បាត់ដំបង៖ កសិករខ្លះក្នុងខេត្តបាត់ដំបងបានដាំស្មៅ មុននឹងដាំដំណាំផ្សេងៗ ដូចជាពោតក្រហម ឬដាំឡូងមីជាដើម។ បើតាមកសិករទាំងនោះ ការដាំស្មៅមុននឹងដាំដំណាំផ្សេងៗ គឺដើម្បីធ្វើគម្របដីឲ្យមានសំណើម កាត់បន្ថយសំណឹកដី បន្ថយការហូរច្រោះសារធាតុចិញ្ចឹមរបស់ដី។ ហើយគម្របដីដែលល្អបែបនេះ បានធ្វើឲ្យដំណាំទាំងនោះផ្ដល់ទិន្នផលខ្ពស់ និងគុណភាពល្អ។ លើសពីនេះទៅទៀត ការដាំស្មៅនេះ គឺអាចការពារដីកុំឱ្យរងកម្តៅពីផែនដីខ្លាំងពេក ដែលធ្វើឲ្យដំណាំនៅលើដីនោះអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ស្មៅចង្ក្រង់ស្វា(Juncea)លើផ្ទៃដី៤ហិកតា របស់លោក ច្រឹង គី នៅក្នុងភូមិ រស្មីសង្ហា ឃុំរស្មីសង្សារ ស្រុករតនមណ្ឌល ចាត់ដំបង។ រូបថត៖ លោក ប៉ាន់ បូនី។
លោក ច្រឹង គី ជាកសិករមួយរូបដែលបានដាំស្មៅ(ស្មៅចង្ក្រង់ស្វា) សម្រាប់ធ្វើជាគម្របដី មុននឹងដាំពោតក្រហម និងដំឡូងមី អស់រយៈពេល៧ឆ្នាំមកហើយ នៅក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កសិកររូបនេះបាននិយាយថា ពោត និងដំឡូងរបស់លោក ដែលបានដាំនៅលើគម្របដីបែបនេះ បានផ្ដល់ទិន្នផលកើនឡើងទ្វេដង។ កសិកររូបនេះ បានអះអាងថា ការដាំស្មៅនេះបានផ្តល់នូវសារធាតុចិញ្ចឹមនិងផ្តល់សំណើមជាច្រើនដល់ដី សម្រាប់ឱ្យដំណាំចាប់យកការលូតលាស់ល្អតាមរដូវកាល ទោះបីជាកម្តៅផែនដីកាន់តែក្តៅខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ពិសេសកាត់បន្ថយការចំណាយទៅលើការរៀបចំដី បានពាក់កណ្តាលផងដែរ។
លោក ច្រឹង គី កំពុងស្ថិតនៅក្នុងចម្ការ ពោតនិងដំឡូងមី។ រូបថត៖ លោក ប៉ាន់ បូនី។
«ពោតនិងដំឡូងមី ដែលខ្ញុំដាំនៅលើដីដែលមានដាំស្មៅចង្ក្រង់ស្វាសម្រាប់ក្រាលនៅលើដីនោះ ខ្ញុំអាចទទួលបានទិន្នផលពោត និងដំឡូងមី បានពី៦ទៅ៨តោន ក្នុងដីមួយហិកតា។ បរិមាណនៃទិន្នផលនេះ បើខ្ញុំប្រៀបធៀបជាមួយដីក្នុងទំហំមួយហិកតាដូចគ្នា ដែលមិនបានដាំស្មៅជាធ្វើគម្របដីនេះ ខ្ញុំអាចទទួលបានទិន្នផលពោតឬដំឡូង បានត្រឹម៣តោន ទៅ៣តោនកន្លះប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក ច្រឹង គី ដោយទឹកមុខញញឹម ក្រោមកម្តៅថ្ងៃនាម៉ោង២រសៀល។
ចម្ការដំឡូងមី របស់លោកច្រឹង គី។ រូបថត៖ លោក ប៉ាន់ បូនី។
បើតាមបទពិសោធន៍ជិត៧ឆ្នាំនៃការដាំស្មៅជាធ្វើគម្របដីរបស់កសិកររូបនេះ ស្មៅចង្ក្រង់ស្វាមានអាយុកាលលូតលាស់ដល់២ខែកន្លះ ដែលអាចដាំបានគ្រប់រដូវកាល ងាយស្រួលដាំ និងមិនចាំបាច់ថែទាំច្រើននោះទេ ដោយអាចដាំបាន២ដងក្នុងមួយឆ្នាំ ឬលើសពីនេះ។ ចំពោះកសិករវ័យ៥៣ឆ្នាំរូបនេះ គឺលោកដាំស្មៅធ្វើគម្របដី២ដងក្នុងមួយឆ្នាំលើផ្ទៃដីដាំដុះរបស់ខ្លួន។ លោកដាំស្មៅនៅដើមខែកុម្ភៈសម្រាប់ធ្វើគម្របដីដាំដំឡូងមី