ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែល​អ្នក​គួរតែ​ស្វែងយល់​
23, Nov 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺជា​ការ​ហើម និង​មាន​ការបង្ក​រោគ​ទៅលើ​ខ្នែងពោះវៀន​ដែល​កើតឡើង​ដោយសារ​មាន​លាមក និង​របស់​ក្រៅពី​ក្នុង​ខ្លួន​កក់កុញ​ក្នុង​ខ្នែង​នោះ​ច្រើន​។ ផ្ទុយទៅវិញ​ខ្មែរ​យើង​ច្រើនតែ​យល់ថា ជំងឺ​នេះ​ហៅថា ពោះវៀន​ដុះ​ខ្នែង​ទៅវិញ ប៉ុន្តែ​ខ្នែងពោះវៀន​នេះ​គឺមាន​គ្រប់គ្នា​ទាំងអស់​មិន​ថា ក្មេង ឬ​ចាស់ ប្រុស ឬ​ស្រី​ឡើយ​។ បើសិនជា​ជំងឺ​នេះ​មិនបាន​ព្យាបាល​ទាន់ពេលវេលា​ទេ ខ្នែងពោះវៀន​អាច​នឹង​បែក និង​ធ្លាយ​ខ្ទុះ​ទៅ​ជុំវិញ​តំបន់​នោះ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បាន​។ ដូច្នេះ​អ្នក​ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្រើន​ចំពោះ អាកា​រៈ ឬ​រោគសញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ ដើម្បី​អ្នក​អាចជួយ​ខ្លួនឯងបាន​។​

 
​ឈឺពោះ​
 
​វា​គឺជា​សញ្ញា​ដំបូង​គេ​មួយ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​។ ការឈឺចាប់​នេះ​មាន​លក្ខណៈ​ដូច​គេ​ចាក់ និង​ឈឺ​នៅ​ម្តុំ​កណ្តៀតក្អម​ខាងស្តាំ​។ ការឈឺចាប់​នេះ​ច្រើនតែ​កើតឡើង​ដំបូង​ចេញពី​ជុំវិញ​ផ្សិត និង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្នុង​រយៈពេល ៦ ទៅ​២៤​ម៉ោង​ក្រោយ​។ 
 
​ហើមពោះ​
 
​ការ​ហើមពោះ​តែង​កើតឡើង​ជាមួយនឹង​ការឈឺ​ពោះ​បែប​ដូច​គេ​ចាក់ ដែល​ភាគច្រើន​ជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​តែម្តង​។ 
 
​ក្អួត​
 
​រោគសញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​គឺ​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​ដែរ​។ យ៉ាងណាមិញ នៅពេល​ការ​ក្អួត​កើតឡើង​ជាមួយនឹង​ការឈឺ​ពោះ​នៅ​តំបន់​កណ្តៀតក្អម និង​មិន​បាត់​ទៅវិញ​ទេនោះ វា​អាច​បញ្ជាក់ថា ជាការ​រលាក​ខ្នែងពោះវៀន​ហើយ​។ 
 
​ចង្អោ​
 
​ការ​ចង្អោ​គឺជា​សញ្ញា​មួយ​របស់​ជំងឺ​ជាច្រើន ហើយ​អាច​ងាយ​នឹង​ច្រឡំ​ចំពោះ​ជំងឺ​ផ្សេងៗ​ដែរ​។ ប៉ុន្តែ​បើសិនជា​វា​កើតឡើង​ជាមួយគ្នា​នឹង​ការ​ក្អួត និង​ឈឺពោះ ហើយ​បើសិនជា​មិន​ស្រួលបួល​វិញ​នោះទេ វា​អាចជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។ 
 
​មិន​ឃ្លាន​អាហារ​
 
​មិន​ប្រាកដ ១០០​ភាគរយ​ទេ ប៉ុន្តែ​ការមិន​ឃ្លាន​អាហារ​នេះ​ក៏​ជា​សញ្ញា​ដ៏​ញឹកញាប់​មួយ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែរ​។ 
 
​ប្រែប្រួល​ការ​បន្ទោបង់​
 
​ចាប់តាំងពី​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​មក អ្នក​ប្រហែល​ជាមាន​អាកា​រៈទាំង​ទល់លាមក​ផង និង​រាក​ផង​ហើយ​។ យ៉ាងណាមិញ អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​នៅពេល​អាកា​រៈទាំង​នេះ​កើតឡើង​ជាមួយនឹង​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ​។ 
 
​ឈឺពោះ​បែប​រមួល​
 
​ការឈឺ​ពោះ​បែប​រមួល​ក៏​ជាស​ញ្ញា​មួយ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែរ​នៅពេល​វា​កើតឡើង​ជាមួយនឹង​សញ្ញា​ខាងលើ​។​ទោះបីជា​យ៉ាងណាក៏ដោយ សញ្ញា​ទាំងនេះ​ច្រើនតែ​កើតឡើង​ក្រោយពី​ការឈឺ​ពោះ និង​មិ​ត្រូវ​រងចាំ​រហូតដល់​មាន​អាកា​រៈទាំង​អស់​ខាងលើ​ឡើយ​។ ចូរ​ចាំ​ថា ការឈឺចាប់​កាន់តែខ្លាំង​ទៅៗ​ទៅតាម​ពេលវេលា ហើយ​ខ្នែងពោះវៀន​អាច​នឹង​បែក​បាន​គ្រប់ពេល​ទាំងអស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com