កីឡាជាតិ
ជាតិ
វីរ​កីឡាការិនី កែ ឡេង នឹងត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​ពីរ​?
23, Nov 2019 , 3:49 pm        
រូបភាព
ដោយ:
​វីរ​កីឡាការិនី កែ ឡេង អាច​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ទៅជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ក្រោយ​ឈ្នះ​មេដាយមាស ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន​និង​ស្ត្រី​។ មិនទាន់ដឹងយ៉ាងណានោះឡើយ តែសម្រាប់ជ័យជម្នះដ៏ធំធេងនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​សារ​អបអរសាទរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់ខ្លួន​ផងដែរ​​។​

 
​វីរ​កីឡាការិនី កែ ឡេង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ក្រោយ​សាង​ភាពល្បីល្បាញ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​បារាំង កាលពី​ឆ្នាំ​២០១៣ កីឡាការិនី​រូបនេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ទោ​ទៅជា​អនុសេនីយ៍ឯក​នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ នៅ​ឆ្នាំ​២០១៥ លោកស្រី កែ ឡេង ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី ក្រោយ​ដណ្តើមបាន​មេដាយមាស​ពិភពលោក​នៅ​ថៃ​។ 
 
​បន្ទាប់មក​កីឡាការិនី​វ័យ​៥៧​ឆ្នាំ​រូបនេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ឯក ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣​នៅ​ប្រទេស​ចិន និង​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​វីរ​កីឡាការិនី កែ ឡេង ពី​វរសេនីយ៍ឯក​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​។ 


 
 
​ដូច្នេះ​បើ​ពុំមាន​ការប្រែប្រួល​ទេ វីរ​កីឡាការិនី កែ ឡេង ដែល​ទើប​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​(Shooting)​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​និង​ស្ត្រី​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ វិច្ឆិកា ទំនងជា​អាច​ត្រូវ​រាជរដ្ឋាភិបាល​ពិសេស​ក្រសួង​ការពា​រ៊​ជាតិ ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី​(​ផ្កាយ​មួយ​)​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​ពីរ​)​។ តែ​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា​ពុំទាន់​ចេញ​លិខិត​ជា​ផ្លូវការ​នៅឡើយ​ទេ​។ 
 
​ភ្លាមៗ​ក្រោយ​វីរ​កីឡាការិនី កែ ឡេង ឈ្នះ​មេដាយមាស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អបអរ​ជាមួយ​ជ័យជម្នះ ដែល​សម្តេច​ចាត់ទុកជា​មោទកភាព​ជាតិ និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​នេះ​។ ការចាត់ទុក​បែបនេះ ដោយសារ​សម្តេច​យល់ថា សមិទ្ធផល​នេះ​វា​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង និង​ម្យ៉ាងទៀត កែ ឡេង ជា​កីឡាការិនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា​៕       

 
 

Tag:
 ប៉េតង់​
  កែ ឡេង​
  Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com