ភ្នំពេញ៖ លោក ឈន វិច្ឆិកា ជាវិចិត្រករគំនូរច្នៃប្រឌិត ឬគំនូរសខ្មៅ (Doodle) ដ៏ប៉ិនប្រសប់មួយរូប។ មានវ័យ២៦ឆ្នាំ វិចិត្រករ ឈុន វិច្ឆិកា យល់ថា ការមានទេពកោសល្យតែមួយមុខ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់អាជីពរបស់គេ។ វិចិត្រករម្នាក់ៗ ត្រូវមានភាពភាពច្នៃប្រឌិត និងភាពអំណត់ អត់ធ្មត់ខ្ពស់ផង ដើម្បីឲ្យស្នាដៃនីមួយៗមានភាពរស់រវើក និងការពេញចិត្តពីអតិថិជន។
គំនូរបែបសខ្មៅ ឬ Doodle អាចគូរបាននៅតាមជញ្ជាំង សម្ភារប្រើប្រាស់ ឬវត្ថុនានា។ គំនូរបែបនេះនៅកម្ពុជា ច្រើនឃើញនៅតាមទីសាធារណៈ, ជញ្ជាំងហាងកាហ្វេ, អាហារដ្ឋាន និងតាមក្លិបកម្សាន្តនានា។ លោក ឈន វិច្ឆិកា ជាវិចិត្រករគំនូរ Doodle ដែលមានវ័យក្មេង និងដ៏ប្រសប់មួយរូប។ មានវ័យ ២៦ឆ្នាំ វិច្ឆិកា ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ស្រឡាញ់ការគូរគំនូរតាំងតែពីតូចមកម្ល៉េះ។
មិនមែនជារឿងគួរឲ្យចម្លែកចិត្តសោះ ដែលយុវជន វិច្ឆិកា មានទេពកោសល្យគូររូបតាំងពីក្មេង ប្រៀបបាននឹងពាក្យចាស់ពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»ដូច្នេះដែរ ព្រោះទាំងម្តាយ និងលោកឪពុករបស់គេ ជាវិចិត្រករ។ ដូច្នេះហើយបានជា ចូលរៀនផ្នែករចនា នៅវិទ្យាស្ថានស៊ីតិក នៅក្នុងឆ្នាំ២០១៤ ដើម្បីពង្រឹង និងពង្រីកចំណេះដឹង និងគំនិតច្នៃប្រឌិតបន្ថែម លើទឹកដៃគូរគំនូររបស់គេ ដែលបានដុះដាលតាំងពីតូចមកនោះ។ ក្នុងពេលជាមួយគ្នានេះ លោក ឈន វិច្ឆិកា ក៏បានចាប់ផ្តើមរៀនគូរគំនូរបែបសខ្មៅ តាំងពីឆ្នាំ២០១៤ តាមវិចិត្រករល្បីៗនៅលើពិភពលោក តាមបណ្តាញ YouTube ព្រមទាំងមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីឪពុកម្តាយផង។ ហើយឆ្នាំដដែលនេះ ក៏ជាពេលវេលាផ្តើមអាជីពជាវិចិត្រករគំនូរសខ្មៅ របស់ វិច្ឆិកាដែរ។
ទេពកោសល្យ ភាពច្នៃប្រឌិត និងភាពអំណត់ ធាតុផ្សំមិនអាចខ្វះគ្នាបានក្នុងសិស្បៈគំនូរ
មានទេពកោសល្យផ្នែកគំនូរ ប៉ុន្តែបើសិនគ្មានភាពច្នៃប្រឌិត ការតស៊ូ និងភាពអំណត់ទេនោះ ស្នាដៃគំនូរដ៏ល្អមួយ ក៏មិនអាចលេចចេញជារូបរាងបានដែរ។ ហើយនេះគឺជាអ្វីដែល លោក វិច្ឆិកា បានប្រកាន់ខ្ជាប់ជានិច្ច រៀងរាល់ពេលខ្លួនគូរគំនូរម្តងៗ។ សម្រាប់វិចិត្រកររូបនេះ ការប្រកាន់យកឆន្ទៈ និងការអត់ធ្មត់ក្នុងការងារនេះហើយ ដែលបានធ្វើឲ្យស្នាដៃនីមួយៗរបស់វិច្ឆិកា ទទួលបានពេញចិត្ត ពេញថ្លើមពីអតិថិជន។
