ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀន​ចប់​វិទ្យាសាស្ត្រ​កសិកម្ម លោក ទូច ភក្ត្រា កំពុង​ជោគជ័យ​នឹង​ការចិញ្ចឹម​ចង្រិត
23, Nov 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ទូច ភក្ត្រា កំពុង​កាក់កប​គ្រាន់បើ នៅក្នុង​របរ​ចិញ្ចឹមសត្វ​ចង្រិត​លក់​។ កសិករ​រូបនេះ រស់នៅ​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​រៀន​ពី​ការចិញ្ចឹម​តាមរយៈ​សារព័ត៌មាន និង​ពិសេស​តាម​យូ​ធូប​។ ចាប់ផ្តើម​របរ​នេះ​នៅ​ដើមឆ្នាំ​២០១៩ កសិករ​វ័យ​៣១​ឆ្នាំ​រូបនេះ កំពុង​ជោគជ័យ​នឹង​របរ​នេះ ដោយបាន​ពង្រីក​អាង​ចិញ្ចឹម​ចង្រិត​ជា​បន្តបន្ទាប់​។ កសិករ​ដែលមាន​ជំនាញ វិទ្យាសាស្ត្រ​កសិកម្ម​រូបនេះ ក៏​រីករាយ​ក្នុងការ​ចែករំលែក​ចំណេះដឹង​ដល់​កសិករ​ដទៃទៀត​ក្នុង​សហគមន៍​ខ្លួន ឲ្យ​ចេះ​ចិញ្ចឹម​ចង្រិត​ដូច​ខ្លួន​ដែរ ដើម្បី​កាន់​ត​បន្ថយ​ចំណាកស្រុក​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖   




 
​លោក ទូច ភក្ត្រា បានបញ្ចប់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កសិកម្ម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចម្ការ​ដូង​) នៅ​អំឡុង​ឆ្នាំ​២០១៣​។ ក្រោយ​បញ្ចប់​ការសិក្សា លោក ភក្ត្រា បាន​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ផ្នែក​កសិកម្ម​មួយ នៅក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែលជា​ស្រុក​កំ ណើ​ត​របស់ខ្លួន​ស្រាប់​។ ទន្ទឹមនឹង​ការធ្វើការងារ​មាន​ប្រាក់ខែ​អចិន្ត្រៃយ៍​ហើយ លោក​ក៏បាន​ចាប់ផ្តើម​មុខរបរ​ចិញ្ចឹម​ចង្រិត​មួយទៀត នៅ​ដើមឆ្នាំ​២០១៩ ដើម្បី​រក​ចំណូល​បន្ថែម​។ បន្តិច​ម្តងៗ របរ​ចិញ្ចឹម​ចង្រិត​ដែលជា​មុខរបរ​បន្ទាប់បន្សំ បែរជា​ក្លាយជា​អាជីព​សំខាន់​សម្រាប់​លោក ទូច ភក្ត្រា ទៅវិញ​។         
 
​លោក ទូច ភក្ត្រា ដែល​ទទួលបាន​ចំណេះដឹង​ចិញ្ចឹម​ចង្រិត ពី​បណ្តាញ​យូ​ធូប បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា របរ​ចិញ្ចឹម​ចង្រិត​នេះហើយ ដែល​បាន​កែប្រែ​គ្រួសារ​ក្រីក្រ​របស់លោក​ឲ្យ​ក្លាយជា​គ្រួសារ​ធូរធារ​មួយ​នៅក្នុង​ភូមិ​។​


 
​អង្គុយ​លើ​អាង​ចង្រិត ដែល​សាងសង់ឡើង​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កសិករ​វ័យ​៣១​ឆ្នាំ​រូបនេះ រំឭក​ដូច្នេះ​៖«​ដំបូងដៃ ខ្ញុំ​មក​ធ្វើការ​នៅ​ស្រុកកំណើត ហើយ​ចេះតែ​រក​នឹកថា តើ​ធ្វើ​អី​ដើម្បី​រក​ចំណូល​បន្ថែម​?​។ អ៊ីចឹង ខ្ញុំ​មើល​តាម​បណ្តាញសារព័ត៌មាន និង​វីដេអូ​តាម​យូ​ធូប​ហ្នឹង ខ្ញុំ​មើលឃើញថា វីដេអូ​ការចិញ្ចឹម​ចង្រិត វា​អាច​ទទួលយកបាន​។ ចំពោះ​ការរៀន​ហ្នឹង មួយផ្នែកធំ​បំផុត គឺ​មើល​តាម​វីដេអូ​ក្នុង​យូ​ធូប​ហ្នឹងឯង​»​។ 
 
