អន្តរជាតិ
ហុងកុង រៀបចំការបោះឆ្នោតលើកដំបូងក្រោយផ្ទុះបាតុកម្ម ពលរដ្ឋហុងកុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក។ រូបភាព AFP
× ពលរដ្ឋហុងកុង នៅថ្ងៃទី២៤ ខែវិច្ឆិកា បាននាំគ្នាទៅកាន់មណ្ឌលបោះឆ្នោតនានាដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុករបស់ទីក្រុងហិរញ្ញវត្ថុដែលកំពុងវឹកវរមួយនេះ។ នេះជាការបោះឆ្នោតសាធារណៈលើកដំបូងបំផុតនៅតំបន់រដ្ឋបាលពិសេសមួយនេះ ចាប់តាំងពីការផ្ទុះបាតុកម្មជាង៦ខែមកនេះ។ ស្ថានភាព ហាក់ស្ងប់ស្ងាត់ខុសពីចុងសប្ដាហ៍មុនៗដែលគេតែងឃើញបាតុករប៉ះទង្គិចជាមួយប៉ូលិសយ៉ាងហិង្សានោះ។
ប្រជាជនហុងកុងចំនួន៤,១លាននាក់ដែលមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី២៤ ខែវិច្ឆិកា បាននាំគ្នាតម្រង់ជួរនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកចំនួន៤៥២អសនៈនៃស្រុកទាំងអស់១៨ ។ បេក្ខជនដែលចូលរួមប្រជែងកៅអីក្រុមប្រឹក្សានេះមានចំនួន១០៩០នាក់។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ។
ក្រុមប្រឹក្សាស្រុក ដែលនៅជាប់ផ្ទាល់នឹងប្រជាជនហុងកុង មានតួនាទីបម្រើសេវាកម្មសម្រាប់ដោះស្រាយបញ្ហាកម្រិតសហគមន៍ដូចជាការងារដឹកជញ្ជូន និងសេវាកម្មសាធារណនានា រួមទាំងផ្នែកអនាម័យផងដែរ។ កាលពីការបោះឆ្នោតអាណត្តិមុននៅឆ្នាំ២០១៥ សមាជិកជាប់ឆ្នោតភាគច្រើន ជាអ្នកស្និទ្ធទីក្រុងប៉េកាំង។
ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលដែលទីក្រុងហុងកុងកំពុងជួបបញ្ហាញាប់ញ័រដោយសារការធ្វើបាតុកម្ម៦ខែមកនេះ។ ផ្ដើមពីការទាមទារឲ្យដកចេញសេចក្ដីស្នើច្បាប់ធ្វើបត្យាប័ន បាតុករក៏រាលដាលកាន់តែធំ និងប្រែទៅជាការតវ៉ាប្រឆាំងចិន និងការស្នើឲ្យមានការពង្រឹងសេរីភាព ក៏ដូចជាប្រជាធិបតេយ្យនៅទីក្រុងនេះឡើងវិញ។ ការបោះឆ្នោតនេះ ក៏ជាម៉ែត្រវាស់ការគាំទ្ររវាងរដ្ឋាភិបាលហុងកុង និងក្រុមប្រឆាំងផងដែរ។
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង អ្នកស្រី ការី ឡាំ ដែលបោះឆ្នោតនៅមណ្ឌលវិទ្យាល័យ Raimondi និយាយថា ពលរដ្ឋជាច្រើនសង្ឃឹមពីការបន្តភាពស្ងប់ស្ងាត់បែបនេះទៀតនៅក្រោយការបោះឆ្នោតនេះ។
ទីក្រុងហុងកុង បានធ្លាក់ចូលវិបត្តិដ៏ធំរបស់ខ្លួនតាំងពីខែមិថុនា ក្រោយរដ្ឋាភិបាលអ្នកស្រី ឡាំ ដាក់ស្នើសេចក្ដីស្នើច្បាប់បត្យាប័នដែលបើកផ្លូវឲ្យមានការបញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅទឹកដីចិន។ អ្នករិះគន់ជាច្រើន ជឿថា ប្រព័ន្ធតុលាការចិនមិនយុត្តិធម៌ឡើយ ហើយសេចក្ដីស្នើនេះ នឹងបើកដៃឲ្យមានការបញ្ជូនអ្នកប្រឆាំងចិនទៅកាន់ដីគោកទៀត។ ទោះសេចក្ដីស្នើច្បាប់នេះ ត្រូវបានដកចេញផ្លូវការក្ដី ការតវ៉ានៅតែបន្តធ្វើដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com