វិចិត្រករ ឈន វិច្ឆិកា រៀបរាប់ដូច្នេះ៖«ធម្មតា អ្វីដែលខ្ញុំធ្វើគឺខ្ញុំបានសិក្សាពីគម្រោងដែលគេដាក់ឲ្យធ្វើ ហើយគម្រោងនីមួយៗ ដែលម្ចាស់ហាងគាត់ចង់ឲ្យយើងធ្វើអ៊ីចឹង គឺយើងត្រូវតែសិក្សាពីគោលបំណងរបស់គាត់ និងសិក្សាពីគ្រឹះដែលគាត់មាន។ នៅពេលដែលបានសិក្សាពីគាត់រួចហើយ បានខ្ញុំមកសិក្សាពីខ្លួនឯង ថាតើខ្លួនឯងត្រូវតែធ្វើអ្វីឲ្យថ្មីសម្រាប់គាត់។ អ៊ីចឹងហើយខ្ញុំត្រូវតែស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត ហើយខ្ញុំបង្កើតប្រធានបទ(Topic) ពីអ្វីដែលគាត់ចង់បានហើយ បានខ្ញុំយកមកបញ្ចូលគ្នា»។
ចាប់តាំងពីលោក ឈន វិច្ឆិកា ប្រឡូកចូលក្នុងសិល្បៈគំនូរសខ្មៅ គេទទួលបានការងារជាបន្តបន្ទាប់។ បច្ចុប្បន្ន វិច្ឆិកា បានទទួលបានគម្រោងគូរគំនូរ មិនតិចជាង៥គម្រោងនោះទេ ពីអតិថិជន។ បើតាមវិចិត្រករ ឈន វិច្ឆិកា គម្រោងនីមួយៗ លោកទទួលបានកម្រៃ ចាប់ពី ៥០០ដុល្លារឡើងទៅ។ អាចរកចំណូលច្រើនក៏ពិតមែន តែអាជីពនេះ ក៏ប្រឈមនឹងបញ្ហាសុខភាពច្រើនដែរ ដោយសារការប្រើប្រាស់ទឹកថ្នាំ និងទឹកហ្វឺត ដែលមានសារធាតុគីមី។
«ជាធម្មតា បើជាConcept ខ្ញុំគ្រាន់តែប្រើប៊ិកគូរទេ តែបើពេលដំឡើងលើជញ្ជាំងគឺខ្ញុំប្រើទឹកថ្នាំ។ អ៊ីចឹងទឹកថ្នាំក៏យើងត្រូវតែប្រយ័ត្នដែរ។ ពេលយើងគូរអីហ្នឹងគឺយើងពាក់ម៉ាស ហើយពេលយើងលាយថ្នាំអីហ្នឹងគឺយើងមានប្រដាប់ប្រដាការពារកុំឲ្យប៉ះពាល់ដល់សុខភាព»។ នេះជាការរៀបរាប់របស់លោក ឈន វិច្ឆិកា ដែលទន្ទឹមនឹងលោកដឹងថា នឹងត្រូវប្រឈមបញ្ហានេះ លោកវិច្ឆិកា និងក្រុមការងារផ្សេងទៀត បានត្រៀមឧបករណ៍ការពាររួចជាស្រេចហើយគឺមានជា ម៉ាស់បិទមុខ និងស្រោមដៃការពារ។ ក្រោយពីរួចកិច្ចការងារនេះ លោកក៏បានប្រើទឹកថ្នាំសំអាតដៃផងដែរ។
ទៅថ្ងៃអនាគត វិចិត្រករ ឈន វិច្ឆិកា មានបំណងបើកហាងគំនូរ និងហាងលក់ស្បែកជើងដែលមានបញ្ចូលក្បាច់រចនាបែបខ្មែរ។ ក្រៅពីនេះ វិច្ឆិកា ក៏មិនចោលការចែករំលែកចំណេះដឹងដែលខ្លួនមាន ទៅយុវជនជំនាន់ក្រោយ ឬអ្នកដែលស្រឡាញ់អាជីពនេះដែរ ដែល លោក វិច្ឆិកា យល់ថា វាជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញឲ្យគំនូរ Doodle រីកចម្រើន និងកាន់តែសម្បូរទីផ្សារ៕
ស្នាដៃគំនូរបែបdoodle របស់លោក ឈន វិច្ឆិកា