​បច្ចុប្បន្ន ផល​ចង្រិត​របស់លោក​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន ដែល​ភាគច្រើន​ជា​ម៉ូយ​ដុំ នៅ​ស្ពាន​អ្នក​លឿន និង​រាជធានី​ភ្នំពេញ​។  ផ្តើមចេញពី​ការចិញ្ចឹម​ចង្រិត​លក្ខណៈ​គ្រួសារ ត្រឹម​ដើមទុន​៣០០​ដុល្លារ បច្ចុប្បន្ន ភក្ត្រា​បាន​ពង្រីក​វា​ឲ្យ​ក្លាយជា​កសិដ្ឋាន​តូច​ល្មម មួយ ដែលមាន​អាង​ចិញ្ចឹម​ចង្រិត ចំនួន​១៨ ដែល​អាង​នីមួយៗ មាន​ទំហំ ១.២​ម៉ែត្រ គុណ​នឹង ៤​ម៉ែត្រ​។ 
 
​បើតាម លោក  ភក្ត្រា លោក​អាច​ប្រមូល​ផល​ចង្រិត​បាន​ប្រមាណ ២៥​គីឡូក្រាម ក្នុង​មួយ​អាងៗ ឬ​ប្រមូល​ផល​បាន ចន្លោះ​ពី​២៥០ ទៅ​៣០០​គីឡូក្រាម ក្នុង​មួយ​លើកៗ​។ ចង្រិត​មួយ​គីឡូក្រាម កសិករ​រូបនេះ អាច​លក់បាន​តម្លៃ​ពី ២ ទៅ​៣​ដុល្លារ និង​អាច​ចំណេញ​បាន​ពី​ពី​៤០០ ទៅ​៥០០​ដុល្លារ នៅពេល​ប្រមូល​ផល​ម្តងៗ​។ លោក  ទូច ភក្ត្រា  បញ្ជាក់​ដូច្នេះ​។​
 
​កសិករ ដែលមាន​មាឌ​ដំបង និង​ប្រសប់​វោហារ​រូបនេះ បាន​ពន្យល់​ពី​បច្ចេកទេស​ចិញ្ចឹម​ចង្រិត​ឲ្យ​បាន​ទិន្នផល​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង​យើង​ត្រូវ​សង់រោង និង​សង់​អាង​សម្រាប់​ដាក់​ចង្រិត​។ បន្ទាប់មក យើង​ទិញ​ពង​ចង្រិត​ពី​កសិករ​ចិញ្ចឹម​ចង្រិត​ហ្នឹង​ទៅ​ដាក់​ក្នុង​អាង​ដែល​យើង​បានរៀបចំ​សម្បុក​រួចហើយ​។ មុនពេល​ចង្រិត​ញាស់​មួយថ្ងៃ​យើង​ត្រូវ​រៀបចំ​សម្បុក​វា​សិន ដោយ​សម្បុក​នោះ យើង​ធ្វើ​ពី​ប្រដាប់​ដាក់​ពងមាន់​។  ពង​ចង្រិត​ដែល​ញាស់​ហ្នឹង​ក្នុង​រយៈពេល​មួយថ្ងៃ ចង្រិត​ញាស់​អស់ហើយ​។ បន្ទាប់ពី​ញាស់ យើង​ត្រូវ​រៀបចំ​ចាន​ទឹក និង​ចាន​ចំណី គឺ​យើង​យក​ផេះ​អង្កាម​ហើយ​ដាក់​ទឹក​បញ្ចូល​ទៅ យកទៅដាក់​លើ​គំរប​ប៉ោត រួច​ដាក់​រៀប​ខាងៗ​នៃ​អាង​ហ្នឹង​ទៅ​។​បន្ទាប់មក យើង​ដាក់​ថាស​ចំណី​»​។ 


