អន្តរជាតិ
លោក Kissinger ព្រមានពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងអាមេរិកនិងចិន
× អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានព្រមានថា ជម្លោះប្រដាប់អាវុធ អាចផ្ទុះឡើងរវាងសហរដ្ឋអាមេរិកនិងចិន ប្រសិនបើមហាអំណាចទាំងពីរ បរាជ័យក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងអូសបន្លាយជិត២ឆ្នាំមកនេះ។ ពីរដ្ឋធានីប៉េកាំង នៅថ្ងៃ២១វិច្ឆិកា លោក Kissinger អះអាងថា ប្រសិនបើភាគីទាំងពីរ បន្តមើលឃើញរាល់បញ្ហាទាំងអស់ក្នុងពិភពលោក ក្នុងន័យជម្លោះជាមួយគ្នាទៅវិញទៅមកនោះ ទង្វើនេះអាចមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិ។
ថ្លែងនៅវេទិកា New Economy របស់ Bloomberg នារដ្ឋធានី ប៉េកាំង ប្រទេសចិន លោក Kissinger គូសបញ្ជាក់ថា ប្រសិនបើជម្លោះនេះពុំមានការរាំងខ្ទប់អ្វីទេនោះ លទ្ធភាពអាចអាក្រក់ជាងសង្គ្រាមលោកលើកទីមួយទៅទៀតផង។ ត្រង់នេះ លោកពន្យល់ថា៖«សង្គ្រាមលោកលើកទី១ បានផ្ទុះឡើង ព្រោះតែវិបត្តិតិចតួចប៉ុណ្ណោះ [..] ហើយសព្វថ្ងៃនេះ សព្វាវុធ គឺមានលក្ខណៈទំនើបនិងខ្លាំង»។
អតីតប្រមុខការទូតអាមេរិកវ័យ៩៦ឆ្នាំរូបនេះ លើកឡើងទៀតថា អំឡុងសម័យសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត ផែនការកាត់បន្ថយបរិមាណនុយក្លេអ៊ែររបស់មហាអំណាចទាំងពីរ គឺជាអាទិភាពដ៏ចម្បងបំផុតមួយ។ ក៏ប៉ុន្តែ ព្រោះតែជម្លោះរវាងក្រុងវ៉ាស៊ីនតោននិងប៉េកាំង តែងតែមានទម្រង់ជា «អវិជ្ជមាន» នោះ លោកព្រមានថា គ្មានឡើយផែនការសម្រាប់អាមេរិកក្នុងការទប់ទល់ជាមួយចិន ដែលជាមហាអំណាចយោធាមួយលើពិភពលោក។
ប្រសិនបើភាគីទាំងពីរ បន្តមើលឃើញរាល់បញ្ហាទាំងអស់ក្នុងពិភពលោក ក្នុងន័យជម្លោះជាមួយគ្នាទៅវិញទៅមកនោះ ទង្វើនេះអាចមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិ។ លោក Kissinger សង្កត់ធ្ងន់ថាបែបនេះ ដោយសង្ឃឹមថា ការចរចាពាណិជ្ជកម្ម នឹងផ្តល់នូវឱកាសសម្រាប់ប្រទេសទាំងពីររៀបចំកិច្ចពិភាក្សានយោបាយ។
សូមបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិក កំពុងជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មអស់រយៈពេល១៨ខែមកហើយ ដោយប្រទេសទាំងពីរព្យាយាមឈានដល់បង្កើតកិច្ចព្រមព្រៀងមួយ ខណៈកិច្ចចរចាពាណិជ្ជកម្ម បានរៀបចំឡើងជាបន្តបន្ទាប់។ បន្ថែមពីសង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងផ្នែកការទូតរវាងមហាអំណាចទាំងពីរ ក៏កើនឡើងខ្ពស់ផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំង បានរិះគន់អាមេរិកក្នុងសំណុំរឿងជាច្រើន រួមមាន ការបើកប្រតិបត្តិការជើងទឹកនៅសមុទ្រចិនខាងត្បូង, ការរិះគន់របស់អាមេរិកជុំរិញរឿងការឃុំឃាំងជនជាតិភាគតិច វីហ្គ័រ (Uighurs) ហើយចុងក្រោយគឺ ការគាំទ្រពីសំណាក់សភាអាមេរិកលើក្រុមបាតុករនៅក្រុងហុងកុង៕
Tag:
សហរដ្ឋអាមេរិក
ចិន
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com