ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដោយសារធ្លាប់ពុលសំរាម លោក ស៊ីឡុង យកសំរាមប្លាស្ទិកទៅច្នៃបែបសិល្បៈ ដើម្បីកាត់បន្ថយផលប៉ះពាល់
× សៀមរាប៖ លោក រៀម មុនីស៊ីឡុង គឺជាវិចិត្រករមួយរូប ដែលជំនាញខាងគំនូរផង និងឆ្លាក់រូបផង។ មិនត្រឹមតែមានជំនាញបែបនេះទេ លោក ស៊ីឡុង ក៏អាចយកសំរាមប្លាស្ទិកមកកែច្នៃបែបសិល្បៈផ្សេងៗផងដែរ ដោយក្នុងនោះរួមមាន ចាប៉ីដងវែង រូបសត្វ និងសម្ភារៈសម្រាប់ប្រើប្រាស់បានជាដើម។ មូលហេតុដែលលោក ស៊ីឡុង យកសំរាមទាំងនោះមកច្នៃជាសំរាមសម្ភារៈផ្សេងៗនេះ ដោយសារលោកចង់បង្ហាញពីគុណប្រយោជន៍របស់សំរាម ក៏ដូចជាប្រាប់ពលរដ្ឋខ្មែរ ឱ្យចេះទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
ដោយសារយល់ដឹងពីបញ្ហាសំរាមប្លាស្ទិក និងធ្លាប់រងគ្រោះពុលផងនោះ ទើបធ្វើឱ្យលោក ស៊ីឡុង ចាប់ផ្ដើមមានគំនិតកែច្នៃសំរាមទាំងនោះ ទៅជាសម្ភារៈប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់នៅក្នុងបរិស្ថាន និងសង្គម។ «ថ្ងៃមួយគ្រួសាររបស់ខ្ញុំ គាត់បោសសំរាមមុខផ្ទះ ហើយដុតទៅវាមានសារជាតិប្លាស្ទិក ធ្វើឱ្យខ្ញុំពុលផ្សែងសំរាម ឈឺក្បាលមួយអាទិត្យ។ ដំបូងខ្ញុំអត់ដឹងថា ខ្ញុំពុលផ្សែងសំរាមទេ ស្មានតែពុលស្អីផ្សេង ព្រោះទៅពេទ្យ(ពិនិត្យ) ថាអត់មានកើតអ្វីទេ។ (ដុតសំរាម)លើកទី២ ទើបខ្ញុំដឹងថា ខ្លួនខ្ញុំពុលផ្សែងសំរាម ដោយសារដៃរបស់ខ្ញុំអាលែកហ្ស៊ី ទើបបានខ្ញុំដឹងថាខ្ញុំពុលផ្សែង។ នេះជាការអះអាងរបស់លោក ស៊ីឡុង។
សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក រៀម មុនីស៊ីឡុង វិចិត្រករសូន ឆ្លាក់ និងគូររូប ដូចតទៅ៖
លោក ស៊ីឡុង ក៏ធ្លាប់បោះបង់ចោលការងារកែច្នៃសំរាមនេះម្ដងហើយ កាលពីឆ្នាំ២០១៤ ដោយសារតែកត្តាជីវភាពគ្រួសារ ស្របពេលពលរដ្ឋមិនឱ្យតម្លៃ និងមិនគាំទ្រនូវគំនិតខ្លួន។ តែ៣ខែក្រោយមកលោក ក៏ចាប់ផ្ដើមការងារនេះម្ដងទៀត បន្ទាប់ពេលលោកគិតថា ការងារជួយសង្គមគឺជារឿងចម្បង។ បើតាមលោក ស៊ីឡុង បច្ចុប្បន្នម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មផ្នែកសេវាកម្មខ្លះ នៅខេត្តសៀមរាប បានជួយគាំទ្រដល់ការកែច្នៃសំរាមនេះ។
កន្លងមកចាប៉ីដងវែង ផលិតពីសំបកដបទឹកបរិសុទ្ធ និងបំពង់បឺត មានប្រវែងជាង ៦ម៉ែត្រ ដែលលោក រៀម មុនីស៊ីឡុង និងក្រុមការងារ៣នាក់ទៀត បានចំណាយពេលដំឡើងរយៈពេលមួយខែពេញ។ ចាប៉ីដងវែងនោះ ត្រូវបានផ្គុំចេញពីសំបកដបទឹកសុទ្ធចំនួន ៦,០០០ និងបំពង់បឺតចំនួន ១៦,០០០ ដែលដំឡើងយ៉ាងល្អិតល្អន់បំផុត៕
Tag:
រៀម មុនីស៊ីឡុង
សិល្បៈ
សំរាមប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com