អន្តរជាតិ
ហុងកុង​៖ ក្រុម​ប្រជាធិបតេយ្យ ផ្ដួល​ក្រុម​ប៉េកាំង​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ស្រុក​
25, Nov 2019 , 10:58 am        
រូបភាព
អ្នកគាំទ្រអបអរក្រោយលទ្ធផលបង្ហាញថា បេក្ខជនប្រជាធិបតេយ្យទទួលបានសំឡេងច្រើនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកនៅហុងកុង។ រូបភាព AFP
អ្នកគាំទ្រអបអរក្រោយលទ្ធផលបង្ហាញថា បេក្ខជនប្រជាធិបតេយ្យទទួលបានសំឡេងច្រើនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកនៅហុងកុង។ រូបភាព AFP
​នៅ​ហុងកុង​បេក្ខជន​មាន​និន្នាការ​រក​ប្រជាធិបតេយ្យ បានទទួល​សំឡេង​ច្រើន​លើសលុប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ស្រុក ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ជ័យជម្នះ​នេះ ជា​សារ​ដ៏​ម៉ឺងម៉ាត់​មួយ​ទៅកាន់​រដ្ឋាភិបាល​ប្រធាន​ប្រតិបត្តិ ការី ឡាំ និង​អ្នកនយោបាយ​គាំទ្រ​ទីក្រុង​ប៉េកាំង​។ អ្នកនយោបាយ​ប្រជាធិបតេយ្យ​ខ្លះទៀត យល់ថា លទ្ធផល​នេះ ជាការ​គាំទ្រ​ចលនា​បាតុកម្ម​ដែល​អុកឡុក​ទីក្រុង​ហិរញ្ញវត្ថុ​អស់​៦​ខែ​មកនេះ​។​

 
​ជា​លើកដំបូង បេក្ខជន​គាំទ្រ​ប្រជាធិបតេយ្យ បានឈ្នះ​អាសនៈ​ច្រើន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ក្នុងការ​បោះឆ្នោត​ជា​លើកដំបូង​ក្រោយ​ការផ្ទុះ​បាតុកម្ម​តាំងពី​ខែមិថុនា​មក បេក្ខជន​ប្រជាធិបតេយ្យ ទទួលបាន​កៅអី​ច្រើនជាង​ពាក់កណ្ដាល​ក្នុងចំណោម​កៅអី​ប្រឹក្សា​ស្រុក​សរុប​៤៥២ ទល់នឹង​បេក្ខជន​ដែល​សម្បូរ​ធនធាន និង​មាន​និន្នាការ​គាំទ្រ​ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន និង​រដ្ឋាភិបាល​មជ្ឈិម​។ 
 
​ជាមួយនឹង​ជោគជ័យ​នេះ ក្រុម​ប្រជាធិបតេយ្យ នឹង​ខិតជិត​ពលរដ្ឋ​ហុងកុង​កាន់តែខ្លាំង​។ ក្រុមប្រឹក្សា​ស្រុក មាន​សិទ្ធិអំណាច​គ្រប់គ្រង​លើ​ការចំណាយ​មួយចំនួន​របស់​ខណ្ឌ​នានា​របស់​ហុងកុង ហើយ​សម្រេចចិត្ត​លើ​គោលនយោបាយ​សំខាន់​ដែល​នៅជាប់​ប្រជាជន​។ អ្វី​កាន់តែ​សំខាន់ ក្រុមប្រឹក្សា​ស្រុក ក៏​ជា​ស្ថាប័ន​មូលដ្ឋាន​ដែល​អាច​បញ្ជ្រាប​គំនិត​នយោបាយ​ដោយផ្ទាល់​ផងដែរ​។ 
 
​បេក្ខជន​ដែល​ឈ្នះឆ្នោត​ខ្លះ បាន​ប្រដូច​លទ្ធផល​នេះ​ទៅនឹង​ការគាំទ្រ​ក្រុម​តវ៉ា​ដូច្នោះ​ដែរ ហើយ​អាច​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​អ្នកស្រី ការី ឡាំ ក្នុង​កាលៈទេសៈ​ដែល​ហុងកុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បែបនេះ​។ លោក Tommy Cheung អតីត​មេដឹកនាំ​បាតុកម្ម​និស្សិត​ដែល​ឈ្នះ​កៅអី​ក្រុមប្រឹក្សា​នៅ​ស្រុក Yuen Long ក្បែរ​ព្រំដែន​ជាមួយ​ចិន និយាយថា នេះ​ជា​កម្លាំង​ប្រជាធិបតេយ្យ និង​ជា​រលក​ស៊ូណាមិ​ប្រជាធិបតេយ្យ​។​
 
​បើតាម​កាសែត South China Morning Post គិត​ត្រឹម​ម៉ោង​៩​ព្រឹក (​ម៉ោង​ហុងកុង​) បេក្ខជន​ប្រជាធិបតេយ្យ បានឈ្នះ​នៅ​ខណ្ឌ​ចំនួន​១៧​ក្នុងចំណោម​ខណ្ឌ​ទាំង​១៨ ដោយ​ទទួលបាន​កៅអី​ច្រើនជាង​២៧៨ ។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៥ ក្រុមគាំទ្រ​រដ្ឋាភិបាល បាន​គ្រប់គ្រង​ខណ្ឌ​ទាំងអស់​ជាមួយ​សំឡេង​លើសលុប​។ ចំណែក​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ក៏មាន​ចំនួន​ច្រើន​ផងដែរ ពោលគឺ​មាន​៧១,២​ភាគរយ​នៃ​អ្នក​មានឈ្មោះ​បោះឆ្នោត​ជាង​បួន​លាន​នាក់​។​
 
​សម្រាប់​ក្រុម​ប្រជាធិបតេយ្យ ឬ​ក្រុមប្រឆាំង​ប៉េកាំង ជ័យជម្នះ​នេះ ពិតជា​សំខាន់​ព្រោះ​ពួកគេ​អាច​ទទួល​សំឡេង​បាន​ច្រើន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​នេះ​។ គន់គូរ​តាម​សំឡេង​ក្នុង​ក្រុមប្រឹក្សា​ស្រុក​ដែល​ពួកគេ​គ្រប់គ្រង​ស្ទើរ​ទាំងអស់ ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​អាច​ទទួលបាន​កៅអី​ចំនួន​១២០​ក្នុងការ​គណៈកម្មាធិកា​របោះ​ឆ្នោត ដែលជា​ស្ថាប័ន​ជ្រើសរើស​ប្រមុខ​ទីក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​៕

Tag:
 ហុងកុង​
  ចិន​
  ការី ឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com