ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ៖ ខ្ញុំ​ប្រឹង​ហាត់​ទ្វេដង ព្រោះ​ចង់​ឈ្នះ​កីឡាករ​កម្រិត​ខ្ពស់​នា​ប្រកួត​បន្ទាប់​នៅ ONE
23, Nov 2019 , 9:39 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា អះអាងថា​ខ្លួន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​លើសពី​១០០​ភាគរយ ដើម្បី​ត្រៀម​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship សម្រាប់​ជំនួប​បន្ទាប់​។ ការប្រឹងប្រែង​បែបនេះ ដ្បិត​រតនា​ចង់បាន​ល​ទ្ធ​ផល​ល្អជា​បន្តបន្ទាប់​ទៀត ក្រោយ​ឈ្នះ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។​


 
​ចាន់ រតនា ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» បាន​រៀបរាប់ថា នេះ​ជាការ​តាំងចិត្ត​របស់ខ្លួន​ដើម្បី​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅលើ​សង្វៀន​លំដាប់​ពិភពលោក​។ រតនា គូសបញ្ជាក់​ដូច្នេះ​៖«​រាល់ថ្ងៃ​ខ្ញុំ​បាន​កាត់​ម៉ោង​បង្ហាត់​សិស្ស​នៅ​ក្លិប​របស់ខ្ញុំ​មួយចំនួន​ដើម្បី​ផ្ដោតលើ​ការហ្វឹកហាត់​ផ្ទាល់ខ្លួន​។ ការហាត់​របស់ខ្ញុំ​ត្រូវតែ​ខ្លាំង​ជាង​មុន​ឆ្ងាយ​ព្រោះ​មិនមែន​ជួប​កីឡាករ​កម្រិត​ដូច​មុន​នោះទេ​។ គ្រូបង្វឹក​របស់ខ្ញុំ​ទាំងអស់​ដូចជា​ផ្នែក​កម្លាំង បច្ចេកទេស ជឺ​ជិត​ស៊ូ ប្រដាល់សកល គុន​ខ្មែរ និង MMA បាន​បង្ហាត់​ខុសប្លែក​ពីមុន​»​។​
 
​កីឡាករ​វ័យ​៣៣ ឆ្នាំ​រូបនេះ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ខ្លួនឯង និង សម្រាប់​កម្ពុជា​នាពេល​កន្លងមក​ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE និង គ្មាន​កីឡាករ​រូប​ណា​ធ្វើ​បានទេ​ក្នុងចំណោម​កីឡាករ​គុន​ចម្រុះ​របស់​កម្ពុជា​។ ដ្បិត​មិន​ហ៊ាន​អះអាងថា​មិនទាន់​ជា​កីឡាករ​អាជីព ប៉ុន្តែ ចាន់ រតនា មាន​គ្រូបង្វឹក​បង្ហាត់​គ្រប់ផ្នែក ដែល​កីឡាករ​នៅ​កម្ពុជា​មិនទាន់​ធ្វើ​ដូច​នៅឡើយ​។ រតនា ខំ​ហ្វឹកហាត់​តាំងពី​សាច់​ហើមៗ​កាល​ឡើង​ប្រកួត​នៅ​សង្វៀន​ក្នុងស្រុក​ញឹកញាប់​រហូត​ក្លាយជា​កីឡាករ​មាន​សាច់​ណែន​ល្អ និង មានឈ្មោះ​បោះ​សំឡេង​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ហូរហែ​។​
 
​កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន ដែល​ចូល​ហាត់​ក្បាច់គុន​តាំងពី​តូច​ជាមួយ​ឳ​ពុក​បាន​បន្ថែមទៀតថា ក្រៅពី​ខំ​ហ្វឹកហាត់​ខ្លួនឯង រូបគេ​ជឿជាក់ថា ការបង្ហាត់​សិស្ស​ជាប្រចាំ​ថ្ងៃ​ក៏​ជាការ​រួមចំណែក​អភិវឌ្ឍន៍​កម្លាំង​របស់​ខ្លួន​ផងដែរ ព្រោះ​ពេល​កាន់​ស៊ី​ប ជើង និង​ស៊ី​ប​ដៃ ឲ្យ​កូនសិស្ស​វ៉ៃ និង ទាត់​សុទ្ធតែ​ប្រើ​កម្លាំង​ដែរ​។ រតនា បញ្ជាក់​ខ្លី​ថា​៖«​វា​ជា​ផលចំណេញ​ទាំងសងខាង ទាំង​កូនសិស្ស​របស់ខ្ញុំ រួមទាំង​ខ្ញុំ​ផងដែរ​»​។ 


 
​គួរ​ដឹង​ដែរ​ថា ចាន់ រតនា មាន​គ្រូបង្វឹក​ផ្ទាល់ខ្លួន​ជាច្រើន​និង​មាន​កម្មវិធី​ហ្វឹកហាត់​ផ្សេងៗ​គ្នា​ដូចជា​គ្រូបង្វឹក Lorenzo Lanzafame បង្ហាត់ បច្ចេកទេស​និង​គ្រប់គ្រង​កម្លាំង​រួមទាំង​របប​អាហារ​, គ្រូ ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិ​គុយបា បង្វឹក​ផ្នែក​ប្រដាល់សកល​, គ្រូបង្វឹក Sov បង្វឹក​ភាព​អំណត់ និង គ្រូបង្វឹក  Jeppe បង្ហាត់​ផ្នែក​ចលនា​សរសៃ​និង​ម៉ាស្សា​។ 
 
​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ លើកទឹកចិត្ត និង តែងតែ​រង់ចាំ​មើល​ការប្រកួត​របស់ខ្លួន រតនា សូម​ថ្លែងអំណរគុណ​បែបនេះ​៖«​ខ្ញុំ​អរគុណ​ដល់​បងប្អូន​អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​ដែល​គាំទ្រ និង តាមដាន​រាល់​សកម្មភាព​របស់ខ្ញុំ​ពី​ដើម​រៀងមក​។ ខ្ញុំ​ឃើញ​បងប្អូន​ផ្ញើ​សារ​មក​គាំទ្រ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​។ ខ្ញុំ​សូម​អភ័យទោស​បើសិនជា​ខ្ញុំ​មិនបាន​ឆ្លើយតប​សារ​។ ហើយ​ការប្រកួត​នាពេលខាងមុខ ខ្ញុំ​នឹង​ប្រែង​ប្រែង​ឲ្យ​ខ្លាំងក្លា​បំផុត​តាម​អាចធ្វើ​ទៅបាន​ដើម្បី​បងប្អូន​អ្នកគាំទ្រ​ទាំងអស់គ្នា​»​។​
 


 
​ចាន់ រតនា បច្ចុប្បន្ន​វ័យ​៣៣ ឆ្នាំមាន​កំណត់ត្រា​ប្រកួត​អាជីព​លើស​ង្វៀន​គុន​ចម្រុះ​បាន​ចំនួន ១០ លើក​ក្នុងនោះ​ឈ្នះ ៧ លើក និង ចាញ់ ៣ លើ​។ កំណត់ត្រា​ល្អ​ដាច់​គេ​ក្នុងចំណោម​កីឡាករ​ខ្មែរ​គឺ ឈ្នះ ៣​លើកចុងក្រោយ​នៅ​សង្វៀន​ពិភពលោក ONE បន្ទាប់ពី​វ៉ៃ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់ Abrou Fernandes  និង Rudy Agustian ឲ្យ​ចុះចាញ់ មុន​បន្ត​ឈ្នះ​ពិន្ទុ ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ចំបាប់​ព្រឹត្តិការណ៍​អូឡាំពិក​របស់​ក្រិ​ក Gustavo Balart កាល​ពាក់​កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ​។  
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com