ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​មួយ​១​ដង ស្របពេល​កម្ពុជា​ប្រឈម​ជួប​គ្រោះរាំងស្ងួត​
23, Nov 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​មួយ​១​ដង​ប៉ុណ្ណោះ ដើម្បី​កុំឱ្យ​ខាតបង់ ស្របពេល​កម្ពុជា នឹង​ជួប​គ្រោះរាំងស្ងួត​នាពេលខាងមុខ​។ នេះ​បើតាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ ២០១៩​។​

 
​សារាចរ​របស់​រដ្ឋាភិបាល បាន​បញ្ជាក់ថា កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​បាតុភូត អែល​នី​ណូ បណ្ដាល​ឲ្យ​មាន​ភាព​ក្ដៅ​ហួតហែង​ខ្លាំង គួបផ្សំ​រដូវវស្សា​មក​ដល់​យឺត ហើយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា ដែល​ធ្វើឱ្យ​របប​ទឹកទន្លេ​មេគង​មានការ​ប្រែប្រួល​ខ្លាំង ។ ជាពិសេស​ជំនន់​កន្លងមក មានតែ​មួយ​លើក ហើយ​ស្រក​ចុះ​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត ដែល​មិន​ធ្លាប់​ជួបប្រទះ​។ 
 
​ក្រោយ​ពិនិត្យឃើញ​ស្ថានភាព​បែបនេះ សម្ដេច ហ៊ុន សែន សម្រេច​ចេញ​សារាចរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៩-២០២០ ។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​។ 
 
​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖« ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ឆ្នាំ​២០១៩-២០២០ ត្រូវធ្វើ​តែ​១​ដង​ប៉ុណ្ណោះ មិន​ត្រូវធ្វើ​ស្រូវប្រាំង​លើក​ទី​២ បើទោះបី​មានទឹក​នៅតាម​បណ្ដាល​អាង​ដែល​រក្សាទុក​និង​កន្លែង​មួយចំនួន​ក៏ដោយ​។ គួរតែ​ទុក​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​។ លើសពីនេះ គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​រក្សាទុក ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​មាន​ភ្លៀង​»​។​
 
​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ បាតុភូត អែល នី​ណូ បាន​ថយឥទ្ធិពល​បណ្ដើរៗ ធ្វើ​ឲ្យ​អាងទឹក​រក្សា​ទឹក​ទុក​បាន​១០០​ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ យ៉ាងណាក៏ដោយ បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស់​ទឹក ត្រូវតែ​ចាត់ទុកជា​អាទិភាព សម្រាប់​ស្រូវធ្ងន់​ចុងវស្សា និង​ស្រូវ​រដូវប្រាំង​២០១៩​ដល់​២០២០ ។ ជាពិសេស​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូតដល់​មាន​ភ្លៀង​ថ្មី​។ នេះ​បើតាម​រដ្ឋាភិបាល​៕ 
 

Tag:
 ​អាកាសធាតុ​
  រក្សា​ទឹក​ទុក​
© រក្សាសិទ្ធិដោយ thmeythmey.com