ជាតិ
១០ខែ មានអ្នកស្លាប់ជាង១៦០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
× ភ្នំពេញ៖ គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើង៣,៤០០លើក ដែលបណ្តាលឲ្យមានអ្នកស្លាប់១,៦៦៥នាក់។ ចំនួនអ្នកស្លាប់នេះ កើនឡើង១០ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នា កាលឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ដែលសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានលើកឡើង ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ។
សម្តេច ស ខេង បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសខាងលើ រាជធានី-ខេត្ត ដែលកើតឡើងច្រើនជាងគេ គឺភ្នំពេញ មានអ្នកស្លាប់២៧៤នាក់ ខេត្តព្រះសីហនុ មានអ្នកស្លាប់១២៨នាក់ ខេត្តកណ្តាល មានអ្នកស្លាប់១២៦នាក់ និង ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់២១២៥នាក់។
បើតាមសម្តេចរដ្ឋមន្ត្រី រយៈពេល១០ខែនេះ អ្នករបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ មាន៥,២១២នាក់ ដែលកើនឡើងជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៨។
រដ្ឋមន្ត្រីមហាផ្ទៃ បានឲ្យដឹងថា ក្រៅពីការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរក្នុងស្ថានភាពស្រវឹង និងការកើនឡើងរថយន្ត គឺជាកត្តាធ្វើឱ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍នេះ។ សម្តេចអះអាងថា ក្នុងឆ្នាំ២០១៩ ចំនួនរថយន្តនៅកម្ពុជា កើនឡើង៣០ភាគរយ៕
Tag:
គ្រោះថ្នាក់
រថយន្ត
ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com