អន្តរជាតិ
លោក ចូ​កូ​វី តែងតាំង​យុវជន​ជា​មន្ត្រី​ជំនាញ ដើម្បី​ផ្ដល់យោបល់​ពី​គំនិត​ច្នៃប្រឌិត​ថ្មីៗ​
22, Nov 2019 , 8:19 pm        
រូបភាព
ប្រធានាធិបតីចូកូ វីដូដូ ជាមួយនឹងយុវជនទាំង ៧រូប, រូបភាព៖ the Jakarta Post
ប្រធានាធិបតីចូកូ វីដូដូ ជាមួយនឹងយុវជនទាំង ៧រូប, រូបភាព៖ the Jakarta Post
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ សម្រេច​ជ្រើសរើស​យុវជន​ចំនួន ៧​នាក់​ជា​សមាជិក នៃ​មន្ត្រី​ជំនាញ​របស់​ប្រធានាធិបតី ក្នុង​គោលបំណង​ផ្តល់​គំនិត​ថ្មីៗ និង​ច្នៃប្រឌិត​សម្រាប់​រូបលោក ក្នុង​បរិបទ​ឥណ្ឌូណេស៊ី ត្រូវកា​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ព័ត៌មាន The Jakarta Post នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។


 
​យុវជន​ចំនួន ៧​នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រ​ធានា​ធីប​តី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ មានដូចជា លោក Adamas Belva Syah Devara នាយក​ប្រ​ត្តិ​ប​ត្តិ និង​ស្ថាបនិក​ក្រុមហ៊ុន​Ruangguru, លោក Andi Taufan Garuda Putra ស្ថាបនិក​ក្រុមហ៊ុន Amartha Fintech, កញ្ញា Putri Tanjung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Creativeprenuer, កញ្ញា Ayu Kartika Dewi សហ​ស្ថាបនិក​ក្រុមហ៊ុន SabangMerauke, លោក Gracia Billy Mambrasar នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kitong Bisa, កញ្ញា​Angkie Yudistia សហគ្រិន និង​អតីត​ប្រធាន​ចលនា​និស្សិត​ឥស្លាម​ឥណ្ឌូណេស៊ី លោក Aminuddin Maruf​។​
 
​ជាការ​ពិត ក្នុងចំណោម​យុវជន​ទាំង​៧ គឺមាន​អាយុ​ចាប់ពី ២៣​ឆ្នាំ រហូតដល់ ៣៦​ឆ្នាំ​។ ចំណែក​បុគ្គល ដែលមាន​អាយុ​ក្មេង​ជាងគេ គឺ​យុវតី Putri Tanjung ដែលមាន​វ័យ​ត្រឹមតែ ២៣​ឆ្នាំ​ប៉ុណ្ណោះ និង ជា​កូនស្រី​អ្នកជំនួញ និង​អតីតមន្ត្រី​ឥណ្ឌូណេស៊ី​។ យុវតី​ម្នាក់ទៀត Angkie Yudistia ជា​ជនពិការ​សមត្ថភាព​ខាង​ការ​ស្តាប់ ត្រូវបាន​ប្រធានាធិបតី​លោក ចូ​កូ​វី ជ្រើសរើស​ជា​អ្នកនាំពាក្យ​សម្រាប់​កិច្ចការ​សង្គម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ការជ្រើសរើស​យុវជន​នេះ លោក​វី​ដូ​ដូ បាន​ប្រាប់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា ការជ្រើសរើស​យុវជន​ឲ្យ​មក​ធ្វើជា​មន្ត្រី​ជំនាញ​របស់​ប្រធានាធិបតី គឺ​ដើម្បី​ជួយ​រូបលោក ឲ្យ​មានគំនិត​ថ្មីៗ និង​គំនិត​ច្នៃប្រឌិត ដើម្បី​ជួយ​ឲ្យ​ប្រទេស​អភិវឌ្ឍ​កាន់តែ​លឿន​ថែមទៀត​។ ទន្ទឹមនេះ លោក​ប្រធានាធិបតី​បន្តថា ការជ្រើសរើស​ដូចខាងលើ គឺ​ដើម្បី​ជា​ចំណង​ចងភ្ជាប់​រូបលោក ជាមួយនឹង​យុវជន​។​
 
​សូមបញ្ជាក់ថា ក្រៅពី​យុវជន ៧​រូប​ខាងលើ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏បាន​តែងតាំង​មនុស្ស ៥​នាក់​ទៀតផង​ដែរ ដែល​បានធ្វើការ​ជាមួយ​រូបលោក តាំងពី​អាណត្តិ​ទីមួយ​មក​ម្លេះ​។ ក្នុងចំណោម​ជន​ទាំង​៥ នាក់​នេះ គឺមាន​ដូចជា​សាស្ត្រាចារ្យ អ្នកសេដ្ឋកិច្ច ប្រធាន​គណបក្សនយោបាយ អ្នកច្បាប់ និង​អ្នកនយោបាយ​ជាដើម​៕

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ​វី​
© រក្សាសិទ្ធិដោយ thmeythmey.com