កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ​! កែ ឡេង កីឡាការិនី​ទី​១​ដែល​ឈ្នះ​មេដាយមាស​ពិភពលោក​៤​លើក​ជាប់​គ្នា​
22, Nov 2019 , 4:18 pm        
រូបភាព
កែ ឡេង កីឡាការិនី​ទី​១​ដែល​ឈ្នះ​មេដាយមាស​ពិភពលោក​៤​លើក​ជាប់​គ្នា​
កែ ឡេង កីឡាការិនី​ទី​១​ដែល​ឈ្នះ​មេដាយមាស​ពិភពលោក​៤​លើក​ជាប់​គ្នា​
ដោយ: រួបរួម
​ការ​ឈ្នះ​មេដាយមាស​មួយ​បន្ថែម​នា​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា នេះ បាន​នាំ​ឲ្យ​វីរ​កីឡាការិនី កែ ឡេង ក្លាយជា​កីឡាការិនី​ទីមួយ​លើ​ពិភពលោក​ដែល​ឈ្នះ​មេដាយមាស​ពិភពលោក​៤​សម័យកាល​ជាប់​គ្នា​។ ការសម្រេចបាន​នេះ នាំ​ឲ្យ​វីរ​កីឡាការិនី​កម្ពុជា ឈរ​ពីលើ​កីឡាការិនី​បារាំង Papon Angelique ដែល​ឈ្នះបី​លើក​ជាប់​គ្នា​។​

 
​នា​ការប្រកួត​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) ដែល​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កីឡាការិនី កែ ឡេង បាន​យកឈ្នះ​កីឡាការិនី​ឡាវ Bivilak Thepphakan ក្នុង​លទ្ធផល  ៣៦-២២ ដើម្បី​ទទួលបាន​មេដាយមាស​ពិភពលោក​លើក​ទី​៤​។ ការប្រកួត​ប្រកួត​បី​លើកចុងក្រោយ កីឡាការិនី កែ ឡេង ក្លាយជា​ម្ចាស់​មេដាយមាស​ទាំងអស់​។ 
 
​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៣ និង​២០១៥ កែ ឡេង បាន​យកឈ្នះ​កីឡាការិនី​ទុយ​នី​ស៊ី Beji Mouna ទាំង​ពីរលើក ដោយ​ឆ្នាំ​២០១៣ ប្រព្រឹត្ត​នៅ​ក្រុង Montauban ប្រទេស​បារាំង និង​ឆ្នាំ​២០១៥ នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។ កាលពី​ឆ្នាំ​២០១៧ វីរ​កីឡាការិនី​កម្ពុជា​រូបនេះ បាន​យកឈ្នះ​កីឡាការិនី​ថៃ Phantipha Wongchuvej នៅ​ក្រុង Kaihua ប្រទេស​ចិន​។​
 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២ មក កីឡាការិនី​បារាំង Papon Angelique មានកំណត់​ត្រា​ឈ្នះ​មេដាយមាស​៣​លើក​ជាប់​គ្នា​នៅ​ឆ្នាំ​២០០៦, ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩​។ កីឡាការិនី​ផ្សេងទៀត​ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​រួមមាន កីឡាការិនី​អេ​ស្ប៉ា​ញ Mattaranz Yolanda (​ឆ្នាំ​២០០២), កីឡាការិនី​ថៃ Thamakord Thongsri និង​កីឡាការិនី​ម៉ា​ដា​ហ្គា​ស្កា Randriambahiny Hanta Francine៕

រូបថតដោយ លោក ទេព ពិទូរ្យ៖









Tag:
 ប៉េតង់​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com