ភ្នំពេញ៖ កម្ពុជានឹងផ្ដើមចរចាជុំវិញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន នៅទីក្រុងប៉េកាំង នាដើមខែក្រោយនេះ។ លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវកិច្ចការអន្តរជាតិ បានមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងអាចឲ្យកម្ពុជាទាញផលបានច្រើន។ លោកបន្ថែមថា កម្ពុជានឹងមានទីផ្សារក្រៅប្រទេសរបស់ខ្លួនកាន់តែធំ ដើម្បីពង្រីកការនាំចេញ ពោលគឺកម្ពុជាត្រូវការបង្អែកទីផ្សារនាំចេញផ្សេងៗកាន់តែច្រើន ដើម្បីមិនសូវមានហានិភ័យដូចការពឹងផ្អែកទីផ្សារណាមួយលើសលុបពេក។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី ដូចតទៅនេះ៖
លោក ឈាន វណ្ណារិទ្ធ ជឿជាក់ថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងចេញជាផ្លែផ្កានឹងពេលខាងមុខ ព្រោះប្រទេសទាំងពីរមានទំនាក់ល្អជាមួយគ្នាទៅហើយនោះ។ លោកថ្លែងដូច្នេះថា៖«ខ្ញុំគិតថា កិច្ចចរចាអាចទៅរលូន និងទទួលបានលទ្ធផលល្អ ដោយសារប្រទេសទាំងពីរមានទុននយោបាយ ការជឿទុកចិត្តគ្នាលើនយោបាយ និងយុទ្ធសាស្ត្រ ស៊ីជម្រៅ»។
អ្នកស្រាវជ្រាវកិច្ចការអន្តរជាតិរូបនេះ មើលឃើញថា កិច្ចព្រមព្រៀងនេះនឹងហុចផលធំធេងដល់កម្ពុជា។ លោកឲ្យដឹងដូច្នេះថា៖«ផ្ដល់ផលប្រយោជន៍ដល់កម្ពុជាច្រើនមែនទែន ព្រោះថាទីផ្សារចិនធំណាស់ ១ពាន់៤រយលាននាក់»។
បើមើលពីជញ្ជីងទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជានាំទៅចិនតិចតួចនៅឡើយ បើធៀបនឹងការនាំរបស់ចិនមកកម្ពុជាវិញ។ ក្នុងឆ្នាំ២០១៨ ការដោះដូរពាណិជ្ជកម្មសរុបមានចំនួន ៧០០៨ លានដុល្លារអាមេរិក កើនឡើងជិត១ពាន់លាន ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៦០៤០លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនត្រឹមចំនួន ៨៦៤លានដុល្លារ ខណៈនាំចូលពីចិនមកវិញទំហំ ៦១៤៤លានដុល្លារ។
ចំពោះឱនភាពជញ្ជីងពាណិជ្ជកម្មនេះ លោក ឈាង វណ្ណារិទ្ធ លើកឡើងដូច្នេះថា៖«ចិននាំចូលធាតុផ្សំសម្រាប់ការផលិតជាពិសេសសម្លៀកបំពាក់ និងស្បែកជើង។ ការនាំចូលវត្ថុធាតុដើមគឺជាការចាំបាច់មួយដើម្បីផលិតផលិតផលសម្រេច។ ដូច្នេះទោះបីមានឱនភាពក៏ដោយ តែវាជំរុញការផលិតនៅកម្ពុជា»។ លោកបន្ថែមដូចនេះទៀតថា៖«FTA អាចជំរុញនាំចេញរបស់កម្ពុជា ពិសេសកសិផលបន្ថែមទៀតទៅទីផ្សារចិន ហើយនឹងពង្រឹងនូវខ្សែចង្វាក់ផលិតកម្ម បានន័យថាកម្ពុជាអាចទៅជាអ្នកផ្ដល់គ្រឿងបន្លាស់ផ្សេងៗដល់ក្រុមហ៊ុនធំៗនៅប្រទេសចិនបាន។ អ៊ីចឹង FTA អាចជួយបង្កើតនូវចរន្តបណ្ដាញនៃការផលិត(Production Network) រវាងប្រទេសទាំងពីរបានល្អប្រសើរ»។
លោក ឈាង វណ្ណារិទ្ធ យល់ឃើញថា FTA នេះ នឹងកាន់តែឲ្យវិនិយោសម្លឹងមើលកម្ពុជា តែទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវកែលម្អក្នុងប្រទេសរបស់ខ្លួនផងដែរ។ លោកបញ្ជាក់ដូច្នេះថា៖«យើងអាចទាញស្រូបផលប្រយោជន៍ច្រើន តែវាអាស្រ័យកម្លាំងនៃការផលិត និងនយោបាយឈ្លាសវៃរបស់យើង កំណែទម្រង់យ៉ាងណាដើម្បីទាក់ទាញវិនិយោគ»។ លោកគូសបញ្ជាក់ទៀតថា៖«យើងយកទីផ្សារដើម្បីទាក់ទាញអ្នកវិនិយោគ ទីផ្សារយើងតូច ដូច្នេះបើយើងមានទីផ្សារទៅចិនជាដើម ល្អប្រសើរ យើងអាចទាក់ទាញវិនិយោគ»។
បញ្ហាប្រឈមក៏មានផងដែរ ដែលអាចថាការហូរចូលផលិតផលប្រើប្រាស់ពីចិនមកកម្ពុជាកាន់តែច្រើន ខណៈការផលិតក្នុងស្រុកនៅទន់ខ្សោយ។ លោក ឈាង វណ្ណារិទ្ធ និយាយដូច្នេះថា៖«បញ្ហាប្រឈមគឺមាន ពិសេសប៉ះពាល់ដល់ការប្រកួតប្រជែងក្រុមហ៊ុនក្នុងស្រុក តែនិយាយឲ្យចំទៅយើងប្រើប្រាស់ទំនិញពីបរទេសសឹងតែទាំងអស់ បើមិនមែនរបស់ចិន ក៏ជារបស់វៀតណាម របស់ថៃដែរ ដោយសារកម្លាំងផលិតរបស់យើងនៅទាបមែនទែន»។ លោកបន្តបែបនេះទៀតថា៖«អ្វីដែលយើងអាចទាញបានផលប្រយោជន៍ គឺទាញក្រុមហ៊ុនកម្រិតមធ្យមពីចិនឲ្យមកផលិតនៅកម្ពុជាហើយនាំចេញទៅប្រទេសចិនវិញ ព្រោះកម្លាំពលកម្មនៅកម្ពុជាអាចធូរថ្លៃជាង បើធៀបនឹងកម្លាំងពលកម្មចិន»។
ការផ្ដើមចរចាបង្កើត FTA រវាងកម្ពុជានិងចិននេះ គឺស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬហៅថា RCEP ដែលមានចិននិងកម្ពុជា នៅក្នុងនេះដែរ ត្រូវបានរំពឹងថានឹងចេញជាផ្លែផ្កាក្នុងពេលខាងមុខនេះ។ តែយ៉ាងណាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី មានភាពមុតស្រួចជាងកិច្ចព្រមព្រៀងពហុភាគី។ លោក ឈាង វណ្ណារិទ្ធ ប្រាប់ដូច្នេះថា៖«FTA ទ្វេភាគីមានលក្ខណៈស៊ីជម្រៅខ្លាំងជាងពហុភាគី។ FTA យើងមានហើយអាស៊ាន-ចិន ហើយយើងកំពុងចរចា RCEP ទៅទៀត (អាស៊ានបូក៥ប្រទេស) តែគុណភាពនៅទាបជាង ទ្វេភាគី»៕