 
​កសិករ​រូបនេះ បន្តថា ចាប់ពី​អាយុ​១​ថ្ងៃ ទៅ​៥​ថ្ងៃ ឬ​១​សប្តាហ៍ ត្រូវ​ឲ្យ​ចង្រិត​ស៊ី​ចំណី​ដែលជា​ចំណី​កូន​មាន់​។ ក្រោយមក គេ​ត្រូវ​ឲ្យ​វា​ស៊ី​ស្លឹកឈើ​បន្ថែម ដូចជា ស្លឹក​ល្ហុងខ្វង ស្លឹកចេក និង​ស្លឹក​ដំឡូង​មី​ជាដើម តែ​មិនត្រូវ​ឲ្យ​ស្លឹកឈើ​សល់​នោះទេ ព្រោះ​បើ​ស្លឹកឈើ​រលួយ វា​នឹង​ប៉ះពាល់​ដល់​កូន​ចង្រិត​។ នៅពេល​កូន​ចង្រិត​មាន​អាយុ​១០​ទៅ​១២​ថ្ងៃ គេ​ត្រូវ​លាយ​ចំណី​កូន​មាន់​ជាមួយ​កន្ទក់​ម៉ត់​ឲ្យ​វា​ស៊ី​រហូតដល់​ចង្រិត​អាច​ចាប់​យកទៅ​លក់បាន​នៅក្នុង​អាយុ​៤៥​ថ្ងៃ​។ 
 
​បើតាម លោក ទូច ភក្ត្រា ការចិញ្ចឹម​ចង្រិត​ជា​ការងារ​ងាយស្រួល ព្រោះ​នៅ​កម្ពុជា​សម្បូរ​វត្ថុធាតុដើម ដូចជា កន្ទក់ ស្លឹកឈើ និង​ចំណី​របស់​វា​។ ក្រៅពីនេះ ការចិញ្ចឹម​ចង្រិត មិន​ទាមទារ​ពេលវេលា​ច្រើន​សម្រាប់​ថែទាំ​វា​នោះទេ ពោល គឺ​គ្រាន់តែ​ប្រើពេល​២​ទៅ​៣​ម៉ោង ប៉ុណ្ណោះ​នៅក្នុង​មួយថ្ងៃ​។ កសិករ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​គិតថា កសិករ​ដែល​គាត់​មិន​ចង់​ចំណាកស្រុក ការចិញ្ចឹម​ចង្រិត​ហ្នឹង វា​ល្អ​សម្រាប់​ពួកគាត់ ព្រោះ​យើង​អាចធ្វើ​ការ​ផ្សេងៗ​បាន​។ ការចិញ្ចឹម​ចង្រិត វា​មិន​ទាមទារ​ឲ្យ​យើង​ចំណាយពេល​មួយថ្ងៃ​ពេញ​ដើម្បី​ចង្រិត​ទេ​។ យើង​មាន​ពេល​កន្លះ​ថ្ងៃ ឬ​២​ទៅ​៣​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​យើង​អាច​ចិញ្ចឹម​បាន​ហើយ​។ ចំពោះ​ចង្រិត ខ្ញុំ​បង្រៀន​គាត់​ហើយ ខ្ញុំ​ទទួល​ទិញយក​វិញ ព្រោះ​បើ​បង្រៀន​កសិករ​ហើយ រក​ទីផ្សារ​ឲ្យ​គាត់​ទៀត គឺ​ល្អ​ណាស់​បច្ចុប្បន្ន​ហ្នឹង​»​។​
 
​បើតាម​អតីត​និស្សិត​កសិកម្ម​រូបនេះ លោក​មាន​គម្រោង​ពង្រីក​អាង​ចង្រិត​របស់លោក​ឲ្យ​បាន​៥០​អាង និង​បើក​បង្រៀន​កសិករ ដើម្បី​ចូលរួមចំណែក​ជួយ​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ជីវភាព​ធូរធារ និង​រួមចំណែក​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​៕        








 

© រក្សាសិទ្ធិដោយ thmeythmey.com