ក្បាល ដែលមានតម្លៃ២ពាន់ដុល្លារ។ ក្រោយពួកគាត់ សងគ្រប់ចំនួនហើយ គោ១ក្បាលនោះ នឹងក្លាយជាកម្មសិទ្ធិរបស់ពួកគាត់។ ទាំងនេះគឺជាឧទាហរណ៍របស់លោក សុខ ទូច ដែលលោក លើកយកមកពន្យល់ពីគម្រោងនៃការបង្កើតធនាគារគោ។
លោក បន្តថា មុននឹងចែកគោទឹកដោះ ទៅឲ្យប្រជាពលរដ្ឋ ធនាគារគោ ត្រូវបណ្តុះបណ្តាលពួកគាត់ ឲ្យមានជំនាញក្នុងការចិញ្ចឹមជាមុនសិន។ លើសពីនេះ ពួកគាត់ ក៏ត្រូវមានឆន្ទៈពិតប្រាកដក្នុងការចិញ្ចឹមគោទឹកដោះដែរ។
លោក បន្ថែមថា ធនាគារគោ ជាកន្លែងចាត់ចែងក្នុងការចែកចាយគោទឹកដោះ ទៅឲ្យប្រជាពលរដ្ឋ ហើយពួកគាត់សងវិញជាផលិតផលទឹកដោះគោ មិនមែនជាកន្លែងផ្តល់កម្ចី ដូចធនាគារទូទៅឡើយ។ លោក បញ្ជាក់បែបនេះថា៖«មិនដូច [ធនាគារទូទៅ] ទេ ខុសគ្នាឆ្ងាយណាស់»។
លោក អះអាងថា គម្រោងនៃការបង្កើតធនាគារគោ គឺជាគំនិតរបស់លោកនិងរាជបណ្ឌិត្យសភាផ្ទាល់ មិនមែនយកគំរូពីប្រទេសណានោះទេ។ យ៉ាងណា លោក ពុំទាន់អាចនិយាយបានឡើយថា ធនាគារគោ នឹងត្រូវបង្កើតជាផ្លូវការនៅពេលណា។ លោក អាចត្រឹមនិយាយបានថា ធនាគារគោ នឹងត្រូវបង្កើតឡើង នៅពេលការចិញ្ចឹមគោទឹកដោះ និង ការសិក្សាកែច្នៃទឹកដោះគោ ទទួលបានជោគជ័យ។
បច្ចុប្បន្ន រាជបណ្ឌិត្យសភា កំពុងចិញ្ចឹមគោទឹកដោះប្រមាណ១០០ក្បាល ក្នុងឧទ្យានតេជោសែនឫស្សីត្រឹប។ គោទឹកដោះទាំងនេះ នាំមកពីប្រទេសដាណឺម៉ាក ចូលមកកម្ពុជាជាលើកដំបូង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។
បើតាមការរៀបរាប់លោក សុខ ទូច ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី មកដល់ពេលនេះ គោទឹកដោះទាំង១០០ក្បាលនោះ អាចផលិតទឹកដោះបានប្រមាណ៨០០លីតក្នុង១មួយថ្ងៃ និងចាប់ផ្តើមចរាចរលក់ហើយ ក្នុងទីផ្សាររាជធានីភ្នំពេញ និងក្នុងផ្សារតាមបណ្តាខេត្តនានា។ តែលោក ត្អូញត្អែរថា រាជបណ្ឌិត្យសភា មិនទាន់រកបានទីផ្សារទូលំទូលាយនោះទេ ក្នុងការលក់ផលិតផលទឹកដោះគោនេះ ដោយសារប្រជាពលរដ្ឋ មិនទាន់ស្គាល់ និងមិនទាន់មានទម្លាប់ទទួលទានផលិតផលរបស់ខ្មែរ។
លោក បានលើកពីគុណសម្បត្តិថា ឧទ្យានតេជោសែនឫស្សីត្រឹប បានបង្កើតមុខរបរជូនប្រជាពលរដ្ឋ។ លោក បរិយាយបែបនេះថា៖«...ប្រជាពលរដ្ឋ ឈប់កាប់ព្រៃ ឈប់បរបាញ់សត្វ។ ពួកគាត់ ងាកមកបម្រើការងារនៅក្នុងឧទ្យានតេជោសែនឫស្សីត្រឹប ដូចជា ដាំស្មៅ ដាំដើមឈើឡើងវិញ និង អនាគត ពួកគាត់ នឹងដើរតួជាមគ្គុទេសក៏ទេសចរ ព្រោះរាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងប្រែក្លាយឧទ្យាននេះ ឲ្យទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វព្រៃ អភិរក្សព្រៃឈើ វប្បធម៌ និង ទេសចរណ៍»។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ទូច បានឲ្យដឹងថា រាជបណ្ឌិត្យសភា កំពុងសិក្សាពីការកែច្នៃទឹកដោះគោ ទៅជាផលិតផលច្រើនយ៉ាង ដូចជា ប៊័រ និង ឈីស (Cheese ) ជាដើម ដើម្បីកាត់បន្ថយការនាំចូលផលិតផលទាំងនេះពីបរទេស។ ក្រៅពីកែច្នៃទឹកដោះគោ ទៅជាផលិតផលផ្សេង រាជបណ្ឌិត្យសភា ក៏ត្រូវសិក្សាពីគុណភាពដែរ ដោយត្រូវប្រើរូបមន្តបែបណា ដើម្បីរក្សាទុកផលិតផលទាំងនោះឲ្យបានយូរ អាចដល់១ឆ្នាំឬ២ឆ្នាំ។
ប្រធានរាជបណ្ឌិត្យសភា បានបង្ហាញភាពលំបាកថា ការចិញ្ចឹមគោទឹកដោះ និង ការបង្កើតធនាគារគោនេះ មិនមែនជារឿងងាយស្រួល ហើយងាយទទួលជោគជ័យនោះទេ។ លោក លើកឡើងដូច្នេះថា៖«យើង ដឹងហើយ ធ្វើកសិកម្មហ្នឹង អត់ចំណេញទេ វា ខុសពីលក់ដីឡូតិ៍ ខុសពីលក់ឡាន ខុសពីកាប់ឈើលក់ ព្រោះអានេះ វា ត្រូវការខាត យើងត្រូវការពេលវេលា។ ប៉ុន្តែ បើវាជោគជ័យ វាជោគជ័យមួយជីវិតរបស់ប្រទេស...»៕