កីឡាជាតិ
ជាតិ
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ជំនួសឧកញ៉ា រ័ត្ន សុខន
24, Nov 2019 , 1:41 pm        
រូបភាព
នាយកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា
នាយកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា
ដោយ:
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ជំនួសលោកឧកញ៉ា រ័ត្ន សុខន ដែលបានដកខ្លួន។ ការតែងតាំងនេះ ធ្វើឡើងក្រោមវត្តមានលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។



ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុឲ្យកាន់តែរីកចម្រើនសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានកំណែទម្រង់ទ្រង់ទ្រាយធំ ដោយផ្លាស់ប្តូរថ្នាក់ដឹកនាំ និងបន្ថែមសមាជិកប្រតិបត្តិមួយចំនួន។ សម្រាប់ការកែទម្រង់នេះ យើងសង្កេតឃើញវត្តមានរបស់សមាជិកប្រតិបត្តិចាស់ ដែលបានលាលែងតំណែងប្រមាណ៥ឆ្នាំមុន បានត្រឡប់មកចូលរួមសាជាថ្មី។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានបោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ជំនួសលោកឧកញ៉ា រ័ត្ន សុខន ដែលបានលាលែងពីតំណែង។ ការតែងតាំងនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការ NOCC ដោយមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាធ្វើជាសាក្សី។

តែយ៉ាងណា អង្គសន្និបាតវិសាមញ្ញមិនបានបញ្ជាក់ពីមូលហេតុនៃការលាលែងរបស់លោកឧកញ៉ា រ័ត្ន សុខន អតីតប្រធានចាស់ឡើយ គ្រាន់តែបង្ហើបថា លោកមិនមានពេលគ្រប់គ្រាន់ និងមមាញឹកជាមួយមុខជំនួញផ្ទាល់ខ្លួន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ស៊ុន សុទ្ធារិទ្ធ ដែលបានលាលែងពីតំណែងអគ្គលេខាធិការសហព័ន្ធប្រមាណ៥ឆ្នាំ បានត្រឡប់មកកាន់តំណែងនេះសាជាថ្មី។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនេះថា គឺជាការកំណែទម្រង់ថ្មីមួយ ដើម្បីឈានទៅរៀបចំយុទ្ធសាស្ត្រ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោករំពឹងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នឹងជួយឲ្យវិស័យកីឡាវាយកូនឃ្លីលើតុនៅកម្ពុជាកាន់តែមានការរីកចម្រើន និងអាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់។

ក្រោយចូលកាន់តំណែងជាប្រធានលោក គៀត ច័ន្ទថារិទ្ធ មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុ ក្នុងនោះលោកនឹងជួសជុលកែលម្អទីតាំង និងបំពាក់សម្ភារហ្វឹកហាត់ឲ្យស្របតាមស្តង់ដារអន្តរជាតិ។ លើសពីនេះ លោកនឹងបញ្ជូនកីឡាករកីឡាការិនីឲ្យទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេស ឬហៅគ្រូអន្តរជាតិមកបង្វឹកនៅកម្ពុជាជាដើម។

ប្រធានសហព័ន្ធថ្មីរូបនេះអះអាងថា លោក នឹងដឹកនាំប្រតិភូកីឡាវាយកូនឃ្លីលើតុទៅទស្សនកិច្ចទីតាំងហ្វឹកហាត់នៅប្រទេសកូរ៉េ នាពេលដ៏ខ្លីខាងមុខនេះ។ លោកចាត់ទុកដំណើរទស្សនកិច្ចតាមការអញ្ជើញរបស់ភាគីកូរ៉េនេះថា ជាឱកាសល្អសម្រាប់កម្ពជាក្នុងការស្វែងរកជំនួយពីកូរ៉េ ដើម្បីបញ្ជូនកីឡាករទៅហ្វឹកហាត់នៅទីនោះ។ ចិន ជប៉ុន ក៏ជាទិសដៅសម្រាប់កម្ពុជាក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់ផងដែរ។

ទាំងលោក ថោង ខុន និងលោក ស សុខា សុទ្ធតែបានបង្ហាញទស្សនថា មានតែការប្រកួតប៉ុណ្ណោះដែលជាវិធីសាស្ត្រដ៏ល្អក្នុងការអភិវឌ្ឍន៍វិស័យកីឡានីមួយៗឲ្យមានការរីកចម្រើន។ លោកទាំងពីរជឿជាក់ថា កីឡាករបើគ្រាន់តែហ្វឹកហាត់ហើយគ្មានការប្រកួតនោះសមត្ថភាពមិនមានការរីកចម្រើនឡើយ។ ដូច្នេះ លោក ទាមទារឲ្យប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុថ្មីត្រូវខិតខំធ្វើយ៉ាងណារៀបចំការប្រកួត ឬបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន។

សមាជិកប្រតិបត្តិរបស់សហព័ន្ធរួមាន លោក គៀត ច័ន្ទថារិទ្ធ ប្រធាន, លោក ដួង ហេង, លោក តែ សុខហុង, លោក ពុំ វិត្យា និងលោក លី សេងហុង ជាអនុប្រធាន, លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ, លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង, លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក, លោក អ៊ឹង ប៊ុនឃាង, លោក អម សុផាណា, លោក រស់ ជាតិ និងលោក ដួង វណ្ណា ជាសមាជិក៕

Tag:
 វាយកូនឃ្លីលើតុ
  គៀត ច័ន្ទថារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com