និងដាំខែមិថុនា ឬ ខែកក្កដា សម្រាប់ធ្វើគម្របដីដាំពោត។ ជាធម្មតា នៅពេលដែលស្មៅនោះ ជិតដល់អាយុកាត់ លោក ច្រឹង គី បានបាចគ្រាប់ពោតជាជួរ នៅក្នុងចម្ការស្មៅនោះឲ្យហើយ ទើប ជួលម៉ាស៊ីនរបស់គេឲ្យកាត់ឬចិញ្ច្រាំស្មៅនេះឱ្យរៀបដល់ដីតែម្តង។ ដោយឡែក ការដាំដំឡូង វិញ គាត់ជួលម៉ាស៊ីនគេកាត់ចិញ្ច្រាំស្មៅនិងភ្ជួររាស់ដីជាមួយស្មៅនោះសិន បានចាប់ផ្ដើមដាំដំឡូងមី។
ម៉ាស៊ីន កាត់និងចិញ្ច្រាំស្មៅគម្របដី។ រូបថត៖ លោក ប៉ាន់ បូនី។
រីឯអ្នកស្រី សុខ នេន ដែលមានចម្ការនៅឃ្លាតឆ្ងាយពីចម្ការរបស់លោក ច្រឹង គី ប្រហែល២គីឡូម៉ែត្រ ក៏បានដាំស្មៅចង្ក្រង់ស្វា មុននឹងដាំពោត និងដំឡូងមី ផងដែរ។ ចម្ការពោតក្រហម១២ហិកតា និងដំឡូងមី៤ហិកតារបស់អ្នកស្រី គឺសុទ្ធតែត្រូវបានឆ្លងកាត់ការដាំស្មៅចង្ក្រង់ស្វាជាប្រចាំអស់់រយៈពេលជិត៧ឆ្នាំមកហើយ។
អ្នកស្រី សុខ នេន កំពុងឈរសើចក្នុងចម្ការពោតក្រហមដែលជិតនឹងប្រផល។ រូបថត៖ លោក ប៉ាន់ បូនី។
កំពុងដើរចេញពីចម្ការពោត ទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីធ្វើដំណើរត្រលប់ទៅផ្ទះវិញ កសិករវ័យ៦២ឆ្នាំរូបនេះ បាននិយាយថា ការដាំស្មៅចង្ក្រង់ស្វាធ្វើជាគម្របដីនេះ ក្រៅពីធ្វើឱ្យអ្នកស្រីទទួលបានទិន្នផលដំណាំ ពី៦ទៅ៧តោនក្នុងមួយហិកតាហើយ ថែមទាំងជួយកាត់បន្ថយថ្លៃចំណាយលើការទិញជីគីមីសម្រាប់ប្រើលើដំណាំដំឡូង និងពោតផងដែរ។
កសិករវ័យចំណាស់រូបនេះ បាននិយាយទាំងទឹកមុខសប្បាយររីករាយនៅមុខចម្ការពោតរបស់ខ្លួនដូច្នេះ ៖«ដាំស្មៅចង្ក្រង់ស្វាធ្វើគម្របដីនេះ ដ្បិតថាចំណាយពេលជាង២ខែក៏ពិតមែន ប៉ុន្តែ ការចំណាយពេល ដាំស្មៅនេះ គឺដើម្បីរក្សាដីរបស់យើងឱ្យមានជីវជាតិ និងបង្កើនទិន្នផលដំណាំរបស់យើងជាប្រចាំ»។
បើតាមលោក ស វ៉េង ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្មៅចង្ក្រង់ស្វា (ភាសាអង់គ្លេសហៅថាJuncea) កសិករទាំងពីររូបខាងលើកំពុងអនុវត្តដាំនេះ គឺជាផ្នែកមួយនៃអនុវត្តកសិកម្មអភិរក្ស ក្នុងវិស័យកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ។ ក្រៅពីបច្ចេកទេសដាំស្មៅធ្វើជាគម្របដី គឺនៅមានបច្ចេកទេសដាំដំណាំដោយមិនភ្ជួររាស់ដី និងការដាំដំណាំឆ្លាស់គ្នា ឬពិពិធកម្មមុខដំណាំផងដែរ។
សម្រាប់បច្ចេកទេសនៃការដាំស្មៅធ្វើគម្របដីនេះ ក្រៅពីចង្ក្រង់ស្វា ក៏នៅមានស្មៅSorghum, Stylo, Jute, Sesbania, Pearl Millet ជាដើម។ នេះបើតាមលោក ស វ៉េង ។ លោកបន្ថែមថា ក្រៅពីស្មៅ កសិករក៏អាចប្រើដំណាំពោត សណ្តែក និងល្ង ធ្វើជាដំណាំគម្របដីបានផងដែរ ដោយកសិករត្រូវដាំដុះដំណាំទាំងនោះ មុននឹងដាំដំណាំគោលដែលត្រូវនឹងរដូវកាលដាំដុះ។ មន្ត្រីបច្ចេកទេសរូបនេះបានលើកឡើងថា ស្មៅដែលដាំសម្រាប់ធ្វើដំណាំគម្របដីនេះ អាចឱ្យប្រជាកសិករបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ ព្រោះដំណាំគម្របដីទាំងនោះ ក្រៅពីជួយកាត់បន្ថយការរំហួតទឹកនៅក្នុងដី និងថែរក្សាដីឲ្យមានសំណើមក្នុងពេលជួបគ្រោះរាំងស្ងួតហើយនោះ ថែមទាំងជួយទប់ស្កាត់ការហូរច្រោះសារធាតុចិញ្ចឹមរបស់ដី នៅពេលជួបគ្រោះទឹកជំនន់ និងកាត់បន្ថយសំណឹកដី កម្ចាត់ស្មៅចង្រៃ ព្រមទាំងជួយកែប្រែដីឱ្យមានគុណភាពឡើងវិញ។
ស្ថិតនៅក្នុងកសិដ្ឋានពិសោធន៍ដំណាំគម្របដីលើផ្ទៃដី២ហិកតា របស់មជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានទៅដោយស្មៅគម្របដី ដូចជាស្មៅ Pearl Millet, Juncea រួមគា្នមួយនឹងដំណាំដំឡូង និងពោត លោក ស វ៉េង បានអះអាងដូច្នេះ៖«បច្ចុប្បន្ន ក្រៅពីស្មៅចង្រ្កង់ស្វា មជ្ឈមមណ្ឌលយើងកំពុងសាកល្បងដាំស្មៅគម្របដីជាច្រើនប្រភេទទៀត ដើម្បីឱ្យត្រូវនឹងសណ្ឋានដីរបស់ប្រជាកសិករយើងនៅតាមតំបន់នីមួយៗ និងដំណាំផ្សេងៗ ក្រៅពីដំឡូវមី និង ពោតនេះ។ ជាក់ស្តែងដូចជាMillet ដែលយើងកំពុងដាំនៅកន្លែងពិសោធន៍នេះ គឺជាប្រភេទស្មៅគម្របដី ដែលស្រូបយកអាសូតឬសារធាតុចិញ្ចឹមខ្ពស់ជាងស្មៅចង្ក្រង់ស្វា ដូច្នេះដំណាំបន្ទាប់យើងមិនអាចដាំពោតបានទេ ព្រោះពោតក៏ត្រូវស្រូបយកអាសូតខ្ពស់ពីដីដើម្បីលូតលាស់ឱ្យល្អផងដែរ។ ប៉ុន្តែបើយើងដាំស្មៅគម្របដីប្រភេទនេះ ដំណាំបន្ទាប់យើងអាចដាំសណ្តែកសៀងបាន ព្រោះពពួកសណ្តែកនេះ ដែលស្រូបយកអាសូតតិចពីដី»។
លោក ស វ៉េង ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលកសិកម្មអភិរក្ស កំពុងធ្វើបទបង្ហាញ ពីការអនុវត្តកសិកម្មអភិរក្ស ក្នុងស្រុករតនមណ្ឌល កំពុងឈរបង្ហាញពីអត្ថប្រយោជន៍នៃដំណាំគម្របដីនៅមុខចម្ការស្មៅ Pearl Millet។ រូបថត៖ លោក ប៉ាន់ បូនី។
អ្នកជំនាញខាងកសិកម្មអភិរក្សរូបនេះ បានបញ្ជាក់ទៀតថា៖«រាល់ការដាំស្មៅគម្របដីទាំងអស់ យើងត្រូវគិតពីដំណាំចុងក្រោយរបស់យើងដែលត្រូវដាំសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ថាតើជាដំណាំប្រភេទអ្វី?...ទើបយើងត្រូវជ្រើសរើសស្មៅគម្របដីមកដាំ បន្ទាប់មកយើងដាំនូវដំណាំអ្វីដែលយើងចង់បាននោះ»។
បើតាមលោក ស វ៉េង បច្ចុប្បន្ន ខេត្តបាត់ដំបងមានស្រុកពីរ ដែលបានអនុវត្តកសិកម្មអភិរក្សនេះ ក្នុងនោះមានស្រុករតនមណ្ឌល ដែលមានកសិករជាង៧០គ្រួសារ កំពុងអនុវត្តលើផ្ទៃដី៣៤០ហិកតា និងនៅស្រុកបាណន់ ដែលមានកសិករ៤៨គ្រួសារ កំពុងអនុវត្តលើផ្ទៃដីជិត១៣០ហិកតា។
