ជាតិ
សេដ្ឋកិច្ច
កម្ពុជា​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​រយៈ​៣​ឆ្នាំ​ទៀត ដើម្បី​កែលម្អ​វិស័យ​កាត់ដេរ​
23, Nov 2019 , 11:59 am        
រូបភាព
ពិធីចុះហត្ថលេខា គម្រោងរោងចក្រកាន់តែប្រសើឡើង
ពិធីចុះហត្ថលេខា គម្រោងរោងចក្រកាន់តែប្រសើឡើង
​ភាគី​ពាក់ព័ន្ធ​បានសម្រេច​បន្ត​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ សម្រាប់​រយៈពេល​៣​ឆ្នាំ​ទៀត ដើម្បី​កែលម្អ​លក្ខខណ្ឌ​ការងារ​នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​។ ជាមួយគ្នានេះដែរ  វិស័យ​ផលិតផល​សម្រាប់​ធ្វើដំណើ​រ (​ដែលមាន​កាបូប​ជាដើម​) ក៏ត្រូវ​បាន​បញ្ចូល​ក្នុង​គម្រោង​អាណត្តិ​ថ្មី​នេះដែរ​។ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​(MOU) សម្រាប់​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​លើក​ទី​៦​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​។​


 
​គម្រោង​រោងចក្រ​កាន់តែ​ប្រសើ​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ត្រូវបាន​អនុវត្ត​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ ហើយ​ពេលនេះ​ត្រូវបាន​បន្ត​រយៈពេល​៣​ឆ្នាំ​ទៀត គឺ​គិត​ចាប់ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២២ ។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា គម្រោង​នេះ គឺជា​ការបន្ត​វាយតម្លៃ​លើ​លក្ខខណ្ឌ​ការងារ​នៅ​រោងចក្រ​កាត់ដេរ ដោយ​ផ្អែកលើ​ច្បាប់​ការងារ​របស់​កម្ពុជា និង​បទដ្ឋាន​ស្នូល​ការងារ​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ​។ លើសពីនេះ គម្រោង​នេះ​នឹង​បន្ត​ប្រឹក្សា​យោបល់ បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការងារ បង្កើន​ផលិតភាព រួមទាំង​បន្ត​សហការ​ជាមួយ​ក្រសួង​ការងារ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​បង្កើន​សមត្ថភាព​របស់​ក្រសួង ដើម្បី​អនុលោម​ច្បាប់​ស្ដីពី​ការងារ​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា គម្រោង​នេះ​ជួយ​ដល់​សមាគម​រោងចក្រ​កាត់ដេរ​និង​អ្នក​ផលិត ផលិតផល​សម្រាប់​ធ្វើដំណើ​រ បង្កើន​សមត្ថភាព​សម្រាប់​ការអនុលោម​ច្បាប់ និង​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​នៅក្នុង​រោងចក្រ​។​
 
​ក្នុង​ពិធី​ចុះ MOU នេះ លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើងថា តាមរយៈ​គោ​លន​យោ​បាល​នៃ​ការភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បទដ្ឋាន​ការងារ ប្រទេស​កម្ពុជា​កំពុង​ទទួលបាន​កេ​រិ៍្ត​ឈ្មោះ​ល្អ ហើយ​ក្លាយជា​ប្រទេស​ឈានមុខ​គេ ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​។ លោក​បន្ថែមថា ការអនុវត្ត​គោលនយោបាយ​នេះ គឺ​ជួយ​ឲ្យ​អ្នកទិញ ទទួលបាន​ប្រភព​បញ្ជា​ទិញ​សម្លៀកបំពាក់ គួរ​ឲ្យ​ទុកចិត្តបាន​នៅ​កម្ពុជា​។ 
 
​លោក Graeme Buckley នាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា ថៃ និង​ឡាវ បាន​ថ្លែង​ដូច្នេះ​ថា​៖«​តាមរយៈ​ការធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់ដេរ យើង​នឹង​រួមគ្នា​ជួយ​លើកកម្ពស់​ការងារ​សម្រាប់​កម្មករ​រាប់ពាន់នាក់ ជាពិសេស​ស្រី្ត​។ ហើយក៏​ជួយ​កម្មករនិយោជិត​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ថ្មីៗ ដើម្បី​ទទួល​ប្រាក់ចំណេញ​កាន់តែច្រើន និង​កាត់បន្ថយ​ភាពក្រីក្រ​»៕ 

Tag:
 រោងចក្រ​
  កាត់ដេរ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com