ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរអប្សរា ព្រមានរុះរើសំណង់ប្រជាពលរដ្ឋដែលសង់ខុសពីលិខិតអនុញ្ញាត បើមិនកែតម្រូវ ផ្ទះសង់ជាក់ស្ដែង ខុសពីគំរូប្លង់អនុញ្ញាត
× សៀមរាប៖ សំណង់ខុសច្បាប់កាន់តែច្រើន នៅតំបន់រមណីយដ្ឋានអង្គរ បានក្លាយជាកង្វល់របស់អាជ្ញាធរអប្សរា។ សំណង់ទាំងនោះ កើតឡើងក្រោមរូបភាពសាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការណ៍ដែលប្រជាពលរដ្ឋធ្វើបែបនេះ គឺកំពុងធ្វើឱ្យសំណង់ស្របច្បាប់ ទៅជាសំណង់ខុសច្បាប់ ដែលប្រឈមនឹងការរុះរើ ឬមានចំណាត់ការផ្លូវច្បាប់។
សូមស្ដាប់កិច្ចសម្ភាស រវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ និងលោក ឡុង កុសល ដូចតទៅ៖
អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ការរៀបចំលំនៅដ្ឋាន គឺស្របទៅតាមច្បាប់គ្រប់គ្រង និងរក្សាតម្លៃបេតិកភណ្ឌ ដែលរាល់ការសាងសង់ទាំងអស់ត្រូវសុំច្បាប់មកអាជ្ញាធរជាតិអប្សរា។ ចំពោះសំណង់តូចតាច ការសុំអនុញ្ញាតធ្វើឡើងតាមក្រុមសហគមន៍ ដូចជាការជួសជុលផ្ទះ សង់រោង និងសង់បង្គន់អនាម័យជាដើម និងទី២ ការរុះរើផ្ទះចាស់សង់ផ្ទះថ្មី។
អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ប្រជាពលរដ្ឋដែលទទួលលិខិតអនុញ្ញាតហើយនោះ មានការសាងសង់ខុសទៅនឹងទម្រង់ស្នើសុំ។ អាជ្ញាធរជាតិអប្សរាមានការព្រួយបារម្ភជាខ្លាំងទៅនឹងការប្រើប្រាស់រូបភាពបែបនេះ ហើយប្រជាពលរដ្ឋ ក៏កំពុងធ្វើឱ្យសំណង់ស្របច្បាប់ទៅជាសំណង់ខុសច្បាប់។ នេះជាការបញ្ជាក់ពីលោក ឡុង កុសល ដោយបញ្ជាក់ថា សំណង់ទាំងនោះ ប្រឈមនឹងការរុះរើ ឬមានចំណាត់ការផ្លូវច្បាប់ ប្រសិនបើបន្តសង់បន្ថែមទៀត៕
Tag:
សំណង់ខុសច្បាប់
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com