កីឡាជាតិ
ជាតិ
ក្រុម​ប៉េតង់​នារី​កម្ពុ​ជាទី​១ ទទួលបាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​ឡាវ​នៅ​វគ្គ​១/២
23, Nov 2019 , 11:48 am        
រូបភាព
ដោយ:
​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុ​ជាទី​១ ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់ ក្រោយ​ចាញ់​ឡាវ ១៣-៦ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០១៩ នេះ​។ ឡាវ អាច​ប្រជែង​ជាមួយ​ថៃ ឬ​បារាំង ដើម្បី​ដណ្តើម​មេដាយមាស​ប្រចាំ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​នារី​កម្ពុជា​១ ដែលមាន​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង កែវ វណ្ណា បាន​ទម្លាក់​ក្រុម​វៀតណាម ក្នុង​លទ្ធផល ១៣-៩ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ឡាវ ទម្លាក់​ក្រុម​នារី​កម្ពុជា​២​ក្នុង​លទ្ធផល ១៣-៤​។   
 
​នេះ​ជា​មេដាយ​សំរឹទ្ធ​ចុងក្រោយ​របស់​កម្ពុជា បន្ទាប់ពី​វីរ​កីឡាការិនី កែ ឡេង ដណ្តើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ក្រោយ​យកឈ្នះ​កីឡាការិនី​ឡាវ Bivilak Thepphakan ក្នុង​លទ្ធផល ៣៦-២២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​រសៀល​ថ្ងៃទី​២២ វិច្ឆិកា​។ ដ្បិត​ក្រុមយុវជន​១ យុវជន​២ និង​ក្រុម​កីឡាការិនី​២​របស់​កម្ពុជា​សុទ្ធតែ​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦ និង​៨​ក្រុម​ចុងក្រោយ​។​
 
​ក្នុងនោះ​ក្រុមយុវជន​ទី​១​បាន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​(១/៨)​ក្រោយ​ចាញ់​បែលហ្ស៊ិក​ក្នុង​លទ្ធផល ១៣-៦ រីឯ​ក្រុមយុវជន​២​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល ១៣-៧​។ ចំណែក​ក្រុម​នារី​ទី​២ ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, វង ចន្ថា និង ដួង ឌី​ណា ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ឡាវ ១៣-៤៕   
 


 

Tag:
 ប៉េតង់​
  Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com