ស្មៅ Pearl Millet ជាប្រភេទស្មៅចំណីសត្វ។ ការដាំដុះ លូតលាស់លឿន, ទិន្នផល ខ្ពស់ សមស្រប ទៅនឹងលក្ខណៈសណ្ឋានដី អាកាសធាតុនៅកម្ពុជា និង សម្បូរទៅដោយ សារធាតុចិញ្ចឹម ផងដែរ។ ស្មៅប្រភេទនេះ អាចជួយគ្រប់គ្រងបរិស្ថានបានល្អ ពិសេសការពារនឹងការកើនឡើងកម្តៅផែនដី ( ជា គម្របដីការពារដីហូរច្រោះបង្កើនជីវជាតិដី និង បំផ្លាញស្មៅចង្រៃ)។ រូបថត៖ លោក ប៉ាន់ បូនី។
ថ្វីដ្បិតការអនុវត្តកសិកម្មអភិរក្សនេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ពិតមែន ប៉ុន្តែអស់រយៈពេលជិត១០ឆ្នាំកន្លងមក ចំនួនកសិករក្នុងស្រុករតនមណ្ឌលដែលអនុវត្តកសិកម្មអភិរក្សនេះ នៅមានត្រឹម២០ភាគរយប៉ុណ្ណោះ។ រីឯកសិករ៨០ភាគរយទៀត នៅតែបន្តការដាំដំណាំបែបទម្លាប់ដដែលៗ និងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បន្ទាប់ពីដីរបស់កសិករទាំងនោះខូចគុណភាព ហើយផ្តល់ទិន្នផលដំណាំកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាការសង្កេតឃើញរបស់លោក នន សុផល មន្ត្រីបច្ចេកទេសកសិកម្ម ក្នុងស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។
គ្រាប់ពូជដំណាំគម្របដី។ រូបថត៖ លោក ប៉ាន់ បូនី។
បើតាមលោក សុផល ការខ្វះខាតសម្ភារប្រើប្រាស់ក្នុងការអនុវត្តកសិកម្មអភិរក្សនេះ គឺមិនមែនជាបញ្ហាចម្បងរបស់ប្រជាកសិករក្នុងការអនុវត្តកសិកម្មអភិរក្សនេះឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺមកពីកសិករនោះផ្ទាល់ មិនយល់ពីអ្វីដែលជាផលប៉ះពាល់អាក្រក់ពីការប្រែប្រួលអាកាសធាតុ និងមិនព្រមចូលរួមធ្វើកសិកម្មអភិរក្សនេះតែម្តង។ អ្នកបច្ចេកទេសកសិកម្មរូបនេះ បានបន្តរៀបរាប់ទាំងទឹកមុខស្ងួត និងមិនសូវសប្បាយចិត្តថា៖«កន្លងមកយើងតែងតែ ចុះបង្រៀនដល់កសិករជាប្រចាំមួយព្រឹកឬក៏មួយថ្ងៃ អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំ និងអំពីអត្ថប្រយោជន៍នៃការដាំដំណាំតាមបច្ចទេសថ្មីនេះ ប៉ុន្តែនៅតែពួកគាត់មិនធ្វើតាមហើយ ព្រមទាំងទទួលសម្តីពីកសិករមកវិញ ថា គ្មានថវិកានិងគ្មានពេលវេលា»។
លោក នន សុផល មន្ត្រីបច្ចេកទេសកសិកម្ម ស្រុករតនមណ្ឌល កំពុងស្ថិតនៅក្នុងកសិដ្ឋានពោសោធន៍ ដំណាំគម្របដី។ រូបថត៖ លោក ប៉ាន់ បូនី។
បច្ចុប្បន្ន ទោះជាមិនមានកសិករច្រើនចូលរួមក្នុងការអនុវត្តកសិកម្មអភិរក្សនេះក៏ពិតមែន ប៉ុន្តែក្រុមការងារលោក នន សុផល នៅតែបន្តសកម្មភាពចុះបង្រៀន និងបង្ហាញការអនុវត្តកសិកម្មអភិរក្សនេះដោយផ្ទាល់ដល់កសិករ ព្រមទាំងរកទីផ្សារសម្រាប់ផលិតផលដំណាំទាំងនោះ ដល់កសិករផងដែរ។ លោកបានជឿជាក់ថា កាលណាមានទីផ្សារស្រាប់សម្រាប់ដំណាំកសិកម្មទាំងនោះ នោះវាគឺជាផ្នែកដ៏មួយយ៉ាងសំខាន់ ក្នុងការជំរុញឱ្យកសិករអនុវត្តកសិកម្មអភិរក្ស ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារ៕