ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន តម្រូវ​ឲ្យ​អាស៊ីសេរី ឈប់​ប្រើពាក្យ «​របប​ក្រុងភ្នំពេញ​» បើ​ចង់​ដំណើរការ​ឡើងវិញ​
23, Nov 2019 , 11:11 am        
រូបភាព
ជំនួបរវាងលោក ខៀវ កាញារីទ្ធ និង លោក Matthew Pennington (រូបពីក្រសួងព័ត៌មាន)
ជំនួបរវាងលោក ខៀវ កាញារីទ្ធ និង លោក Matthew Pennington (រូបពីក្រសួងព័ត៌មាន)
ដោយ: ថ្មីៗ
​ក្នុងជំនួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក Matthew Pennington នាយ​ប្រតិបត្តិ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានស្នើ​សុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី បាន​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​។



​លោក ខៀវ កាញារីទ្ធ ឆ្លើយតប​ថា ក្រសួង​ព័ត៌មាន ស្វាគមន៍​ចំពោះ​វិទ្យុ​អាស៊ីសេរី ដែល​ចង់​ត្រឡប់មក​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ​។ គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន បាន​សរសេរ​ពីស​ម្តី​របស់លោក​រដ្ឋមន្ត្រី ដូច្នេះ​ថា​៖«​ដើម្បី​បើក​ដំណើរការ​ការិយាល័យ​ផ្សាយ​នៅ​កម្ពុជា​ឡើងវិញ វិទ្យុ​អាស៊ីសេរី​ត្រូវ​កែតម្រូវ​ការប្រើប្រាស់​ពាក្យពេចន៍​របស់ខ្លួន​ក្នុងការ​ផ្សាយ ដូចជា ការប្រើ​ពាក្យ​ថា​របប​ក្រុងភ្នំពេញ ជាដើម​»​។
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ផងដែរ​។ លោក រម្លឹកថា កន្លងមក ក្រសួង មិនបាន​បិទ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី​នោះទេ គឺ​វិទ្យុ​នេះ បានសម្រេច​បិទ​ដោយ​ខ្លួនឯង​។ 
 
​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ វិទ្យុ​អាស៊ីសេរី បានសម្រេច​ផ្អាក​ដំណើរការ​ការិយាល័យ​ខ្លួន​នៅ​ភ្នំពេញ ដោយ​លើក​មូល​ហេតុថា ព្រោះ​តែមាន​សម្ពាធ​ពី​រដ្ឋាភិបាល​កម្ពុជា តែ​រដ្ឋាភិបាល បកស្រាយ​តប​វិញ​នាពេលនោះ​ថា វិទ្យុ​អាស៊ីសេរី ពុំបាន​បំពេញបែបបទ និង​លក្ខខណ្ឌ​ផ្លូវច្បាប់​ខ្លួនឯង ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​។ ប​ប្ចុ​ប្បន្ន វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​តាម​បណ្តាញ​សង្គម ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​មក​។  
 
​មិនមែន​តែ​វិទ្យុ​អាស៊ីសេរី​ទេ ស្ថាប័ន​សារព័ត៌មាន​មួយចំនួនទៀត ដូចជា វី​អូ​អេ និង ខេ​ម​បូ​ឌា ដេលី ជាដើម ក៏​រង​ការ​ចំណាត់ការ​ពី​រដ្ឋាភិបាល​ដែរ ក្រោម​ហេតុផល​ស្រដៀង​គ្នា គឺ​ស្ថាប័ន​ព័ត៌មាន​ទាំងនេះ ដំណើរការ​ដោយ​មិនបាន​បំពេញបែបបទ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ ចំណាត់ការ​នេះ ធ្វើ​ឲ្យ​វី​អេ​អេ លែង​បាន​ផ្សាយ​សំឡេង​តាម​វិទ្យុ ហើយ​ខេ​ម​បូ​ឌា ដេលី ត្រូវ​ដកខ្លួន​ចេញពី​កម្ពុជា​។ កាលនោះ រដ្ឋាភិបាល តម្រូវ​ឲ្យ ខេ​ម​បូ​ឌា ដេលី បង់ពន្ធ​ដល់​៦​លាន​ដុល្លារ ខេ​បូ​ឌា ដេលី មិន​ពុំបាន​ធ្វើតាម​ឡើយ​។ 
 
​ថ្មីៗ​នេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចូលជួប​លោក ខៀវ កាញារីទ្ធ ហើយ​បានបង្ហាញ​ក្តី​សង្ឃឹមថា អាស៊ីសេរី និង វី​អូ​អេ នឹង​អាច​ផ្សាយ​សំឡេង​តាម​វិទ្យុ​នៅ​កម្ពុជា​ឡើងវិញ​។ លោក​រដ្ឋមន្ត្រី ប្រាប់​ទូត​អាមេរិក​ថា ក្រសួង អនុញ្ញាត​ឲ្យ​វី​អូ​អេ ផ្សាយ​សំឡេង​តាម​វិទ្យុ តាមរយៈ​ការជួល​ម៉ោង​ផ្សាយ​បន្ត ពី​វិទ្យុ​សំបុក​ឃ្មុំ និង វិទ្យុ​១០២ តែ​វិទ្យុ​សំបុក​ឃ្មុំ និង វិទ្យុ​១០២ ត្រូវដាក់​សំណើ​ទៅ​ក្រសួង​។ ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី បង្ហាញ​ការមិន​ពេញចិត្ត​ដូចគ្នា ចំពោះ​ការប្រើ​ពាក្យ​របប​ក្រុងភ្នំពេញ​របស់​វិទ្យុ​អាស៊ីសេរី និង​ស្នើ​ឲ្យ​ឈប់​ប្រើពាក្យ​នេះ​៕ 
 
 
 

Tag:
 ខៀវ កាញារីទ្ធ​
  VOA
  RFA
© រក្សាសិទ្ធិដោយ thmeythmey.com